ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ

163

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ដោយទុកពេល១សប្តាហ៍ឱ្យម្ចាស់ទាំងនោះរុះរើ ឬចល័តចេញជាបន្ទាន់។

តាមរយៈសេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជា កន្លែងស្នាក់នៅដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យដែល បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណី សម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋដែល បានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវចម្រុះ គុណភាពទឹក និងលុបបំបាត់ បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ នៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១ សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញ សេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរួស អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង