ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានអ្នកស្លាប់ ដោយពុលស្រាចំនួន ៣១នាក់រយ:ពេល១ខែ

27

 

ភ្នំពេញ ៖ មានអ្នកស្លាប់ដោយពុលស្រាចំនួន ៧នាក់ ទៀត នៅស្រុកក្រគរ ខេត្តខេត្តពោធិសាត់ ។ សរុបស្លាប់អស់ ៣១នាក់ រយ:ពេលមួយខែនេះ នៅខេត្តចំនួន ៣ គឺខេត្តកណ្តាល : ១៤នាក់ ខេត្តកំពត: ១០ នាក់ និងខេត្តពោធិសាត់: ៧នាក់ ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នាថ្ងៃទី១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង២ និង ១៥នាទី រសៀលប្រធានមន្ទីរអនុប្រធានមន្ទីរ និងក្រុមឆ្លើយតបបន្ទាន់^នៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ស្រុកប្រតិបត្តិក្រគរ និងមណ្ឌលសុខភាព អន្សាចំបក់ ដោយមានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជំនាញ បានចុះ អង្កេតស្រាវជ្រាវ ករណីមរណភាពនៅចំណុចភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសង្ស័យ ជាករណីពុលស្រា ។

តាមរយៈការចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ហើយនិងការសាកសួរបានរកឃើញ ថា មានការស្លាប់ដោយសារសង្ស័យពុលស្រា ស និងស្រាថ្នាំ ជាបន្តបន្ទាប់ សរុបចំនួន៧នាក់ (ស្រី៧នាក់) ដោយចាប់ផ្តើមស្លាប់ ពីថ្ងៃ ទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិកើតហេតុខាងបើនេះ និងភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារពិសាសាដែលមានជាតិមេតាណុលខ្ពស់ និងមានការយឺតយ៉ាវក្នុងការស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ។

រហូតមកដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះពាល់សរុប ៩៦ នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពទ្យបង្អែកខេត្ត និងមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយផ្អែកលើស្ថានភាពសុខភាពរបស់គាត់ មួយចំនួនបានជាសះស្បើយ និងមួយ ចំនួនទៀត បាននិងកំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។

ករណីទាំងអស់ចាប់ផ្តើមឡើងដោយមានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធីងធោង អស់កម្លាំង ទន់ដៃទន់ជើង និង សន្លប់ ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រា ស ពីទីតាំង៣កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា មន្ទីរ ពិសោធន៍ទទួលបានសំណាកស្រាថ្នាំ និងស្រា ស ៤សំណាក មាន២សំណាក ស្រា ស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុល (Mafrarol) លើសកម្រិតខ្ពស់ពី៩ ,៥ ដល់១៥ភាគរយដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។

ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំ និងណែនាំ ដល់អ្នកលក់ទាំងបោះដុំ និងរាយ ឱ្យផ្អាកអាជីវកម្ម ស្រា ស និងស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងបានអប់រំ ណែនាំដល់ប្រជាជននៅតាមភូមិ-ឃុំ ដែល កើតហេតុឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិត ឬបិតស្រា មិនបានត្រឹមត្រូវតាមក្បួនខ្នាត បច្ចេកទេស។

ពាក់ព័ន្ធនឹងករណីឈើនិងស្លាប់ខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា “ ហេតុការណ៍ស្លាប់ នៅភូមិទាំង២នៃស្រុក ក្រគរ ខេត្តពោធិ៍សាត់ បានកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំ ដែលមានជាតិលខ្ពស់ បញ្ចាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ “ ។

ដោយហេតុថាករណីស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលនេះ នៅតែបន្តកើតមានឡើងជាដដែលៗ នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២១ នេះ មានជាអាទិ៍ ករណីស្លាប់ ១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាលពីថ្ងៃទី៨ ដល់ទី២៣ ខែឧសភា ចំនួន ១៤នាក់ ករណីស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណីស្លាប់នៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ហើយ ដោយសារតែពុលស្រា ។

អាស្រ័យ ហេតុនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវ នាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នៅទូទាំងរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការដូចខាងក្រោម ដើម្បីការពារការពុលស្រាដែលជិតមិនត្រឹមត្រូវតាមបច្ចេកទេសនិងរក្សាជីវិតរបស់ខ្លួន ៖
ចូលរួមកុំពិសាស្រា ដែលបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ជាពិសេសគឺ ពិសាស្រា ស ឬស្រាថ្នាំ ដែលយកមេតាណុលមកលាយនេះតែម្ដង ។

ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រាស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។

ចំណែក បងប្អូនអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និង ទប់ស្កាត់ការលក់ស្រាបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាងយកសារធាតុ មេតាណុលលាយធ្វើស្រា ស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថាមាការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ៕

អត្ថបទដែលជាប់ទាក់ទង