ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Apple បានធ្វើការផ្លាស់ប្ដូរ មុខងារមួយចំនួន ដើម្បីកាត់បន្ថយការប្រើប្រាស់ AirTag សម្រាប់ការតាមដានទៅវិញ

26

ភ្នំពេញ៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ AirTag ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេះសម្រាប់តាមដានជនណាម្នាក់ ដែលបញ្ហានេះនាយកដ្ឋាន បានផ្សព្វផ្សាយកាលពីដើមខែឧសភារួចមកហើយ ដើម្បីឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន។

សម្រាប់លោកអ្នកដែលពុំទាន់បានយល់ដឹងអំពីឧបករណ៍នេះ AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែល លោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើន បានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះ ដើម្បីតាមដានជនណាម្នាក់បានផងដែរ។

ក្នុងការធ្វើបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរការ បញ្ចេញសំឡេងឱ្យមាន ការប្រុងប្រយ័ត្នបន្ទាប់ពី AirTag មិននៅជិតទូរសព្ទដែលត្រូវ បានកំណត់អស់រយៈពេលបីថ្ងៃ មកនៅត្រឹមតែពី ៨ទៅ ២៤ម៉ោងវិញ។ ជាងនេះទៅទៀតក្រុមហ៊ុន ក៏បានប្រកាសថា ពួកគេនឹងដាក់ឱ្យប្រើប្រាស់កម្មវិធី ដែលនឹងធ្វើការក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិត ប៉ុន្តែមិនមែនជារបស់លោកអ្នក សម្រាប់ទូរសព្ទដែល មានប្រព័ន្ធប្រតិបត្តិការ Android ដែលបច្ចុប្បន្ន កម្មវិធីនេះមានសម្រាប់តែទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS ថ្មីបំផុតនោះ។

ទោះបីជាការផ្លាស់ប្ដូរនេះអាច ជួយកាត់បន្ថយ ការប្រើប្រាស់ AirTag សម្រាប់ការតាមដានក្ដី ប៉ុន្តែជនខិលខូចអាចនៅ តែបន្តប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់ ដោយសារតែការកំណត់ យករយៈពេលពី ៨ទៅ ២៤ម៉ោង វានៅតែមានរយៈពេល យូរនៅឡើយសម្រាប់ការតាមដាន។

ដូច្នេះដើម្បីចៀសវាងពីការតាមដានណាមួយនោះ ប្រសិនបើលោកអ្នករកឃើញ AirTag ដែលមិនមែនជារបស់លោកអ្នកនោះ លោកអ្នកគួរតែយកថ្មចេញ ដើម្បីបញ្ឈប់ការតាមដានទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង