មេបញ្ជាការវរការពារព្រំដែនគោកលេខ ៨២៣ ប្រើហិង្សាទៅលើនាយផ្នែកភស្តុភា ត្រូវដកបញ្ឈរជើង
ខេត្តបាត់ដំបង ៖ លោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ប្រចាំ ស្រុកសំឡូត បានប្រើហិង្សាទៅលើនាយផ្នែកភស្តុភា ហើយត្រូវបានលោកសាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្ត ចេញលិខិតបង្គាប់ការ និងបានចុះប្រកាសនៅ ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ដកបញ្ឈរជើង។
គួរបញ្ជាក់ថា ថ្មីៗនេះ មានករណីហិង្សាមួយបានកើតឡើង នៅក្នុងទីតាំងវរៈ៨២៣ ដោយនៅព្រឹកនោះ ក៏មាន មន្ត្រីប៉ូលិសយ៉ាងច្រើនកុះករ ដែលត្រៀម ចូលរួមក្នុងកិច្ចប្រជុំ គណៈបញ្ជាការកងឯកភាពស្រុក ក្រោម អធិបតីភាពលោក ណុប ដារ៉ា អភិបាលរងខេត្ត ក្នុងទិសដៅការពារ និងទប់ស្កាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទ ឯអ្នកបង្កគឺជាលោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ដែលបាន វាយទៅលើលោកនាយផ្នែកភស្តុភាទាំងកណ្តាលចំណោមមនុស្សដែលជាទង្វើមើលងាយនិងប្រមាថ យ៉ាង ខ្លាំងដល់មន្ត្រីក្រោមឱវាទ។
លោក យឹម វិចិត្រ ត្រូវបានការិយាល័យបុគ្គលិក កោះហៅឲ្យចូលខ្លួនដើម្បីសាកសួរ ហើយលោកក៏បាន សារភាពថា ពិតជាបានវាយទៅលើបុគ្គលនោះមែន ។
លោកឧត្ដមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២១ បានសម្រេចចេញលិខិតបង្គាប់ការសម្រេចដក លោក យឹម វិ ចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោក លេខ៨២៣ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងប្រគល់ភារកិច្ចបណ្តោះអាសន្ន ជូនលោក វរសេនីយ៍ទោ មាស មឿ ន ដែលជាមេបញ្ជាការរងឲ្យទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨២៣ រហូតដល់មានការសម្រេចជាថ្មី។
សូមបញ្ជាក់ថា នៅ ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ វេលាម៉ោង៩នឹងសូន្យនាទីព្រឹក លោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ បានអញ្ជើញទៅចូលរួមប្រជុំ ស្តីពីកិច្ចប្រជុំពិភាក្សាក្រុមការងារស្រាវជ្រាវ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅតំបន់ភូមិសាស្ត្រ ស្រុកកំរៀង ភ្នំព្រឹក សំពៅលូន និងស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង ៕