ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ បើកទៅបុកម៉ូតូ រួចកិនបុរសម្នាក់ បែកខួរស្លាប់ ឯប្រពន្ធរបួសស្រាល

81

 

ភ្នំពេញ ÷ បុរសម្នាក់ត្រូវបានបែកខួរស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ឯប្រពន្ធរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ ត្រូវរថយន្តកុងតឺន័របើកបទឆ្លងផ្លូវ ទៅបុកចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូដួលរួចកិនពីលើស្លាប់។ ចំណែកឯតៃកុងរថយន្តបង្ក បើកទ្វារចុះចេញពីរថយន្ត រត់គេចខ្លួនបាត់ស្រមោល ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១២និង ២០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចទល់មុខសាលាបឋមសិក្សាវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ កែន រុំ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងភ្លើង មានស្រុកកំណើត នៅខេត្តស្វាយរៀង។
ចំណែកប្រពន្ធអង្គុយពីក្រោយគ្រាន់តែរងរបួសស្រាល។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូស្គុបពីមួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1-GB 5948 ជិះដោយប្តីប្រពន្ធ២នាក់ បានធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តកុងតឺន័រ មួយគ្រឿងទៀត ក្បាលពណ៌ត្រួយចេក ពាក់ផ្លាកលេខ ព្រះសីហនុ 3A 6917 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែ ក្នុងទិសដៅពីជើង រួចបត់ស្តាំឡើងផ្លូវជាតិលេខ១ ទៅខាងលិចវិញ ស្រាប់តែបួងចង្កូតមិនផុត ជ្រុលទៅបុកម៉ូតូស្គុបពីចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូដួលរួចកិនពីលើបុរសម្នាក់ បែកខួរស្លាប់យ៉ាងអណោចអាធ័ម។ ចំណែកឯប្រពន្ធជនរងគ្រោះ ដែលអង្គុយពីក្រោយគាត់ បានខ្ទាតចេញ គ្រាន់តែរងរបួសជើងបន្តិចបន្តួចតែប៉ុណ្ណោះ។

សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹង ខាងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចពិនិត្យ ជុំវិញកន្លែងកើតហេតុវាស់វែង យករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅ ខាងចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង