ប្រជាពលរដ្ឋចំនួន៧៩៨៨គ្រួសារ ស្មើនឹង៧៩៨៨បន្ទប់ នៅភូមិព្រៃទារ១ សង្កាត់ចោមចៅទី៣ បានទទួលអំណោយ សម្ដេចតេជោ និងសម្ដេចកតិព្រឹទ្ធបណ្ឌិត ក្នុងពេលបិទខ្ទប់
ភ្នំពេញ៖ ក្នុងពេលចែកអំណោយអភិបាលរាជធានី លើកឡើងថា៖ ការបិទខ្ទប់លំនៅដ្ឋានរបស់ បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងដោយការបង្ខំចិត្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយ ធ្វើបាបបងប្អូននោះទេ ពោលគឺ ចង់ឱ្យបងប្អូនប្រជាពលរដ្ឋ មានសុខមោលភាពល្អ ជៀសវាងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹង កំពុងវាយលុកនៅក្នុងរាជធានី និងនៅតាមបណ្តាលខេត្តនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ប្រសាសន៍លើកឡើងបែបនេះ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំ អាជ្ញាធរនិងមន្ត្រី
នាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួ៧៩៨៨គ្រួសារ នៅក្នុងតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៥ មិថុនា២០២១។
លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបិទខ្ទប់លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ និងរួមគ្នាទប់ស្កាត់ឲ្យបាន នូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទខ្ទុបភូមិដ្ឋាន និងនាំយកអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូននេះ មានចំនួ៧៩៨៨គ្រួសារស្មើនឹង៧៩៨៨បន្ទប់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងទឹកបរិសុទ្ធ១កេស ។
លោកបានបន្ដថា ៖សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចមិនត្រឹមតែរំដោះ ប្រជាពលរដ្ឋចេញពីការ កាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ សម្តេចនូវបាន កសាងប្រទេសជាតិមួយនេះ ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចំរើន មានទាំងរោងចក្រ សហគ្រាស កម្មករ កម្មការីនីបានប្រាក់ខែខ្ពស់ថែមទៀត។ ជាក់ស្តែងអ្វីដែលយើង បានឃើញនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់បែបយ៉ាង ក្នុងការលុបបំបាត់និងកាត់ផ្តាច់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ដោយមានទាំងការបង្ខំចិត្តបិទ ខ្ទប់តំបន់មានហានិភ័យមួយចំនួន ការផ្តល់ស្បៀងអាហារ និងការស្វះស្វែងរកវ៉ាក់សាំងមក ចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយ មិនយកប្រាក់ថែមទៀត ។ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តវិធានរបស់ក្រសួង សុខាភិបាលនិងអនុវត្ត ៣កុំ ៣ការពាររបស់ សម្តេចតេជោហ៊ុន សែន។
ក្នុងឱកាសនោះដែរលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍បញ្ជាក់ថា៖ អំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានី ខណ្ឌ នាំទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩នេះ បានចំនួន ជាង១០ម៉ឺន៥ពាន់គ្រួសារហើយ ។ ជាក់ស្តែងនៅពេលនេះ យើងបានបន្តការចែកជូន ប្រជាពលរដ្ឋចំនួន៧៩៨៨គ្រួសារទៀត នៅតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យនេះថែមទៀត៕