ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេសទាំងពីរ ក្រោយវិបត្តិកូវីដ-១៩

65

 

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួប សន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ វាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេច បានទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាព ដែលមានតាំងពីរយូរមកហើយនោះ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មាន តម្លៃមហាសាល សម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនេះហើយ បានធ្វើឱ្យមាន កិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យប្រព្រឹត្ត ទៅបានលទ្ធផលគួរជាទីពេញចិត្ត ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលនានាជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេស បានរក្សានិង អនុវត្តនូវស្មារតីកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការ វិស័យការទូតសភាឆ្លើយតប ទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអសារទរចំពោះជោគជ័យ នៃមហាសន្និបាតបក្សកុំម្មុយនីស្តវៀតណាម លើកទី១៣ និងសម័យប្រជុំលើកទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ជាពិសេសសម្តេចបានសម្តែងអបអរសាទរ ឯកឧត្តម វឿង ឌីញ ហ្វេ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានរដ្ឋសភាវៀតណាម សម្រាប់អាណត្តិឆ្នាំ២០២១-២០២៦។ សម្តេចបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម នឹងធ្វើឱ្យទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ កាន់តែមានលក្ខណៈជិតស្និទ្ធ និងស្អិតរមួតថែមទៀត។

ឯកឧត្តម វឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធនៃប្រទេសទាំងពីរ ពិតជាទ្រព្យសម្បត្តិដ៏មាន តម្លៃមហាសាល និងបានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រ ពីបក្សនិងរដ្ឋវៀតណាម នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរនេះឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត សំដៅស្តារសេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់ តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរសន្យារួមគ្នា បន្តជំរុញឱ្យសម្រេចបាននៅគ្រប់ ចំណុចអាទិភាពនៅ ក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា ទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្រ្តីឱ្យមាន សកម្មភាពឡើងវិញ។ ភាគីទាំងពីរសន្យាបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភា ទាំងក្នុងក្របខណ្ឌតំបន់និងសកលលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម ឯកឧត្តម វឿង ឌីញ ហ្វេ បានតម្លៃខ្ពស់ និងអបអរសាទរចំពោះ លទ្ធផលនៃការបោះបង្គោលព្រំដែនប្រទេសទាំងពីរដោយសម្រេចបាន ៨៤% ហើយសង្ឃឹមថារដ្ឋាភិបាល ទាំងពីរនឹងបញ្ចប់ការងារដែល នៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយ ថវិកាប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជាក្នុងការសាងសង់អគាររដ្ឋបាលសភា ដែលមកទល់ពេលនេះ គម្រោងបាននិងកំពុងដំណើរការ សិក្សាលើការងារបច្ចេកទេស។ នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជា នឹងគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង