ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបង្ក ដែលកាប់ យុវជនម្នាក់ស្លាប់ នៅសង្កាត់ចាក់អង្រែលើ ត្រូវបានចាប់ខ្លួន

89

ភ្នំពេញ÷យោងតាមប្រភពព័ត៌មានពី លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ជនសង្ស័យដែលបានកាប់ទៅលើយុវជនម្នាក់ដែលជាគូរទំនាស់រឿងស្នេហាត្រីកោណដោយប្រើកាំបិតបុ័ងតោដេញកាប់ បណ្តាលឲ្យស្លាប់ កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ត្រូវបានកម្លាំងសមត្តកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ហើយ ដែលជាជនដៃដល់ ចំណែកឯបក្ខសមត្តកិច្ចកំពុងតែស្រាវជ្រាវ រកបន្ត។

បើតាមរបាយការណ៍ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ចាក់អង្រែលើ ស្តីពីករណីឃាតកម្ម(ប្រើកាំបិតបុ័ងតោដេញកាប់បណ្តាលឲ្យម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់)នៅ ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៩និង៤០នាទី នៅចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ ២ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ជាងធ្វើសោរ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។
-ជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅជួល ផ្លូវ លំ ភូមិ សាមគ្គី សង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ ជាងមាស (ស្លាប់) ។

វត្ថុតាងចាប់យក កាំបិតបុ័ងតោដងដែកចំនួន១ដើម , ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨០៩៧០៧១ ពាក់ស្លាកលេខ ភ្នំពេញ 1O 4408 (ជារបស់ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ) ។

នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៩ម៉៤០នាទី ជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង បានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1GN 2249 មកឌុបស្រ្តី ជាសង្សាឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ (ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ) មកឈប់និយាយគ្នា នៅមុខហាងសាំងកាល់តិច ផ្លូវជាតិលេខ២ ភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ពីរឿងសុំចែកផ្លូវគ្នា ទន្ទឹមនោះជនសង្ស័យចំនួន០២នាក់ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1O 4408 មកឈប់ក្បែរ ហើយជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះពីលើម៉ូតូដើរចូលទៅសួរនាំក៏មានទំនាស់ពាក្យសំដី និង វាយប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានដកកាំបិតបុ័ងតោចំនួន០១ដើមកាប់ទៅលើជនរងគ្រោះឈ្មោះ គីម សុខខឿន បណ្តាលឲ្យរបួសដៃខាងឆ្វេង ហើយជនរងគ្រោះបានហៅសង្សាឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយរត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ (ឆ្ពោះទៅទិសដៅស្ពានអាកាសក្បាលថ្នល់) ភ្លាមនោះជនសង្ស័យទាំង០២នាក់ឈ្មោះ ង្វៀង យុំាងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ (ចំណុចកើតហេតុ) ម៉ូតូជនរងគ្រោះបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវធ្វើឲ្យជនរងគ្រោះឈ្មោះ គីម សុខខឿន ដួលបោកប៉ះទង្គិចក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ ក្នុងពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះទៅកាប់ជនរងគ្រោះចំនួន០១កាំបិតបន្ថែមទៀតត្រូវចំចង្កេះខាងឆ្វេង ចំណែកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានទៅនាំស្រ្តីជាប្អូនថ្លៃឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយគេចខ្លួនបាត់ ។ លុះមកដល់វេលាម៉ោង២១ម៉០០នាទីថ្ងៃដដែល ឈ្មោះ បាវ ស្រី ភេទ ស្រី (ជាម្តាយរបស់ជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់ ។ លុះមកដល់ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង២១ម៉០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ហៃ ហៅ យ៉ាវ នៅចំណុចផ្លូវបេតុង ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្សពួកជនសង្ស័យឈ្មោះ ង្វៀង យុំាងតាំ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង