ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី រៀបចំផែនការគ្រប់គ្រង ការរីករាលដាលជំងឺកូទីដ-១៩ នៅតាមរោងចក្រ ដើម្បីធានាសុខុមាលភាព សុវត្ថិភាព និងជីវភាព បុគ្គលិក និងកម្មករ -និយោជិត

48

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានរៀបចំផែនការ ស្តីពី វិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ ១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ ។
ដើម្បីឱ្យផែនការ ស្តីពី វិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ ១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងដើម្បីឱ្យគម្រោងផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ នារសៀលថ្ងៃទី១០ មិថុនានេះ លោកឃួង ស្រេង. អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈ video conference មួយ ជាមួយតំណាងក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖ការរៀបចំផែនការនេះ គឺក្នុងគោលបំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ តាមរយៈការកំណត់នូវវិធានការចាំបាច់ ដោយបែងចែកជា ៣ ដំណាក់កាល គឺ (១) វិធានការ ចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស (២) វិធានការ រយៈ ពេលមធ្យម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរោងចក្រ-សហគ្រាស និង (៣) វិធានការរយៈពេលវែង ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស។
លោកបន្តថា៖  ការបង្កើតឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញាវត្ថុនេះឡើង គឺដើម្បីឱ្យផែនការនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ យកទៅអនុវត្តចំគោលដៅ នោះគឺ ទី១ វិធានការ ចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស ទី២ វិធានការ រយៈពេលមធ្យម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរោងចក្រ-សហគ្រាស និង ទី៣វិធានការរយៈពេលវែង ។

ក្នុងផែនការនេះក៏បានរំលេចផងដែរថា ៖រាជធានីភ្នំពេញ ជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងការទូត ក្នុងនោះ អាស្រ័យដោយកត្តាភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម និងសេវារដ្ឋបាលសាធារណៈ រោងចក្រ-សហត្រាសប្រមាណ ៦០ភាគរយបានបោះទីតាំងក្នុងមូលដា្ឋនរាជធានីភ្នំពេញ។

ទោះបីស្ថិតក្នុងស្ថានភាពនការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែ សកម្មភាពអាជីវកម្ម-ផលិតកម្មរបស់ រោងចក្រ-សហគ្រាសស្ទើរតែទាំងអស់ នៅតែដំណើរការ ជាប្រក្រតី និងមានរោងចក្រ -សហគ្រាសតិចតួចប៉ុណ្ណោះ ដែលបានផ្អាកដំណើរការ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ, រោងចក្រវិនិយោគមានចំនួន ៧៤៦ មូលដ្ឋាន និងឧស្សាហកម្មខ្នាតតូច-សិប្បកម្មមានចំនួន ៤.៩៨៥ មូលដ្ឋាន បានបង្កើតការងារដោយផ្ទាល់ ចំនូន ៤៧៦.៣៥៩ នាក់ និងដោយប្រយោលជាច្រើនសែននាក់ផ្សេងទៀត ហើយអនុគណៈកម្មាធិការវិនិយោគ រាជធានីភ្នំពេញ បានចុះបញ្ជីស្ថាពរជូនរោងចក្រវិនិយោគចំនួន ៣៤ មូលដ្ឋាន បន្ថែមទៀត។

យ៉ាងណាមិញ ផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងមូលដ្ឋានរោងចក្រ មួយនៅរាជធានីភ្នំពេញ ដែលមានការឆ្លងបន្តរាយប៉ាយ ទៅក្នុងរោងចក្រ-សហគ្រាសមួយចំនួនទៀត គឺបណ្តាលមកពីមូលហេតុចម្បងៗ រួមមាន (១) ការស្នាក់នៅរបស់ បុគ្គលិក និងកម្មករ-និយោជិតច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬ អគារជួលរួមគា្ន (២) ការធ្វើ ដំណើរដោយមធ្យោបាយរួមរបស់បុគ្គលិក និងកម្មករ និយោជិតដែលមិនមែនបម្រើការងារក្នុងរោងចក-សហគ្រាស តែមួយ (៣) ការទិញម្ហូបអាហារ ពីកន្លែងលក់ដូរមិនរៀបរយ និង (៤) ការមិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម។
ឈរលើមូលដ្ឋានដូចបានបញ្ជាក់ជូនខាងលើនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពចាំបាច់ និង សារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ចំពោះវិស័យនេះ ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបន្តអនុវត្តប្រកបដោយថាមភាពនូវគោលនយោបាយ “ចំណង២ និងចុងខ្សែ៤ របស់ សម្តេចអគ្គ បហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិក និងកម្មករ និយោជិតទាំងអស់ក្នុងរាជធានីភ្នំពេញ។សម្រាប់ការដាក់ចេញនូវផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបណ្តាល រោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានគោលបំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង