លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង បានអញ្ជើញប្រជុំផ្សព្វផ្សាយ ផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេសដ្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងទាំងអស់។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ៖ ជំហរបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត។ ទន្ទឹមនឹងនោះផងដែរ យើងត្រូវយកចិត្តទុកដាក់ទៅលើយុវជន ហើយក៏ត្រូវតែនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឫចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៏ច្រើនលើស លប់នាពេលខាងមុខ។
ជាមួយគ្នានេះផងដែរ លោកជំទាវក៏បាន អំពាវនាវដល់សមាជិក សមាជិការទាំងអស់គ្នា ត្រូវបង្កើនការយក ចិត្តទុក្ខដាក់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានរបស់ ក្រសួងសុខាភិបាល និងវិធានការណ៍ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបានទទួល ការវ៉ាក់សាំងរួចរាល់ហើយផងដែរ ស្របពេលដែលបច្ចុប្បន្ននេះកម្ពុជា កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២១ រកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ០៣នាក់ នូវប្រភេទថ្មី B.1.617 ដែលជាប្រភេទវីរ៉ុស ដែលចម្លងលឿន និងមានភាពស្រួចស្រាវនិងគ្រោះថ្នាក់បំផុត ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបានថ្លែង កោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជន ទូទាំងខេត្តស្វាយរៀងសម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួម ចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីប្រមូលយក សមាណចិត្តប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រឡាញ់ ពេញចិត្តពេញថ្លើមជូនគណបក្សប្រជាជន ។
ជាពិសេស ថ្នាក់ដឹកនាំគ្រប់ថ្នាក់ បានចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រួមជាមួយនឹងការយកចិត្តទុក្ខដាក់លើការផ្ញត់ផ្គង់ស្បៀង ជូនប្រជាពលរដ្ឋក្នុងអំឡុង ពេលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។ យោងតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺជាការផ្ដល់អំណាច ទៅដល់មូលដ្ឋានក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ដោយផ្ទាល់៕. សំរិត