ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម បញ្ជាអភិបាលខេត្តជាប់ព្រំដែនវៀតណាម ពង្រឹងត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ប្រភេទថ្មី

480

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាអភិបាលខេត្តជាប់ព្រំដែនវៀតណាម ពង្រឹងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ប្រភេទថ្មី។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជម្រាបមក ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមក្នុងកម្មវត្ថុ ៖ ស្តីពីការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការនិង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រភេទថ្មីនៅកម្ពុជាដោយយោង៖ -លិខិតលេខ ១៨២ សជណ.មយ ចុះថ្ងៃច័ន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី -សេចក្ដីណែនាំលេខ ០១៦ សណន ចុះថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង សូមជម្រាបឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ជ្រាបថា កន្លងមកដើម្បី ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្តី ណែនាំលេខ០១៦ សណន ចុះថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុស ច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។ ដើម្បីរក្សាចំណងមិត្តភាព និងពង្រឹងកិច្ច សហប្រតិបត្តិការរវាងអាជ្ញាធរខេត្តនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តនៃសាធារណរដ្ឋសង្គមនិយម វៀតណាមដែលមានព្រំប្រទល់ជាប់គ្នានៅតំបន់ព្រំដែន និងដើម្បីបង្ការទប់ស្កាត់ការនាំជំងឺកូវីដ-១៩ ឆ្លង កាត់ព្រំដែនប្រទេសទាំងពីរ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ត្រូវយកចិត្តទុក ដាក់លើកិច្ចការដូចខាងក្រោម៖

–ត្រូវធ្វើការសម្របសម្រួលនិងទំនាក់ទំនងជាមួយអភិបាលខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដោយអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឬកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅតាមតំបន់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំមនុស្សឆ្លងដែនដោយ ខុសច្បាប់ ការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែននៃខេត្តនីមួយៗ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញ កសិផល គ្រឿងឧបភោគបរិភោគនៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។ បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំ រដ្ឋបាលខេត្តត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីលទ្ធផលនៃកិច្ចប្រជុំជូន មកក្រសួងមហាផ្ទៃកុំបីខាន។

–ត្រូវពង្រឹងអនុវត្តឱ្យបានតឹងរ៉ឹងនិងម៉ឹងម៉ាត់នូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព ឆ្លងដែនដោយខុសច្បាប់ឱ្យមានប្រសិទ្ធភាព តាមស្មារតីនៃសេចក្ដីណែនាំលេខ ០១៦ សណន ចុះថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទ។

–បន្តជំរុញអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សាធារណជននិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនឱ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនស្របតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី កុំឱ្យមានមេរោគកូវីដ-១៩ ឆ្លងមកលើបុគ្គលនិងសហគមន៍មូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង