ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមខេត្តបន្ទាយមានជ័យ ចាប់រថយន្តហាយឡែនឌ័រ ដឹកឈើធ្នង់

36

 

បន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ សហការជាមួយគយ និងរដ្ឋករចល័ត បានធ្វើសកម្មភាពបង្ក្រាប លើរថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2F-8140 ដែលសង្ស័យថា ប្រព្រឹត្តបទល្មើសដឹកទំនិញគេចពន្ធ ដែលចេញពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គោលដៅឆ្ពោះទៅ ខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ លុះទៅដល់ចំណុចស្ពានតាប៉ុន ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្រាប់តែម្ចាស់រថយន្ត បានបើកត្រឡប់ក្រោយ មកដល់ចំណុចខាងកើត ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកព្រះនេត្រព្រះ ម្ចាស់រថយន្តក៏បាន បើករថយន្តរបស់ខ្លួន ទម្លាក់ចូលទៅក្នុងប្រឡាយ ហើយបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ពេលនោះសមត្ថកិច្ចយើងទៅដល់ ស្រាប់តែរថយន្តនោះ ដឹកសុទ្ធតែឈើប្រណិត (ធ្នង់)។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ក្រោយពីពិនិត្យឃើញដូច្នេះ កម្លាំងគយ និងរដ្ឋាករចល័ត បានប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថ យកមករក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដើម្បីចាត់ចែងតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឱ្យដឹងថា ដោយទទួលបាន ការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រថយន្ត និងឈើធ្នង់ចំនួន០៩បន្ទះ ស្មើនឹង០,៦៣ម៉ែត្រគូប លោកបានចាត់តាំងឱ្យ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ប្រគល់ឱ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើ បន្ទាយមានជ័យ ចាត់ការតាមនីតិវិធី ហើយនៅព្រឹកថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង