ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលចិន នឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥លានដូសក្នុងខែមិថុនា

98

 

ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសចិន បានសន្យាបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដួសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់ត ស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះសរ ថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្ត (១៩២១-២០២១)។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាននូវ សមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុង ការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។

ឯកឧត្តម វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថានឹងនាំចូលផលិតផលកសិកម្ម បន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដួសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគ សម្ភារៈវេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេស ទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសចិន និងកម្ពុជា បានអញ្ជើញចូលរួមជាសក្ខីភាព ក្នុងការចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ចំនួន២ រួមមាន៖

១.គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៥។

ឯកសារខាងលើនេះបានរៀបចំផែនការយ៉ាងលម្អិត សម្រាប់កិច្ចសហប្រតិបត្តិការ វិស័យវប្បធម៌ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

២.អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

ភាគីទាំងពីរបានឯកភាពរួមគ្នាក្នុងការដោះស្រាយហានិភ័យនិងបញ្ហាប្រឈមនៃបណ្តាញអ៊ីនធើណេតនិងសន្តិសុខទិន្នន័យ។

ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខទិន្នន័យសកល។ ការចុះហត្ថលេខាលើឯកសារខាងលើ បានបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពសំខាន់និងថ្មីៗ ដែលទទួលបានក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង