អតិថិជន ដែលបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន GOLDFX នាំគ្នាមកតវ៉ាទាមទារ ឲ្យម្ចាស់ក្រុមហ៊ុនចេញមុខដោះស្រាយ
ភ្នំពេញ ៖ ពលរដ្ឋជាអតិថិជនដែលបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន GOLDFX INVESTMENT Co., LTD ប្រមាណជា១០០នាក់ បាននាំគ្នាមកតវ៉ាទាមទារឲ្យម្ចាស់ក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហា និង បានចោទក្រុមហ៊ុនថា បានបោកប្រាក់អតិថិជន។
អតិថិជនមកតវ៉ា កាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១នៅទីស្នាក់ការក្រុមហ៊ុន GOLDFX INVESTMENT Co., LTD ក្រោយដាក់លុយវិនិយោគទុនជាមួយក្រុមហ៊ុន GFX Investment តែឥឡូវបាត់លុយអស់ពីកុង តែក្រុមហ៊ុនមិនទាន់មានដំណោះស្រាយ ប៉ុន្តែទោះយ៉ាងណា តំណាងក្រុមហ៊ុន ពុំបានចេញមកជួបចរចាជាមួយអតិថិជនរបស់ខ្លួននោះទេ គឺនៅពួនសម្ងំក្នុងក្រុមហ៊ុនតែម្តង បើទោះបីជាអតិថិជនស្រែកតវ៉ាទាមទារយ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋដែលវិនិយោគលុយជាមួយក្រុមហ៊ុន GoldFX Investment តាមប្រព័ន្ធជួញដូរហិរញ្ញវត្ថុ Forex បានចេញមុខតវ៉ាទាមទារឱ្យក្រុមហ៊ុនទទួលខុសត្រូវផ្តល់ដំណោះស្រាយសំណងសមរម្យមួយចំពោះបញ្ហាបាត់លុយពីគណនីរបស់ពួកគេ។
សូមបញ្ជាក់ថា ក្នុងលិខិតផ្ញើជូននិយតករមូលបត្រកម្ពុជា ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនលើកឡើងថា ខ្លួនបានស្រាវជ្រាវឃើញគណៈគ្រប់គ្រងមួយចំនួន បានកិបកេងប្រវ័ញ្ចលុយរបស់អតិថិជន និងរបស់ក្រុមហ៊ុនជាច្រើន ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវព្យួរប្រតិបត្តិការជួញដូរជាបណ្តោះអាសន្ន។ ហើយបើយោងតាមឯកសារមួយដែលក្រុមហ៊ុន Gold FX Investment Co.,Ltd បានស្នើរទៅកាន់អគ្គនាយកនីយ័តករមូលបត្រកម្ពុជា ដោយបានបញ្ជាក់ថា ដោយសារមានការសង្ស័យទៅលើប្រតិបត្តិការ និងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន ខាងក្រុមហ៊ុនបានចាប់ផ្តើមត្រួតពិនិត្យឯកសារឡើងវិញ និងបានធ្វើសវនកម្មក្នុងក្រុមហ៊ុន ទើបដឹងច្បាស់ថា គណៈគ្រប់គ្រង់មួយចំនួននៅក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន និងប្រាក់របស់អតិថិជនយ៉ាងច្រើន ដែលក្រុមហ៊ុនកំពុងចាត់ការដោះស្រាយតាមយុត្តាធិការ។ ក្នុងអំឡុងពេលដោះស្រាយេះ ដើម្បីរក្សា និងកម្រិតផលប៉ះពាល់ដល់អតិថិជន ក្រុមហ៊ុនបានសម្រេចផ្អាកប្រតិបត្តិការចាប់ពិថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះតទៅរហូតដល់មានការសម្រេចថ្មី។
ចំណែកនិយតករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៣០ ខែមីនា ស្នើឱ្យអ្នកវិនិយោគនៅក្រុមហ៊ុន GoldFX ដែលបានផ្ញើសារចូលទំព័រហ្វេសប៊ុករបស់ខ្លួន និងអ្នកដែលមានបំណងប្តឹង ឱ្យបំពេញពាក្យបណ្ដឹងដាក់មកនិយតករមូលបត្រកម្ពុជា។
ពលរដ្ឋម្នាក់ដែលមកតវ៉ាជាលើកដំបូង បានប្រាប់អ្នកសារព័ត៌មានថា គាត់បានដាក់លុយវិនិយោគ៣០០០ដុល្លារ នៅអំឡុងខែឧសភា ឆ្នាំ២០១៩ និងអាចចំណេញបានពី៥០ទៅ៦០ដុល្លារក្នុងមួយខែ ប៉ុន្តែប៉ុន្មានខែមុននេះស្រាប់តែបាត់លុយអស់ពីគណនី។ លោកបានចាប់ផ្តើមវិនិយោគ ជាមួយក្រុមហ៊ុននេះ ហើយក៏ទទួលបានប្រាក់ចំណេញបន្តិចម្តងៗ។ ការសម្រេចចិត្តវិនិយោគនេះគឺដោយសារតែការយល់ឃើញថា ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងស្ថិតក្រោមការគ្រប់គ្រងដោយលោកកូនអ្នកធំមួយចំនួន ទើបលោកមានជំនឿយ៉ាងមុតមាំនិងទំនុកចិត្តខ្លាំង ប៉ុន្តែបែរជាមានរឿងបែបនេះកើតឡើង។
លោកបន្តថា បន្ទាប់មានការចោទថាក្រុមហ៊ុនបានបោកប្រាក់អតិថិជន អស់ចំនួនរាប់លានដុល្លារ ភ្លាមៗនោះក្រុមហ៊ុនមិនមានដំណោះស្រាយជូនអតិថិជនទេ ផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុន កំពុងព្យាយាមរកលេសបិទក្រុមហ៊ុន ដើម្បីយករួចខ្លួន និង មិនសងលុយទាំងនោះមកវិញ ហើយថែមទាំងឲ្យអតិថិជនចូលរួមដាក់ពាក្យប្តឹងជាមួយក្រុមហ៊ុន ដោយក្រុមហ៊ុនថាខ្លួនក៏ជាជនរងគ្រោះដែរ ដូច្នេះសូមឲ្យអតិថិជនចូលរួមប្តឹងបុគ្គលដែលលួចយកលុយពីក្រុមហ៊ុន តែយ៉ាងអតិថិជនរូបនោះ មិនបានចូលរួមប្តឹងជាមួយក្រុមហ៊ុននោះទេ ព្រោះបើក្រុមហ៊ុនជាជនរងគ្រោះដែរតើឲ្យអតិថិជនទៅយកលុយពីអ្នកណា?
បុរសរូបនោះ បានបញ្ជាក់ថា តើក្រុមហ៊ុនប្រគល់ឲ្យអតិថិជននៅពេលណា ហើយបានចំនួនប៉ុន្មាននៃប្រាក់ដាក់វិនិយោគជាមួយក្រុមហ៊ុន?
សូមបញ្ជាក់ថា មានប្រជាជនមួយចំនួនបានកើតទុក្ខមិនសុខចិត្ត ព្រោះតែខ្លួនបានខាតបង់លុយកាក់ច្រើន ទៅលើការវិនិយោគជាមួយក្រុមហ៊ុន GFX Investment តាមរយៈការ Trading ដែលសរុបរួមទាំងអស់គ្នាប្រហែលជាង ២០លានដុល្លារ ។
យ៉ាងណាក៏ដោយ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ “ជី ស៊ូអុីម៉េង” ក៏បានចេញមុខមកសុំជំនួយពីសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយដោះស្រាយទៅលើករណីខាងលើនេះផង ដោយលើកឡើងថា ខ្លួន ព្រមទាំងជនរងគ្រោះដទៃទៀត បានខាតបង់លុយកាក់សរុបប្រហែល ២០លានដុល្លារ ជាមួយក្រុមហ៊ុន GFX Investment ដែលមានប្រធានក្រុមហ៊ុន គឺលោកស្រី កែ ស៊ុនសុភី ពេលនេះពួកយើងខ្ញុំបានព្យាយាមរកមេធាវីហើយ ប៉ុន្តែពួកគាត់ហាក់មិនហានលូកដៃក្នុងការដោះស្រាយនោះឡើយ ហើយរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណោញស្រាយណាមួួយទេ ថែមទាំងពេលនេះក្រុមហ៊ុនកំពុងចង់រកលេសបិទក្រុមហ៊ុន ដើម្បីយករួចខ្លួនទៀត ៕