ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការនាំចេញកសិផលកសិកម្ម ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ បរិមាណសរុបជាង ៤លានតោន ទៅកាន់ទិសដៅ ៥៧ ប្រទេស

169

 

ភ្នំពេញ ៖ ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបជាង ៤លានតោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន។
ការនាំចេញអង្ករមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន។ ការនាំចេញ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង ៦៨,៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩,១១% និងអង្ករចំហុយមានចំនួន ៤ ៧៣៥ តោន ស្មើនឹង ២,០៣%។

ដោយឡែក អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុប ចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៥៥ ១៨៨តោន (២៣,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន (៥១,៨៦%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន (៩,៣៨%) និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន (១៥,១%)។

ចំពោះការនាំចេញស្រូវវិញមានចំនួន ១ ៦១៤ ២១១តោន ក្នុងរយៈពេល៥ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៥៥ ២០២,៥២តោន) ដែលមានការកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន។

យ៉ាងណាមិញ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ មានចំនួន ៣ ០៩៩ ០២៣,៩១តោន កើនឡើងចំនួន ១ ១០៤ ១៦១,៣០ តោន ស្មើនឹង ៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ១ ៩៩៤ ៨៦២,៦១តោន ដែលក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២១១ ៣៥៣,១២ តោន (កើនឡើងចំនួន ២១,៥៨%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨២៩ ០៥០ តោន ប្រទេសវៀតណាមចំនួន ៣៦២ ៦៥១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន។

ការនាំចេញដំឡូងមីស្រស់ មានចំនួន ៣៣៩ ០០០ តោន (ថយចុះចំនួន -៥,២០%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៦០ ០០០តោន និងប្រទេសវៀតណាមចំនួន ២៧៩ ០០០តោនេ។ ម៉្សៅដំឡូងមីមានចំនួន ១៣ ៤៥៤,៦៤ តោន (កើនឡើងចំនួន ៣០,៩៧%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១២ ៨៤១ តោន ប្រទេសអ៊ីតាលីចំនួន ៣៣,៨៤ តោន ប្រទេសណេដឺឡេនចំនួន ១១៤ តោន ប្រទេសថៃចំនួន ២៩៥,៨០ តោន និងសហរដ្ឋអាមេរិកចំនួន ១៧០ តោន និង កាកសំណល់ដំឡូងមីមានចំនួន ៣ ៧០៨,០០ តោន (ថយចុះចំនួន -៣៣,២៩%) នាំចេញទៅប្រទេសចិន។

ការនាំចេញ គ្រាប់ស្វាយចន្ទី មានចំនួន ៨០១ ៧៣២,២៦ តោន (កើនឡើងចំនួន ៣២១,៦៥%) ការនាំចេញទៅប្រទេសចិនចំនួន ៣ ៥៦៦,៨៨ តោន ប្រទេសឥណ្ឌាចំនួន ១៧ តោន ប្រទេសជប៉ុនចំនួន ៣៣,៤៦ តោន ប្រទេសឡាវចំនួន ២ តោន ប្រទេសអារ៉ាប់ចំនួន ០,៥២ តោន ប្រទេសថៃចំនួន ៣ ១០៨,៤០ តោន និងប្រទេសវៀតណាមចំនួន៧៩៥ ០០៤ តោន។

ការនាំចេញគ្រាប់ពោត មានចំនួន ១៣៦ ៨៧៩,១៣ តោន (កើនឡើងចំនួន ២៨៤,១០%) នាំចេញទៅប្រទេសបង់ក្លាដេសចំនួន ៤២ តោន ប្រទេសកូរ៉េចំនួន ២១ តោន កោះតៃវ៉ាន់ចំនួន ៦៧៦,១៣ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន និងប្រទេសវៀតណាមចំនួន ៩៣ ៧៩០ តោន។

ការនាំចេញផលិតផលសក្តានុពលជាច្រើនទៀតរួមមាន៖ គ្រាប់សណ្តែកបាយ (១៦ ៥៨០ តោន), គ្រាប់សណ្តែកសៀង មានចំនួន ១៦ ៧០០,០៤ តោន, ផ្លែចេកស្រស់មានចំនួន ២០៥ ០២៤,៤៧ តោន, ផ្លែក្រូចថ្លុងមានចំនួន ២២ ៦១៨,៤៤ តោន, ផ្លែស្វាយស្រស់មានចំនួន ១៥៦ ៧២៤,៥២ តោន, ដំណាប់ស្វាយមានចំនួន ១១ ០៤៨,៩៤, ទឹកស៊ីរ៉ូស្វាយមានចំនួន ២ ៨៦៩,៧៣ តោន, ដូងប្រេងមានចំនួន ២១ ៨១៦,៦៩ តោន, ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន, ម្រេចមានចំនួន ៧ ៤៦១,២១តោន, បន្លែចម្រុះមានចំនួន ៣៦,៤៦ តោន, ម្ទេសស្រស់មានចំនួន ៥៦ ៥០៧,១២ តោន, ម្ទេសក្រៀម មានចំនួន ៦០០តោនផលិតផលចំនួន ៥០មុខ ផ្សេងទៀត មានចំនួន ៧៤ ០២៩,២៩តោន។

ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ២៣៥ ៥៨២ ៧៣៦,៧២ ដុល្លាអាមេរិក ដែលក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ១៩៦ ៩១១ ១៩៥ដុល្លាអាមេរិក, ការនាំចេញស្រូវមានចំនួន ២៣៩ ០៥១ ២២៨ដុល្លាអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៧៩៩ ៦២០ ៣១៣,៧២ ដុល្លាអាមេរិក។

ការនាំចេញកសិផលសរុបក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង