ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានកាយស្ដារ ប្រឡាយមេរំដោះទឹកពីរខ្សែ នៅអមសងខាងផ្លូវរថភ្លើង នៅព្រុំប្រទល់ខណ្ឌកំបូល និងពោធិ៍សែនជ័យ

101

 

ភ្នំពេញ៖ ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ នៅប៉ែកខាង លិច រាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ជាពិសេសអាជ្ញាធរខណ្ឌកំបូល សហការណ៏ជាមន្ទីរធនធានទឹក  ចុះត្រួត ពិនិត្យមើលស្ថានភាពលូប្រឡាយ សំខាន់ៗសម្រាប់រំដោះទឹកជំនន់ នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ឲ្យបានហ្មត់ចត់ និងធ្វើការជួសជុល កាយស្ដារ លូ ប្រឡាយតូចធំ ដែលបានគោករាក់ នៅក្នុងរដូវប្រាំងកន្លងទៅ។
ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំប្រចាំខែ កាលពីពេលកន្លងទៅថ្មីៗនេះ លោក ឃួង ស្រេង បានឱ្យមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម និង រដ្ឋបាលខណ្ឌកំបូល ក៏បានរៀបចំស្ដារឡើង វិញនូវប្រឡាយមេដ៏សំខាន់ចំនួនពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រគសយលាវ ដើម្បីបើកមុខទឹកអោយហូរ ទៅកាន់បឹងទំនប់កប់ស្រូវ។ ហើយប្រឡាយនេះ ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការ រំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។
លោក ឃឹម ស៊ុនសូដា អភិបាល ខណ្ឌកំបូល បានឲ្យដឹងក្នុងពេលដែលលោកអញ្ជើញចុះពិនិត្យមើលស្ថានភាព ការកាយស្ដារប្រឡាយដ៏ សំខាន់ទាំង២ខ្សែនេះនៅរសៀលថ្ងៃទី ០៣ ខែមិថុនាឆ្នាំ ២០២១ នេះថា ៖ ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ រូបលោកនិងមន្ត្រីនៃមន្ទីរធន ធានទឹកនិងឧតុនិយម បានសហការគ្នាយ៉ាងស្អិតរមួត ធ្វើការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះ ដោយគិតមកដល់ពេលនេះ យើងស្ដារបានប្រមាណជាង៤០ ភាគរយហើយ ហើយក៏គ្រោងនឹង បញ្ចប់នៅក្នុងខែមិថុនានេះផងដែរ។
លោកអភិបាលខណ្ឌកំបូលបានបញ្ជាក់ទៀតថា ការកាយស្តារប្រឡាយមេ១ខ្សែនៅខាងលិច ផ្លូវរថភ្លើងយើងកាយស្ដារទំហំមុខ ប្រឡាយ១២ម៉ែត្រនិងជម្រៅ រហូតដល់ទៅ៤ ម៉ែត្រ ចំណែកឯប្រឡាយនៅ ខាងកើតផ្លូវរថភ្លើងដែលកំពុងតែតែកាយស្ដានេះ គឺមានទំហំមុខប្រឡាយ៦ ម៉ែត្រ និងជម្រៅ៤ មែនដូចគ្នា។
លោក ឃឹម ស៊ុនសូដា ក៏បានឲ្យដឹងផងដែរថា ដើមឡើយទីនេះ ជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ ដោយការចាក់ដី សំរាមហូរចូលនិង ស្មៅដុះជាច្រើនឆ្នាំ រហូតដល់លុបបាត់ប្រឡាយ ទាំងមូលតែម្ដង និងធ្វើឱ្យទឹកមិនអាចហូរកាត់ទីនេះ ទៅកាន់បឹងទំនប់កប់ស្រូវបាន បង្ករឲ្យមានការលិចលង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ នៅប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌកំបូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។
លោកបញ្ជាក់ថា ៖ ក្រោយពីប្រឡាយមេទាំង ពីរខ្សែនេះ ដំណើរការ វានឹងមានតួនាទីរំដោះទឹកភ្លៀង ហូរមកពីស្រុកអង្គស្នួល បែកចាន នៃខេត្តកណ្ដាល ខណ្ឌកំបូល និងពោធិសែនជ័យ។ លោករំពឹងថា នៅក្នុងរដូវវស្សាឆ្នាំនេះ នឹងជួយកាត់បន្ថយបានយ៉ាង ប្រសើរនូវការជន់លិច ដោយជំនន់ទឹកភ្លៀងនា ប៉ែកខាងលិចរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ទៀតថា នៅឆ្នាំក្រោយបន្ទាប់ ពីកាយស្ដារប្រឡាយទាំង 2 ខ្សែនេះរួចហើយរដ្ឋបាលខណ្ឌកំបូល ក៏គ្រោងនិងមានសំណើរ ទៅរដ្ឋបាលរាជធានីភ្នំពេញដើម្បីឈូសឆាយ ខ្នងប្រឡាយឱ្យរាបស្មើធ្វើជាផ្លូវ ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន ជាពិសេសគឺអាចរំដោះ ការកកស្ទះចរាចរណ៍ពី កំណាត់ផ្លូវជាតិលេខ ៤ បានផងដែរ។
សូមបញ្ជាក់ថា ៖ បច្ចុប្បន្នថ្នាក់ដឹក នាំ មន្ត្រីនៃរដ្ឋបាលខណ្ឌកំបូល ក្រៅពីមមាញឹកនឹងការងារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ក្នុងមូលដ្ឋាន ក៏បាននិងកំពុងមមាញឹក ក្នុងការស្ដារប្រឡាយលូសំខាន់ៗ នៅក្នុងទឹកដីរបស់ខ្លួន ក្នុងនោះមានប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ប្រឡាយអមសងខាងផ្លូវចូលទៅខណ្ឌកំបូល ប្រឡាយអូរខ្សាច់ និងលូ ប្រលាយសំខាន់ៗ មួយចំនួនទៀត ដើម្បីធានាបានថា នៅរដូវវស្សានេះ អាចជួយកាត់បន្ថយការជន់លិច ដោយជំនន់ទឹកភ្លៀងបានប្រសើរជាងឆ្នាំកន្លងទៅ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង