ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ឱ វណ្ណឌីន ច្រានចោលការចុះផ្សាយ ព័ត៌មានមិនពិត ដែលថាវីរុសកូវីដ-១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់ នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឱ្យស្លាប់មនុស្ស

70

 

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រកាសច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីរុសកូវីដ-១៩ ជាបាក់តេរីដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឱ្យស្លាប់មនុស្ស។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ក្រសួង សូមប្រកាសច្រានចោល ទាំងស្រុង នូវអត្ថបទព័ត៌មាន ដែលបានចែកចាយ តាមបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយ អត្ថបទលើកឡើងពី ប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេ នៅលើពិភពលោក ដែលធ្វើកោសល្យវិច័យ លើសាកសព ដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវីដ-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស ព្រមទាំង អាចបណ្ដាលឱ្យឈាមរបស់ មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាម ធ្វើឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូងនិងសួត មិនអាចទទួលបានអុកស៊ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែល បណ្តាប្រទេសនៅលើសកលលោក បាននិងកំពុងរងគ្រោះ ដោយកាតត្បាត ពីវីរុសកូវីដ-១៩ ។

ក្រសួងសុខាភិបាល សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺកូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ ព្យាបាលជាក់លាក់ណាមួយនោះឡើយ ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមកុំបន្តចែកចាយ នូវអត្ថបទព័ត៌មានដែលមាន ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ឱ្យបន្តការទទួលខុសត្រូវរបស់ខ្លួន លើកិច្ចការពារជំងឺដ៏កាចសាហាវនេះ ហើយត្រូវរៀនរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ឱ្យស្របតាមរបត់នៃការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ ៣ការពារ(ពាក់ម៉ាស់លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅ កន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងនាំគ្នាស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនដែលត្រូវចាក់ ឲ្យបានគ្រប់គ្នាសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ៕

អត្ថបទដែលជាប់ទាក់ទង