ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរចុះដោះស្រាយ ករណីប្រជាពលរដ្ឋមាន​វិវាទ​​ដីធ្លី​ចំនួន៧ភូមិ បានធ្វើការតវ៉ាជាមួយអង្គភាពទ័ព បញ្ហាដីនៅទីតាំងចំការតាបារាំង

121

 

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋមាន​វិវាទ​​ដីធ្លី​ចំនួន៧ភូមិ រស់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាជាមួយអង្គភាពទ័ព បញ្ហាដីនៅទីតាំងចំការតាបារាំងហើយធ្វើការបិទកំណាត់ផ្លូវជាតិលេខ៥១ ដោយសកម្មភាពខុសច្បាប់​ ។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញចុះសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋទាំង៧ ភូមិស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ​ និងអាជ្ញាធរស្រុកអង្គស្នួលបានចុះទៅធ្វើការសម្របសម្រួល​ ជាមួយ​ប្រជាពលរដ្ឋ​តាមភូមិនីមួយៗដើម្បីសម្របសម្រួល​ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី​ទៅតាមច្បាប់។

គួរបញ្ជាក់ថា ភូមិទាំង៧នោះ រួមមាន ភូមិគោល ភូមិខ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង ភូមិក្រាំងក្រូច ភូមិអង្គស្រែពោធិ៍ និងភូមិទួលសេរី ។

សូមបញ្ជាក់ថា បន្ទាប់ពីមានករណីជម្លោះដីធ្លី រវាងក្រុមយោធា ជាមួយប្រជាពលរដ្ឋ ឈានដល់ការផ្ទុះអាវុធ បណ្តាលឲ្យរបួសបុរសម្នាក់ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលផ្ដុំគាតវ៉ារបស់ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅបំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

យោងលិខិតលេខ ៧៥៥ សជណ.មយ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ ៧៧៤ សជណ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និង សេចក្តីសម្រេចលេខ ០០៧ សហវ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងធ្វើការតវ៉ាបិទផ្លូវជាតិលេខ៥១ ត្រង់ចំណុចដីរដ្ឋ (ដីចំការបារាំង) ឱ្យបានជ្រាបថា ដីចម្ការបារាំង ជាដីរដ្ឋ ដែលរាជរដ្ឋាភិបាល គ្រោងរៀបចំមួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិ និងមួយផ្នែកទៀត ប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ជាទីតាំងសម្រាប់ទុកដាក់សំរាម និងសំណល់រឹងចុងក្រោយកម្រិត តំបន់ (Regional Landfill)។ ទន្ទឹមនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ កំពុងខិតខំសិក្សា ស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយ គោលនយោបាយជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលពិតប្រាកដ ក្នុងរង្វង់ដីចំការបារាំងទំហំប្រមាណ ២៨០ ហិកតា ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

រដ្ឋបាលខេត្ត ស្នើដល់បងប្អូនប្រជាពលរដ្ឋ បើកផ្លូវឱ្យមានការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ និងសូមមានការអត់ធ្មត់ ចូលរួមការសម្របសម្រួលដោះស្រាយ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារគណៈកម្មការ អន្តរក្រសួងដោះស្រាយផលប៉ះពាល់។ ករណីមិនគោរពតាមការណែនាំនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន ។

សូមបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួនប្រមាណជាង ១០០នាក់ តំណាងឲ្យ ១៧០គ្រួសារ ប្រដាប់ដោយកាំបិត ដំបង និងដបសាំង កាំបិត ស្ថិតនៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល បាននាំគ្នាដុតកង់ឡាន និងបិទផ្លូវជាតិលេខ៥១ ដើម្បីតវ៉ារឿងដីធ្លីដែលមានទំហំជិត ៣០០ហិកតា ដែលជាកម្មសិទ្ធិរបស់សាលាបច្ចេកទេសតេជោហ៊ុនសែន។ ហើយការបិទផ្លូវតវ៉ានេះ បន្ទាប់ពីខាងភាគីយោធាបានយកត្រាក់ទរ័កាយព្រំដីរបស់សាលា ប៉ុន្តែប្រជាពលរដ្ឋមិនព្រម និងបានយកដបសាំងគប់លើគ្រឿងចក្រ ខាងយោធាក៏បាញ់ផ្ជុចដីផ្លាតត្រូវប្រជាពលរដ្ឋម្នាក់រងរបួស៕

អត្ថបទដែលជាប់ទាក់ទង