ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោងធ្វើការអភិវឌ្ឍន៍ កែលម្អរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ចំនួនពីរកន្លែងបន្ថែមទៀតនៅខេត្តកែប

713

 

កែប ៖ នៅក្នុងកិច្ចប្រជុំមួយនារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម សោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងថា បើទោះបីជាយើងកំពុងជួប នូវស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ តែយើងមិនភ្លេចសកម្មភាព អភិវឌ្ឍន៍ខេត្តដែរ ព្រោះខេត្តកែប ជាគោលដៅទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ទិសដៅ ជាខេត្តទេសចរណ៍សំរាកលំហែរ ប្រណីតកម្រិតខ្ពស់នាពេលអនាគត។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា ដេីម្បីឆ្ពោះទៅសម្រេច បាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យើងត្រូវតែខិតខំបំពេញបន្ថែមនូវ សម្បទាទេសចរណ៍ ជាពិសេសទីតាំងសម្រាកលម្ហែ តំបន់ឆ្នេរខ្សាច់កំសាន្ត តំបន់អេកូទេសចរណ៍ ជាដើម។

ឯកឧត្តម បញ្ជាក់ថា ចំពោះមុខ គណៈកម្មារអភិវឌ្ឍតំបន់ឆ្នេរ កំពុងសិក្សាទីតាំងធ្វើការអភិវឌ្ឍន៍ កែលម្អរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ ចំនួនពីរកន្លែងបន្ថែមទៀត ទីមួយគឺទីតាំងឆ្នេរខ្សាច់កំសាន្ត ស្តិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប ទីតាំងទាំងពីរនេះ និងអភិវឌ្ឍន៍ប្រែក្លាយ តំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងផងដែរ ។

ឯកឧត្តមស្នើឲ្យក្រុមការងារពាក់ព័ន្ធ ត្រូវពន្លឿនសិក្សាទីតាំងនេះឲ្យបានលឿន និងធ្វើការសហការគ្នា ជាមួយក្រុមការងារអន្តរក្រសួង នៃគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីអោយគម្រោងមួយនេះ ឆាប់ទទួលបានជោគជ័យ ដេីម្បីលើកកំខ្ពស់គុណភាព ទេសចរណ៍ និងជួយអោយប្រជាពលរដ្ឋមាន ការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារ ប្រជាពលរដ្ឋកាន់ តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកែប ក៏បានណែនាំអោយបន្តរួមគ្នា ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង