លោកយាយនៅខេត្តកំពង់ស្ពឺម្នាក់ ត្រូវបានកូនស្រីបង្កើតសងគុណ ដោយបណ្តេញចេញពីផ្ទះ, មករកលោកដួង តារា ជួយរកយុត្តិធម៌
ភ្នំពេញ ៖ លោកយាយនៅខេត្តកំពង់ស្ពឺម្នាក់ ត្រូវបានកូនស្រីបង្កើតគាត់អាយុជាង៣០ឆ្នាំ បានបណ្តេញគាត់ចេញពីផ្ទះដែលគាត់ បានរស់នៅចិញ្ចឹមបីបាច់ថែរក្សាកូនម្នាក់នេះ ចាប់តាំងពីតូចរហូតដល់ពេញវ័យ មានប្តី មានកូន តែចុងក្រោយត្រូវបានកូនស្រីសងគុណវិញ ដោយការបណ្តេញចេញពីផ្ទះ ហើយនៅពេលនេះលោកយាយបានមករកលោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែនដើម្បីឲ្យជួយរកយុត្តិធម៌ ដោយលោកយាយគ្មានលុយដើម្បីជួយមេធាវីតតាំងជាមួយកូនស្រីនោះទេ។
លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានលោកយាយនៅខេត្តកំពង់ស្ពឺម្នាក់ បានទាក់ទងមកខ្ញុំដោយគិតស្មានតែខ្ញុំជា “ចៅក្រមកាត់ក្តី” ទើបគាត់មកសុំពឹងខ្ញុំឲ្យជួយរកយុត្តិធម៌ជូនគាត់ផង។
លោកបន្តថា ខ្ញុំបានប្រាប់ណែនាំគាត់ឲ្យទៅរកមេធាវីជួយការពារក្តី បើលោកយាយមានរឿងអយុត្តិធម៌។ តែគាត់បានប្រាប់ខ្ញុំថាគ្មានលុយគ្រប់ទេ ព្រោះសេវាមេធាវីដែលគាត់ធ្លាប់បានសួរគេពីមុនគឺ ២ពាន់ដុល្លារ ហើយថ្មីៗនេះគាត់បានចងការប្រាក់គេបាន១ពាន់ដុល្លារ យកទៅបង់ថ្លៃសេវាមេធាវីម្នាក់រួចហើយ គឺនៅខ្វះគេ១ពាន់ទៀត។
មកទល់ពេលនេះ គាត់នៅមិនទាន់អាចរកលុយគ្រប់ចំនួនហើយ មិនដឹងថាត្រូវធ្វើយ៉ាងណា។ ដោយពិបាកចិត្តខ្លាំងពេក ទើបលោកយាយសម្រេចចិត្តដាក់លិខិត គោរពសុំអន្តរាគមន៍មកសម្តេចតេជោ ហើយក៏បានជួបខ្ញុំដោយមានផ្លែឈើ៣ថង់មកជាមួយផង។
លោកបានបញ្ជាក់ថា “លោកយាយប្រាប់ខ្ញុំថា កូនស្រីបង្កើតគាត់អាយុជាង៣០ឆ្នាំ បានបណ្តេញគាត់ចេញពីផ្ទះដែលគាត់បានរស់នៅ ចិញ្ចឹមបីបាច់ថែរក្សាកូនម្នាក់នេះ ចាប់តាំងពីតូចរហូតដល់ពេញវ័យ មានប្តី មានកូន តែចុងក្រោយត្រូវបានកូនស្រីសងគុណវិញ ដោយការបណ្តេញចេញពីផ្ទះ។ ស្តាប់ទៅរន្ធត់ចិត្តខ្លាំងណាស់! ខ្ញុំនឹងពិនិត្យសំណេីរសុំលោកយាយ”។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