ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីជប៉ុន ត្រៀមផ្ដល់កិច្ចសហការគាំទ្រ ដល់ការប្រារព្ធបណ្ដាព្រឹត្តិការណ៍ធំៗ ឱ្យទទួលបានជោគជ័យ

53

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន និងបានថ្លែងអំណរគុណ ចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុន មកលើដំណើរការអភិវឌ្ឍនៅកម្ពុជាក្នុងពេលកន្លងមក ។

សម្ដេចបន្តថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បានបង្កជាវិបត្តិសាកល ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុនក៏បានខិតខំដោះស្រាយបញ្ហានេះ ។ សម្ដេចបានថ្លែងអំណរគុណជប៉ុនដែលរៀបចំព្រឹត្តិការណ៍អូឡាំពិក ហើយបានចែករំលែកការលំបាក និងបញ្ហាប្រឈមនានាដែលរដ្ឋាភិបាលជប៉ុនខិតខំដោះស្រាយក្នុងវិបត្តិកូវីដ-១៩នេះ ។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានឯកភាព និងគាំទ្រចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម អំពីទំនាក់ទំនង រវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ក៏ដូចជាបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩ ខណៈប្រទេសជប៉ុនកំពុងដំណើរការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ។
ឯកឧត្តមបានវាយតម្លៃជារួម ប្រកបដោយវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ។

ឯកឧត្តមក៏បានលើកឡើងពីការរួមចំណែករបស់រដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជួយគាំទ្រដល់ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈជំនួយផ្នែកសុខាភិបាល ដូចជាឧបករណ៍សម្ភារៈបំរើឱ្យវិស័យសុខាភិបាល និងកម្ចីហិរញ្ញប្បទានបំរើដល់កិច្ចដំណើរការនយោបាយសង្គមនានា ឆ្លើយតបនឹងបញ្ហាដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។

ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក៏បានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាព ប្រកបដោយភាពល្អប្រសើរ លើការងារបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស ដោយបានជម្រាបសម្ដេចក្រឡាហោមទៀតថា ថ្វីដ្បិតតែមានបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ ក៏ប៉ុន្តែរដ្ឋាភិបាលជប៉ុន នៅតែបន្តគាំទ្រដល់ការពង្រឹងសមត្ថភាព តាមរយៈការផ្ដល់អាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលនានា ដល់មន្រ្តីក្រសួងមហាផ្ទៃ ។

ជាមួយគ្នានេះ ឯកឧត្តមក៏មានបំណងចង់ពង្រីក កិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីធ្វើយ៉ាងណាបន្តបណ្ដុះបណ្ដាលធនធានមនុស្សល្អៗ ឱ្យក្លាយជាមន្រ្តី និងថ្នាក់ដឹកនាំវ័យក្មេងសម្រាប់ចូលរួម ក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលសម្ដេចក្រឡាហោមជាប្រធានទទួលដឹកនាំកិច្ចការនេះ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ចំពោះការលើកឡើងរបស់ឯកឧត្តម អំពីជំនួយនានា ដែលរដ្ឋាភិបាលជប៉ុន បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនោះរាប់ទាំងជំនួយផ្នែកសុខាភិបាល ការផ្ដល់កម្ចីសម្រាប់អនុវត្តគោលនយោបាយសង្គម និងការជួយគាំទ្រដល់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងក្រសួងមហាផ្ទៃផ្ទាល់ ។

សម្ដេចក្រឡាហាមក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូត ដែលថាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការរយៈពេល១០ឆ្នាំបន្តទៀត ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ខ្លួន ដែលដំណាក់កាលនេះ ជាដំណាក់កាលដ៏មានសារៈសំខាន់ ត្រូវផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសធនធានមនុស្ស ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីរីករាយចំពោះ គោលបំណងរបស់ជប៉ុន ក្នុងការបន្តជួយគាំទ្រ ដល់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងសូមសំណូមពរ ដល់រាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់ផ្នែកនេះទៀត ដើម្បីឱ្យស្របតាមតម្រូវការនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចំរើន ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្ដែងការអបអរសាទរ ចំពោះវឌ្ឍនភាពកន្លងមក នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងបានលើកឡើងថា នៅក្នុងឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងត្រូវប្រារព្ធធ្វើនៅព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ជាតិដូចជាការបោះឆ្នោតជាដើម ។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់ភាគីជប៉ុន សម្រាប់ការបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនោះ មានដំណើរការទៅប្រកបដោយជោគជ័យ ។

តបទៅនឹងការលើកឡើងនេះ សម្ដេចក្រឡាហោម បានជម្រាបជូនថា ជាការពិតបណ្ដាព្រឹត្តិការណ៍ជាតិធំៗ ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រមទាំងប្រារព្ធធ្វើជាបន្តបន្ទាប់នោះ កម្ពុជាបានត្រៀមថា នឹងប្រព្រឹត្តទៅតាមកាលវិភាគ ឬកម្មវិធីដែលបានគ្រោងទុក ដោយមិនមានអ្វីប្រែប្រួលនោះឡើយ ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណបំណងដ៏ល្អរបស់ភាគីជប៉ុន ដែលត្រៀមផ្ដល់កិច្ចសហការគាំទ្រ ដល់ការប្រារព្ធបណ្ដាព្រឹត្តិការណ៍ធំៗ ទាំងនោះឱ្យទទួលបានជោគជ័យ ហើយក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក៏ត្រៀមខ្លួន ក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ ក៏ដូចជាពិភាក្សាលើបញ្ហានានា ក្នុងគោលដៅពង្រឹងពង្រីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា ជប៉ុនឱ្យកាន់តែរីកចំរើនខ្លាំងក្លាថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង