ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកំពត សម្រេចអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត រយៈពេល៧ថ្ងៃ

59

 

កំពត ៖ រដ្ឋបាលខេត្តកំពត បានសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានឱ្យដឹងថា គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈ អាជីវករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវផ្កាករាល់ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវ រយៈពេល មួយសប្តាហ៍ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត។

ជាមួយគ្នានេះដែរ ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ នៅចន្លោះម៉ោង២០ ដល់ម៉ោង៥ ជាកំហិតប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង២០ ដល់ម៉ោង៥ លើកលែងតែករណីដូចខាងក្រោម៖ ការជួបជុំក្នុងចំណោមគ្រួសារសមាជិក គ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ។ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់ របស់អាជ្ញាធរមានសមត្ថកិច្ច ។ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង