នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ណែនាំពីសកម្មភាព និងការរៀបចំកម្លាំងនគរបាល ការពារដំណើរការរៀបចំ ការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំ ស្តីពីសកម្មភាព និងការរៀបចំកម្លាំងនគរបាលការពារដំណើរការ រៀបចំការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី ២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលនឹងត្រូវផ្ដើមសកម្មភាព ចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ចប់ភារ កិច្ចសព្វគ្រប់ជាស្ថាពរ ផ្អែកតាមប្រតិទិននៃការបោះឆ្នោត សាកល្បងដែលត្រូវបាន កែសម្រួលដោយ គជប ។ ការបោះឆ្នោតសាកល្បងនឹង ត្រូវប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យទី ២០ ខែមិថុនា ឆ្នាំ២០២១ និងត្រូវរៀបចំឡើងនៅក្នុងរាជធានី ខេត្តទាំង ២៥ ដោយរាជធានី ខេត្តនីមួយៗត្រូវជ្រើសរើសយកឃុំ សង្កាត់ ចំនួន ១ប៉ុណ្ណោះធ្វើជាគំរូសំណាក និងមានការិយាល័យបោះឆ្នោត ចំនួន ២ សម្រាប់ឃុំ ឬសង្កាត់នីមួយៗ ដែលការិយាល័យមួយត្រូវមានទីតាំងនៅទីប្រជុំជន និងមួយទៀតនៅឆ្ងាយពីទីប្រជុំជន ។ ការិយាល័យបោះឆ្នោត នីមួយៗត្រូវមានអ្នកបោះឆ្នោត យ៉ាងច្រើន ចំនួន ៥០០ នាក់ ។ ក្នុងដំណើរការរៀបចំការ បោះឆ្នោតសាកល្បង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានកំណត់អំពីភារកិច្ចសំខាន់ៗ កាលបរិច្ឆេទនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត កាលបរិច្ឆេទនៃការ បោះឆ្នោត ការបូកសរុបលទ្ធផល នៃការបោះឆ្នោត និងការងារពាក់ព័ន្ធសំខាន់ៗដទៃទៀត រួមមាន៖
– ការប្រជុំពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ និងវគ្គបណ្តុះបណ្តាល អំពីការបោះឆ្នោតសាកល្បង
– ការចុះឈ្មោះភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាននៅ គ.ជ.ប
– ការកំណត់ទីតាំងការិយាល័យបោះឆ្នោត ការរៀបចំបញ្ជីបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត
-ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងការិយាល័យបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត
-ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលបោះឆ្នោត
– សិក្ខាសាលាបូកសរុប វាយតម្លៃ និងផ្សព្វផ្សាយរបាយការណ៍បោះឆ្នោតសាកល្បង ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងថា ដើម្បីជំរុញព្រឹត្តិការណ៍ នៃការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នេះឱ្យ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការធានាបាននូវបរិយាកាស សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ស្របពេល ដែលវិធានសុខាភិបាលត្រូវបានបន្តយកចិត្តទុកដាក់ជំរុញការ អនុវត្តដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់ សេនាធិការដ្ឋាន នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងអស់លោកស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យសហការអនុវត្តតាមគោលការណ៍កំណត់ ដូចតទៅ៖
១. ត្រូវធ្វើជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្នុងការចាត់តាំង អនុវត្តតាមស្មារតី នៃសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី សកម្មភាព និងការរៀបចំកម្លាំងនគរបាល ការពារដំណើរការរៀបចំ ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១ នេះ ដោយសហការជាមួយ គ.ជ.ប ឬ/និងគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ ថ្នាក់ដែលមាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងគណៈកម្មការឃុំ សង្កាត់រៀប ចំការបោះឆ្នោត (គឃសប) ដើម្បី ៖
ផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជប សេចក្ដីសម្រេច និង សេចក្ដីណែនាំពាក់ព័ន្ធ ការបោះឆ្នោតសាកល្បង ទៅដល់អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទក្នុងរាជធានី ខេត្តនីមួយៗ ពិសេសកម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលជាកម្លាំងត្រូវបាន ចាត់តាំងឱ្យបំពេញភារកិច្ច ការពារដំណើរការរៀបចំការបោះឆ្នោតសាកល្បង ។
