សម្តេចតេជោ ហ៊ុន សែនផ្តល់ទស្សនទានចំនួន៦ចំណុច ទៅកាន់កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង
ភ្នំពេញ ៖ ផ្សាយផ្ទាល់ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ( P4G ) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្ន ពីជំងឺឆ្លងកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀតផងដែរ ត្រូវបានផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះ ជាងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុនេះ។
ក្រៅតែពីបង្ហាញនូវក្តីបារម្ភ និងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ភាពបៃតង ដែលជាវិធានការដ៏ចាំបាច់មួយ ក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកទស្សនទានចំនួន ៦ចំណុច ដើម្បីការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ទស្សនទានចំនួន៦ចំណុច ទៅកាន់កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ហៅកាត់ថា P4G ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ភាពបៃតងពិភពលោកឡើងវិញ។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហានាំឱ្យមានបម្រែបម្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀតផងដែរ បានបង្ហាញនូវក្តីបារម្ភ និងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់ភាពបៃតង ដែលជាវិធានការដ៏ចាំបាច់មួយក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ដើម្បីការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានទាមទារឱ្យមានការអនុវត្តលើការងារសំខាន់ចំនួន៦រួមមាន៖
១) បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខណ្ឌ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុ។
២) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យកសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular economy), សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ។
៣) ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូវាងរដ្ឋ និងឯកជន (PPP) ជាដើម។
៤) ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់ មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជន ឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច (impact investment) និងវិនិយោគពាណិជ្ជកម្ម (commercial investment) ដូចជាក្នុង បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ។
៥) ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្តល់សារសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្ត ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
៦) លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង តម្រូវការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។
សូមបញ្ជាក់ថា P4G ដែលតំណាងឱ្យដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យ P4G ធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ P4G គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ក្នុងការជជែកពីវិបត្តិ នៃបម្រែបម្រួលអាកាសធាតុលើពិភពលោក៕