ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងសងអាមេរិក នូវបំណុលដែលកម្ពុជា ជំពាក់អាមេរិក ក្នុងជំនាន់ លន់ នល់ តាមវិធីទ្វេភាគី ចំនួន ៣ចំណុច

102

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ លោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថា កម្ពុជានឹងសងអាមេរិកនូវបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងជំនាន់ លន់ នល់ តាមវិធីទ្វេភាគី ចំនួន ៣ចំណុច ទី១. ស្នើសុំសងឡើងវិញបន្តិចម្តងៗ ទី២. សងតាមកម្មវិធីដែលគិតការប្រាក់ មិនលើសពី១ភាគរយ ទី៣. បំណុលដែលកម្ពុជាជំពាក់នោះ ចំនួន៧០ភាគរយត្រូវបង្វិលមកជាជំនួយឱ្យកម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ និងវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ ការ ផ្ទាល់សម្ដេចតេជោ មានប្រសាសន៍ជុំវិញលទ្ធផលជំនួបរវាង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាពរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១ ។

នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកជំទាវ Wendy R. Sherman បានជម្រាបជូន សម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ ឯកឧត្តមប្រធានាធិបតី Joe Biden គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានបន្ថែមថា នេះគឺជាបំណងរបស់ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក លើវិស័យជាច្រើនជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជាដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់នៅលើនាវាដោយប្រទេសដទៃទៀតមិនអនុញ្ញាត ឱ្យចុះចតដោយសារបញ្ហាជំងឺកូវីដ១៩នោះ។ លោកជំទាវ ក៏បានគោរពជម្រាបជូន សម្ដេចតេជោ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះអ្វីដែលលោកជំទាវបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធឆាំងជំងឺរាតត្បាតកូវីដ១៩។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានសំដែងនូវការអបអរសាទរជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យដែលជាការឆ្លុះបញ្ចាំងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះគឺមានការចុះថយនៃការរីករាយកណ្ដាលឆ្លងជម្ងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកគួរជាទីកត់សម្គាល់ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកជំទាវផងដែរ ក្នុងឱកាសដែលលោកជំទាវ Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នាពេលនេះជាពិសេសអ្វីដែលលោកជំទាវបានលើកឡើង ដូចជាការដោះស្រាយបំណុល សម្ដេចតេជោ បានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖

ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ
ទី២) សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និង
ទី៣) បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

លើសពីនេះទៅទៀតសម្ដេចតេជោ ក៏សូមស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការ លើការបញ្ជូនជនជាតិកម្ពុជា ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។

ជាការឆ្លើយតប លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកជំទាវនឹងជម្រាបជូនឯកឧត្តមប្រធានាធិបតី Joe Biden ៕

អត្ថបទដែលជាប់ទាក់ទង