យកចិត្តទុកដាក់អនុវត្តតាម វិធានសុខាភិបាល ពិសេសត្រូវអនុវត្តតាមវិធានការ “ ៣ ការពារ និង ៣ កុំ ” ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ចូលរួមណែនាំ និងផ្សព្វផ្សាយ បន្តអំពីវិធានសុខាភិបាលដល់កម្លាំង ប្រតិបត្តិការទាំងអស់ និងប្រជាពលរដ្ឋ ដែលត្រូវបានស្រង់ឈ្មោះចូលរួម បោះឆ្នោតសាកល្បង ដោយត្រូវចូលរួមក្នុង “យុទ្ធនាការជាតិចាក់វាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសពីការឆ្លងជំងឺដ៏កាចសាហាវនេះ ។ ”
២. ទទួលខុសត្រូវដោយផ្ទាល់ក្នុងការរៀបចំផែនការសកម្មភាព ការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សម្រាប់ ដំណើរការបោះឆ្នោតសាកល្បង ក្នុងភូមិសាស្ត្រនៃរាជធានី ខេត្តនីមួយៗ ដោយត្រូវ ៖
-ត្រួតពិនិត្យ និងរៀបចំកម្លាំងនគរបាល ក្រោមឱវាទ ដើម្បីបំពេញភារកិច្ចការពារ ទីតាំងរៀបចំបញ្ជី បោះឆ្នោត និងការិយាល័យបោះឆ្នោត ដែលស្ថិតនៅតាមឃុំ សង្កាត់ពាក់ព័ន្ធ ការពារការិយាល័យបោះឆ្នោត ការ ពារនៅតាមភូមិសាស្ត្រ ខាងក្រៅក្នុងក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ និងកម្លាំងប្រចាំការនៅ នឹងកន្លែងសម្រាប់រាជធានី ខេត្តនីមួយៗ ផ្អែកតាមចំនួនដែលត្រូវបានកំណត់ ។
– ក្នុងអំឡុងពេលបោះឆ្នោតសាកល្បងនេះ ដើម្បីការពារបណ្តាគោលដៅ និងមុខសញ្ញាសំខាន់ៗ កម្លាំងនគរបាលការពារត្រូវ បានរៀបចំដាក់ពង្រាយ និងប្រចាំការនៅរាជធានី ខេត្តទាំង ២៥ សរុប ៧០០នាក់ ៖
ក/ ការពារតាមទីតាំងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) កម្លាំងនគរបាលចំនួន ២ នាក់ ការពារតាមទីតាំង គឃសប ក្នុងរាជធានី ខេត្តនីមួយៗ ២៥ គឃ.សប x ២ នាក់ = ៥០ នាក់
ខ/ ការពារតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត កម្លាំងនគរបាលចំនួន ៣ នាក់ ការពារតាមការិយាល័យនីមួយៗ
៥០ ការិយាល័យ x ៣ នាក់ = ១៥០ នាក់
គ/ ការពារនៅតាមភូមិសាស្ត្រខាងក្រៅក្នុងក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ កម្លាំងនគរបាលចំនួន ១០ នាក់ ប្រចាំការនៅស្នងការដ្ឋាននគរបាលរាជធានី ខេត្តនីមួយៗ ២៥ រាជធានី ខេត្ត × ១០ នាក់ = ២៥០ នាក់
កម្លាំងនគរបាលចំនួន ១០ នាក់ ការពារនៅតាមស្រុក ក្រុង ខណ្ឌពាក់ព័ន្ធនីមួយៗ ២៥ ស្រុក ក្រុង ខណ្ឌ x ១០ នាក់ = ២៥០ នាក់
ឃ/ប្រចាំការនៅនឹងកន្លែងសម្រាប់រាជធានី ខេត្ត
ត្រូវចាត់ចែងកម្លាំងសមស្រប តាមស្ថានភាពជាក់ស្ដែង ដើម្បីចូលរួមការពារ គោលដៅសំខាន់ៗ ផ្សេងទៀត ដូចជាៈ ទីតាំងសម្រាប់ប្រជុំ ឬសិក្ខាសាលានានា ទីកន្លែងរក្សាទុក ក្បួន ឬការដឹកជញ្ជូនសម្ភារ បរិក្ខារ និងឯកសារបម្រើឱ្យការងារ បោះឆ្នោតសាកល្បង ពីគោលដៅមួយទៅគោលដៅមួយ ផ្អែកតាមសំណូមពររបស់ គ.ជ.ប ឬ/និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។
– ផែនការសកម្មភាពនេះ ត្រូវដាក់ចេញដល់ កម្លាំងការពារក្រោមចំណុះ ដើម្បីឱ្យសហការ និង អនុវត្តនៅក្នុង សមត្ថកិច្ចដែនដីរាជធានី ខេត្តនីមួយៗ ឱ្យបានមុន ពេលកំណត់ចាប់ផ្ដើមសកម្មភាពការងារ របស់ គ.ជ.ប តាមប្រតិទិននៃការបោះឆ្នោត សាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១(កែសម្រួល) ។
៣. ត្រូវចាត់កម្លាំងនគរបាលការពារ ចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយ គ.ជ.ប ឬ/និង លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ .ខប) ឬការរៀបចំការបណ្តុះបណ្តាលបន្ត ដល់កម្លាំង នគរបាលដែលបំពេញភារកិច្ច ការពារសន្តិសុខ នៅតាមឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្តនីមួយៗ អំពីតួនាទីភារកិច្ចការពារ អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការ ចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតសាកល្បង រួមនិងសេចក្តីណែនាំពាក់ព័ន្ធនានា ដោយត្រូវសហការជាមួយ លធ.ខប ដើម្បីស្នើសុំគួ បង្គោលចូលរួម ក្នុងការបណ្តុះបណ្តាលនីមួយៗឱ្យបានសមស្រប និងទាន់ពេលវេលា ។
៤. ចាប់ពីពេលនេះ រហូតដល់ចប់ការបោះឆ្នោតសាកល្បង សេនាធិការដ្ឋាន នាយកដ្ឋាន អង្គភាព ពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តនីមួយៗ ត្រូវពង្រឹង ក្រុមប្រចាំបញ្ហារបស់ខ្លួន ដើម្បីទទួល និង ផ្លាស់ប្តូរព័ត៌មាន ដែលពាក់ព័ន្ធស្ថានការណ៍សន្តិសុខទូទៅ បម្រើសកម្មភាព ការងារបោះឆ្នោតសាកល្បងទាំងមូល និងរាយការណ៍ជាប្រចាំ មកអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យបានទៀងទាត់ និងទាន់ពេលវេលា យ៉ាងតិចមួយ ថ្ងៃ ២ដង ពេលព្រឹកនៅម៉ោង ៨និង០០នាទី និងពេលរសៀលនៅម៉ោង ១៦និង០០នាទី រហូតដល់ចប់ភារកិច្ច ៕