ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តសៀមរាប អនុវត្តដីកាចាប់មេក្លោងល្បីរៀបដីខ្យល់ និងឆបោកឈ្មោះ ផូ ស៊ីផា បញ្ជូនទៅតុលាការ

57

 

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យ ផូ ស៊ីផា ទៅកាន់តុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២១នេះ។ ជនសង្ស័យ ផូ ស៊ីផា អាយុ ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបដែលអ្នកស្រុកសៀមរាបស្គាល់ ជាមេឈ្មួញរៀបដីខ្យល់ និងជាមេឆបោកនៅខេត្តសៀមរាប ត្រូវបាន កងកម្លាំងសមត្ថកិច្ចនគរបាល ធ្វើការចាប់ខ្លួនទៅតាមដីការបង្គាប់ឲ្យនាំខ្លួនលេខ ១៧៣/២១ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ របស់ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តសៀមរាប បានបង្គាប់ឲ្យនាំខ្លួន ផូ ស៊ីផា មុខរបរគួកជេរដី ខណៈដែលជននេះគេចវេស មិនព្រមចូលខ្លួន ទៅតាមការកោះហៅរបស់ព្រះរាជអាជ្ញាជាច្រើនដង។

នគរបាលបានខេត្តសៀមរាប បានកោះហៅ លោកផូ ស៊ីផា ឲ្យចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១នេះ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៧៣/២១ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ របស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សាត ធីតា។

យោងតាមបណ្តឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ របស់លោកស្រី ផាត់ សុជឿន បានប្តឹងលោកផូ ស៊ីផា ពីបទ “ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចនវត្ថុដោយសុចរិត” និងបទ “ប្រឆាំងនិងអ្នករាជការ“ ប្រព្រឹត្តទៅនៅ ភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ខ្លឹមសារនៃបណ្តឹងបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ គណៈកម្មការសុរិយាដីខេត្ត និងស្រុកបន្ទាយស្រី បានចុះបោះបង្គោលព្រំ លើក្បាលដីជាប្រភេទប្លង់រឹងទាំង៦ក្បាលដី ដែលមានលេខ ស.រ០០៣៣៩៩ , ស.រ០០៣៤០១, ស.រ០០៣៤០២, ស.រ០០៣៣៨១, ស.រ០០៣៣៨៥, ស.រ០០៣៤០០ មានចំនួនសរុប ២១.៤ហិកតា នៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ក្នុងពេលដែលក្រុមគណៈកម្មការចម្រុះ កំពុងប្រតិបត្តិការបោះ បង្គោលព្រំស្រាប់តែ ផូ ស៊ីផា បានចុះមករារាំងដកបំផ្លាញបង្គោលព្រំ ដោយការស្រែកជេរប្រមាថ ជាមួយចរិត ច្រងេងច្រងាងបែបពាល មកលើសមត្ថកិច្ចនិងម្ចាស់ដី ដែលកំពុងអនុវត្តន៍តួនាទី ជាពិសេសបានយកគ្រឿងចក្រអ៊ីចស្ការ មកកាយហ៊ុំពទ្ឋ័ព្រំដី រំលោភ លើដីស្របច្បាប់ ដែលមានប័ណ្ណសម្គាល់សិទ្ឋិកាន់កាប់អចនវត្ថុ (ប្លង់រឹង) ត្រឹមត្រូវ ក្នុងគោលបំណងលក់ទៅឲ្យក្រុមហ៊ុនពុះឡូត៍ក្នុងស្រុកមួយ។ ផូ ស៊ីផា នេះល្បីខាងរៀបដីខ្យល់ លក់ពីមួយដាក់ទៅមួយ តាមរូបភាពលក់ឲ្យអ្នកចាស់រួចហើយ លក់បន្តទៅឲ្យអតិថិជនថ្មីៗទៀត ជាន់កម្មសិទ្ឋិគ្នាជាច្រើន ទោះជាដឹងមានម្ចាស់ ហើយក៏ដោយ។ ផូ ស៊ីផា នេះជាមនុស្សកំពូលឈ្លើយ លំបាកនិយាយគ្នា និយាយចេញម្តងៗគ្មានដឹងច្បាប់ទម្លាប់អីបន្តិចទេ និយាយឡើងខ្លួនមានលុយវាល់លានដុល្លារ គ្រប់គ្នាជំពាក់លុយគាត់ ជាពិសេសអួតប្រាប់គេថាខ្លួនមានខ្នង ឯកឧត្តមម្នាក់ កាងនៅពីក្រោយគ្មាននរណាហ៊ានចាប់ទេ បើចាប់ហើយក៏ដោះចេញទៅវិញដែរ។

គួររំលឹកថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះ ដឹកនាំដោយអាជ្ញាសាលាដំបូងខេត្តសៀមរាប និងកងកម្លាំងប៉ូលិសក្រុង បានចុះអនុវត្តដឺកាសម្រេចលេខ ១៩៩ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដោយឃាត់ទុករថយន្ថមួយគ្រឿងម៉ាក្ស Toyota Lexus RX330 ពណ៌មាស ផ្លាកលេខ សៀមរាប2B-6806 ជាកម្មសិទ្ឋិ របស់កូនបំណុលឈ្មោះ ផូ ស៊ីផា ទៅតាមដើមបណ្តឹងលោក ទូស សាភឿន (អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស) ពីបទ “រំលោភលើ ទំនុកចិត្ត និងបង្វែរវត្ថុដាក់ធានា” តាមសាលក្រមព្រហ្មទណ្ឌលេខ ៣៥ញ/២៩១ សម្រេចឲ្យ ផូ ស៊ីផា ផ្តន្ទាទោសព្រហ្មទណ្ឌ ដាក់ពន្ឋនាគារជាប់ទោស១ឆ្នាំ ពិន័យជាប្រាក់ចំនួន២លានរៀល ពីបទ បង្វែរវត្ថុរឹបអូសដាក់ធានា និងបង្គាប់ឲ្យ ផូ ស៊ីផា សងសំណង ការខូចខាត៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត៣០លានរៀល ។

ក្រៅពីបណ្តឹងចាប់ខ្លួនខាងលើ បច្ចុប្បន្ន ផូ ស៊ីផា នេះក៏មានបណ្តឹងជាច្រើនទៀត បានប្តឹងចូលទៅកាន់តុលាការ ពី “បទក្បត់ទុកចិត្ត”។ ឥឡូវ ផូ ស៊ីផា កំពុងមានអ្នកអន្តរាគមន៏ រត់ការខ្វាត់ខ្វែងឲ្យនៅក្រៅឃុំ។ ម្ចាស់បណ្តឹងទាំងអស់ ដែលដាក់បណ្តឹងនៅតុលាការ បានស្នើសុំដល់អ្នកដែលចង់ជួយ ផូ ស៊ីផា កុំលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់តុលាការ ទុកភារកិច្ចនេះឲ្យតុលាការ ធ្វើការស៊ើបអង្កេតសិន ព្រោះបណ្តឹងរបស់របស់ ផូ ស៊ីផា នេះមានបទល្មើសច្រើនណាស់៕

អត្ថបទដែលជាប់ទាក់ទង