ការបិទខ្ទប់លំនៅដ្ឋានប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងដោយការបង្ខំចិត្ត មិនមានចេតនាធ្វើបាបពលរដ្ឋនោះទេ
ភ្នំពេញ៖ ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងដោយការបង្ខំចិត្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយធ្វើបាបបងប្អូននោះទេ ពោលគឺ ចង់អោយបងប្អូនប្រជាពលរដ្ឋ មានសុខមោលភាពល្អ ជៀសវាងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងវាយលុកនៅក្នុងរាជធានីនិងនៅតាមបណ្តាលខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នេះបើតាមប្រសាសន៍លើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំ អាជ្ញាធរនិងមន្ត្រី
នាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងកម្មករ–កម្មការនី ចំនួ៧៩៨៨គ្រួសារ នៅក្នុងតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៥ មិថុនានេះ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ និងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ–១៩ ទាំងអស់គ្នា។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទខ្ទុបភូមិដ្ឋាន និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូននេះ មានចំនួ៧៩៨៨គ្រួសារស្មើនឹង៧៩៨៨បន្ទប់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងទឹកបរិសុទ្ធ១កេស ។
លោកបានបន្ដថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចមិនត្រឹមតែរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ សម្តេចនូវបានកសាងប្រទេសជាតិមួយនេះ ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចំរើន មានទាំងរោងចក្រ សហគ្រាស កម្មករ កម្មការីនីបានប្រាក់ខែខ្ពស់ថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់បែបយ៉ាងក្នុងការលុបបំបាត់និងកាត់ផ្តាច់អោយបាននូវការរីករាលដាលជម្ងឺកូវីដ–១៩ ដោយមានទាំងការបង្ខំចិត្តបិទខ្ទប់តំបន់មានហានិភ័យមួយចំនួន ការផ្តល់ស្បៀងអាហារនិងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកប្រាក់ថែមទៀត ។ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលនិងអនុវត្ត ៣កុំ ៣ការពាររបស់សម្តេចតេជោហ៊ុន សែន។
លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍បញ្ជាក់ថា អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានី ខណ្ឌ នាំទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជម្ងឺកូវីដ–១៩នេះ បានចំនួនជាង១០ម៉ឺន៥ពាន់គ្រួសារហើយ ។ ជាក់ស្តែងនៅពេលនេះយើងបានបន្តការចែកជូនប្រជាពលរដ្ឋចំនួន៧៩៨៨គ្រួសារទៀត នៅតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យនេះថែមទៀត៕