ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងប្រច័ណ្ឌ បណ្តាលឲ្យប្តីទាញពូថៅ កាប់សម្លាប់ប្រពន្ធ

339

ពោធិ៍សាត់ ៖ ប្តីកំណាចដែលតែងតែប្រច័ណ្ឌប្រពន្ធ រករឿងប្រពន្ធថា ដោយចោទថាមានប្រុសថ្មី បានយកពូថៅកាប់សម្លាប់ប្រពន្ធជាច្រើនពូថៅ បណ្តាលឲ្យប្រពន្ធខ្លួនស្លាប់ នៅនឹងកន្លែងដោយគ្មាននរណាបានដឹងឡើយ ហើយរត់គេចខ្លួនបាត់ ហើយរហូតមកដល់ថ្ងៃទី១មិថុនានេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ដោយសារភ្លើងប្រច័ណ្ឌបណ្តាលឲ្យបុរសម្នាក់ ក្លាយជាឃាតករកាប់សម្លាប់ប្រពន្ធ ដោយគ្មានញញើតដៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល១១នឹង០០នាទីយប់ នៅចំណុចក្នុងបន្ទប់ផ្ទះ ដែលកំពុងសាងសង់ជិតរួច ជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ុម ចាន់ធួក ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បណ្តាលឲ្យស្រ្តីជាជនរងគ្រោះស្លាប់ នៅនឹងកន្លែងក្នុងថ្លុកឈាម។

តាមការរៀបរាប់របស់ឈ្មោះ ស៊ុម ចាន់ធួក ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះស៊ុម ចាន់នី អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកលក់មីហឹរ នៅផ្សារភួពុយ បានឲ្យដឹងថា រយៈពេលកន្លងមក អ្នកទាំងពីរបានធ្វើពិធីភ្ជាប់ពាក្យ មានចាស់ទុំដឹងលឺ តាំងពីឆ្នាំ២០១៨មកម្លេះ មិនទាន់បានរៀបការទេ ក៏ចេះតែរស់នៅជាមួយគ្នារហូតមក ប៉ុន្តែប្តីរបស់ជនរងគ្រោះ តែងតែប្រច័ណ្ឌប្រពន្ធ រករឿងប្រពន្ធថាមានប្រុសថ្មី។ លុះដល់យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រហែលជាម៉ោង១១នឹង០០នាទី ជនដៃដល់ដែលជាឃាតករមានឈ្មោះ ឡូញ សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ ជាអ្នកបើកឡានដឹកទំនិញ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានយកពូថៅ កាប់សម្លាប់ប្រពន្ធជាច្រើនពូថៅ បណ្តាលឲ្យប្រពន្ធខ្លួនស្លាប់នៅនឹងកន្លែង ដោយគ្មាននរណាបានដឹងឡើយ រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩និង២៩នាទី ទើបបានដឹងថា ប្អូនស្រីរបស់គាត់បានស្លាប់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា បុរសជាឃាតករមានប្រពន្ធពីរ៖ -ប្រពន្ធទី១ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ -ប្រពន្ធទី២ (ស្រ្តីរងគ្រោះខាងលើ) ត្រូវជាប្អូនបង្កើតរបស់ខ្លួន។ ហើយកន្លងមកជននេះ តែងតែចេញចូលទៅមក ម្តងទៅផ្ទះប្រពន្ធទី១ ម្តងមកផ្ទះប្រពន្ធទី២ តែងតែរករឿងដោយសារភ្លើងប្រច័ណ្ឌ។

ដោយមានការចង្អុលការពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំមន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ ចុះពិនិត្យនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ និងមន្ត្រីពេទ្យបច្ចេកទេសខេត្ត បានពិនិត្យធ្វើកោសល្យវិច័យ ទៅលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់នៅអំឡុងម៉ោង១១នឹង០០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ហើយឃាតកម្មនេះ អាចបណ្តាលមកពីភ្លើងប្រច័ណ្ឌ។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង