ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅប្រទេសវៀតណាម រឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម

82

 

ភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើសជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមាន លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការ និងលោក គង់ ស៊ីដន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ ការដឹកនាំ សម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ សើុបអង្កេត ស្រាវជ្រាវ បង្ក្រាប។

ជាលទ្ធផល ” ឃាត់ខ្លួន និងឆែកឆេរទីតាំង ៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅ ខ័ណ្ឌច្បារ អំពៅ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ” ដោយបានឃាត់ខ្លួន: ជនសង្ស័យ ចំនួន ៦ នាក់ ភេទប្រុស (វៀតណាម ១នាក់ និង ចិន ៥នាក់) : ១. ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម។ ២. ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន។ ៣. ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន ។ ៤. ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន សញ្ញាតិ កាណាដា ។ ៥. ឈ្មោះ CHEN SHEN TANG ភេទប្រុស កើតថ្ងៃទី ២៩ មីនា ឆ្នាំ១៩៦៤ ជនជាតិ ចិន ។ ៦. ឈ្មោះ LI YI ភេទប្រុស កើតថ្ងៃទី ២៧ តុលា ឆ្នាំ១៩៩៧ ជនជាតិ ចិន ។

សមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀន : ១. អិចស្តាស៊ី (MDMA) ទម្ងន់: ៩៤ គីឡូក្រាម ៣១២ក្រាម.៨៨ ២. មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ ក្រាម ៣. សារធាតុផ្សំ(P2P)ទម្ងន់ ១០គីឡូក្រាម ៥១៩ក្រា.៨៨។

ចំណែកឯវត្ថុតាងរួមមាន ៖ ១. សម្ភារៈសម្រាប់កែច្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ។ ២. រថយន្ត ២គ្រឿង។ ៣. អាវុធខ្លី ២ដើម ( ម៉ាកCF98-9 បង់ ២ គ្រាប់ចំនួន ១៥គ្រាប់ និង ម៉ាក P0220 បង់ ២ និងគ្រាប់ចំនួន ៧គ្រាប់) ។ ៤. អាវុធខ្លី(កែច្នៃ) ២ដើម។ ៥. ខ្នោះដៃ ២គូរ។ ៦. ទូរស័ព្ទដៃ ២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ៕

https://fb.watch/5RvFhSWl3M/

អត្ថបទដែលជាប់ទាក់ទង