ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់លួចដែក ត្រូវប៉េអឹមបញ្ជូនទៅតុលាការ

48

 

បន្ទាយមានជ័យ ៖ យោងតាមដើមបណ្ដឹងឈ្មោះ កៅ ពីសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចដែក កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបុរីផ្ទះល្វែងមុទិតា ស្ថិតក្នុងភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា បើតាមការអះអាងរបស់ដើមបណ្ដឹងឈ្មោះ កៅ ពីសិដ្ឋ បានរៀបរាប់ថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៧ រូបគាត់កំពុងដើរហាត់ប្រាណនៅមុខការិយាល័យបុរីផ្ទះល្វែង មុទិតា ស្រាប់តែឃើញមនុស្សប្រុសម្នាក់បានដើរលីដែកចំរឹងរបងមកពីចំណុចផ្ទះល្វែងមុទិតា ដែលខ្លួនគ្រប់គ្រង ឃើញដូច្នេះខ្លួនបានស្ទុះទៅចាប់បុរសនោះ ហើយសួរនាំបុរសនោះថា តើឯងយកដែកចំរឹងនេះពីណាមក? បុរសម្នាក់នោះប្រាប់គាត់ថាខ្លួនលួចមកពីផ្ទះលេខ៣០ក្នុងបុរីមុទិតា ឮដូច្នេះរូបគាត់ក៏ឃាត់ខ្លួនបុរសម្នាក់នោះ ហើយទូរស័ព្ទរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។

ក្រោយពីទទួលបានបណ្ដឹងតាមទូរស័ព្ទ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយធ្វើការនាំខ្លួនជនសង្ស័យម្នាក់នោះ មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។

ក្រោយពីសាកសួរចម្លើយរួចមកជនសង្ស័យឈ្មោះ រឿន សាវង្ស ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឆ្លើយសារភាពថា កន្លងមកខ្លួនគេមានគ្នាច្រើននាក់ តែងតែចូលលួចដែក និងសម្ភារ:ផ្សេងទៀតក្នុងបុរីមុទិតានេះជាញឹកញាប់ ដោយឡែកនៅថ្ងៃទី៣១ ខែឧសភា នេះ រូបគេមកលួចតែម្នាក់ឯង ក៏ត្រូវបានអ្នកមើលការខុសត្រូវនៅទីនោះ ចាប់បានហើយប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នានៃបទល្មើសខាងលើ បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើកនេះ ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ហើយនៅរសៀលថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង