កម្ពុជានិងវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងការរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ
ភ្នំពេញ៖លទ្ធផល នៃជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម វូ ក្វាងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្ដមបានបញ្ចប់ បេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់ បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ មហាសេរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ឯកឧត្តម ក្នុងការបន្តលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និង វៀតណាម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាថ្មីម្ដងទៀតបានអបអរសាទរប្រទេសវៀតណាមដែលទទួល បានជោគជ័យក្នុងការរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ និងសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ហើយនិងការបំពេញតួនាទី និងអាណត្តិរបស់ខ្លួនប្រកបដោយ ជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន និងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជាពិសេសជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលទទួលសវនាការរបស់ឯកឧត្តមនៅក្នុងពេលវេលានេះ និងកិច្ចសហប្រតិបត្តិការដ៏ ល្អរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានរួមចំណែក ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ទទួលបានជោគជ័យ ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងការរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តាមរយៈការជួបប្រជុំផ្លាស់ប្ដូរយោបល់តាមប្រព័ន្ធវីដេអូ និង ទូរស័ព្ទ ដែលបានជួយពូនជ្រុំ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្លាលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ និងល្អប្រសើរឡើងថែមទៀត។ ក្នុងឱកាសនៃសវនាការនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារៈសំខាន់របស់វៀតណាម។ ប្រទេសយើងទាំងពីរកាន់តែមានការយល់ពីគ្នាឡើង និង គោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ឯកឧត្តម ក៏បានកោតសរសើរអំពីសេរីភាពដ៏ទូលំទូលាយនៃការធ្វើទំនាក់ទំនងតាមប្រព័ន្ធបណ្តាញសង្គមនៅកម្ពុជា ដែលអនុញ្ញាតឱ្យឯកឧត្តម អាចធ្វើការជាមួយថ្នាក់ដឹកនាំកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។
នាចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជូនពរឯកឧត្តម វូ ក្វាងមិញ ទទួលបានជោគជ័យជាបន្តទៀតនៅក្នុងភារកិច្ចថ្មីនាពេលអនាគតរបស់ឯកឧត្តម ៕