ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំធ្វើជំរឿន សត្វត្មាតប្រចាំឆ្នាំ២០២១ នៅលើទីតាំងចំនួន៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិ

77

ព្រះវិហារ៖ ជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅកម្ពុជា សហការរៀបចំដោយ ក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងកិច្ចការ អភិរក្សធនធានធម្មជាតិ ត្រូវបានបើកធ្វើឡើងចាប់តាំងពី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះរហូតទាល់តែអស់ នៅលើទីតាំងចំនួន៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតន គិរី ដែលជឿជាក់ថា មានវត្តមានសត្វត្មាត រស់នៅ កម្ពុជាច្រើនផងដែរ ។
នេះជាការអង្កេតតាមដានជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដើម្បីដឹងថា តើនៅក្នុងតំបន់ការពារធម្មជាតិ មានវត្តមានសត្វព្រៃជីវៈចម្រុះអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការការពារ និងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចូលរួមធ្វើជំរឿនដោយផ្ទាល់ នៅក្នុងដែនជម្រកសត្វព្រៃឆែបថ្លែងឱ្យដឹងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជា ធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ទីតាំងផ្សេងគ្នានៅក្នុងភូមិភាគឦសាន នៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្ត និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈម ណ្ឌលអង្គរដើម្បីអភិរក្សជីវៈ ចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

សូមបញ្ជាក់ថា៖ នៅអាហារដ្ឋានត្មាតក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញវត្តមាន សត្វត្មាតចំនួន ៦១ក្បាលក្នុងនោះ រួមមានត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើងចំនួន ២ក្បាល និងត្មាតត្មាតត្នោតចំនួន ១៩ក្បាល។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅ តាមតំបន់ការពារធម្មជាតិតាមរយៈការផ្តល់ចំណីបន្ថែមមួយខែ ២ដងដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវការយល់ដឹងស៊ីជម្រៅ នៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ មានការរៀបចំការផ្តល់ចំណី បន្ថែមតាមរយៈការធ្វើ«អាហារដ្ឋានត្មាត» ចំនួន ១០ដងដើម្បីតាមដានចំនួនសត្វត្មាត។ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុត នៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជារួមមាន ត្មាតផេះ ត្មាត ភ្លើង និងត្មាតត្នោត ហើយសត្វត្មាតទាំងនោះ មានវត្តមាននៅភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប។
សត្វត្មាតមានវត្តមាននៅកម្ពុជា មានតែបីប្រភេទគឺទី១៖ ត្មាតភ្លើង, ទី២៖ ត្មាតត្នោត និងទី៣៖ ត្មាតផេះ។ សត្វត្មាតជាប្រភេទ ជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងក្រចេះ នៃប្រទេស កម្ពុជា។ ក្រសួងបរិស្ថានបានសហការ ជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន ៥ដងក្នុងមួយឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាត ទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។
សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមាន ការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានា ខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅ ក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុត ពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។
លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួន បានប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុ ចម្បងដែលបណ្ដាលឱ្យសត្វត្មាតងាប់ ដែរដោយសារតែសត្វត្មាតទាំងនោះ ស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។
មន្ដ្រីបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាតដោយ បញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។ សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយ ស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតក ធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភព លោកទាំងមូលជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរស ម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង