ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន និងអង្គការ WCS ដែលទទួល ការអនុញ្ញាតអនុវត្ត គម្រោងរេដបូក កំពុងរៀបចំធ្វើសារពើភណ្ឌព្រៃឈើ សិក្សាលទ្ធភាព លក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត នៅដែនជម្រកសត្វព្រៃ ក្នុងខេត្តព្រះវិហារ

156

ព្រះវិហារ ៖ ក្រោមការតាំងចិត្ត និងគោលនយោបាយ ការពារធនធានធម្មជាតិ ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមាន ក្រសួងបរិស្ថានជាសេនាធិការ កម្ពុជា បានក្លាយជាប្រទេសឈានមុនមួយ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ លើកិច្ចការងារលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត, ខណៈក្រសួងបរិស្ថាន និងអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) ដោយ កំពុងតែសិក្សាលទ្ធភាព ដើម្បីលក់ឥណទានកាបូន នៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ ការពារធនធានធម្មជាតិមួយចំនួនក្នុងខេត្តព្រះវិហារ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានអនុញ្ញាត ឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហាររួមមាន ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។ លោកបានបន្តថា តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។ លោកថាទីផ្សារលក់ឥណទានកាបូននេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង ការបោះជំហ៊ាននៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃ ការការពារធនធានធម្មជាតិរបស់យើង។

អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងដំណាក់កាលនៃតំបន់ធម្មជាតិ ចំនួន៤ ដែលយើងធ្វើការងារជាមួយអង្គការ WCS ដែលក្រសួងបរិស្ថាន ប្រគល់តួនាទីនឹងឱ្យអង្គការ WCS ក្នុងការអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះ បានកំពុងតែតែឈានដល់ដំណាក់កាល ធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ពិនិត្យ ទៅលើការចាប់ផ្តើមក្នុង ការធ្វើកំណត់តំបន់ ក្នុងការសិក្សា វាយតម្លៃលើកម្រិត បាយអូម៉ាស់ នៅក្នុងតំបន់ទាំងអស់ហ្នឹង ហើយបន្ទាប់ទៅហ្នឹងមានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យ លើស្ថានភាពទាំងអស់ហ្នឹង មុននឹងដាក់លក់ជាសាធារណៈ ហើយព័ត៌មានដែល ពាក់ព័ន្ធនឹងដាក់ជូនសាធារណៈ ដើម្បីឱ្យសាធារណជនបានដឹង»។

លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់ អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងថា គម្រោងរេដបូក ដែលយើងរៀបចំ នៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើ តំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលយើង ចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែលជម្រកសត្វព្រៃព្រះរកា ដែលជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហ៊ានបឋម ដើម្បីឱ្យយើងអាចឈានទៅពង្រីកការ គ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល»។

លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រ ផ្នែកគោលនយោបាយ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅលទិដ្ឋភាពផ្លួវច្បាប់ និងបច្ចេកទេសសម្រាប់ ធ្វើលើកិច្ចការងារនេះ។ បន្ថែមនេះ អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់ នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម។
លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់កិច្ចការរៀបចំកម្រោង លក់ឥណទានកាបូននេះ គឺអង្គការរបស់លោក បានរៀបចំដកស្រង់នូវបទពិសោធន៍ មួយចំនួនដែលអង្គការ WCS បាននឹងកំពុងតែអនុវត្តបានដោយជោគជ័យ ចំពោះការងាររៀបចំ គម្រោងរេដបូកនេះ នៅភាគខាងកើតប្រទេសកម្ពុជា គឺក្នុងដែនជម្រកសត្វព្រៃកែវសីមា ដូច្នេះ សម្រាប់បទពិសោធន៍ ដែលយើងទទួលបានជោគជ័យ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលមានរយៈពេល១ឆ្នាំកន្លងមកនេះ នឹងត្រូវយកមកអនុវត្តគម្រោងនេះ នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ។

លោកបានបន្ថែមថា ការលក់ឥណទានកាបូនលើ ទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទនភាពមួយ របស់កម្ពុជា ដែលយើងបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបាន ឈានមុនគេក្នុងការលក់ ឥណទានកាបូន។ លោកបានគូសបញ្ជាក់ថា នេះជាមោទភាពមួយដែលកម្ពុជា ពីមុនត្រូវរងការរិះគន់ ពីសំណាក់ មហាជនមួយចំនួនថា កម្ពុជា ជាតំបន់មួយដែល បាត់បង់ព្រៃឈើ តាមការកាប់បំផ្លាញព្រៃឈើ។ល។ និង ។ល។ ដូច្នេះ តាមរយៈការតាំងនេះ របស់កម្ពុជាលើកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការលក់ ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តនេះ គឺស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការការពារព្រៃឈើរបស់ខ្លួន។
តំបន់ការពារធម្មជាតិ ចំនួន៤ នៅលើដីនៃខេត្តព្រះវិហារ រួមមានដែន ជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុប ចំនួន ៥៤៦,១២៩,៤១ហិកតា។ តំបន់ការពារធម្មជាតិទាំង៤ គាំទ្រដល់ ការរស់នៅរបស់ ប្រជាពលរដ្ឋមូលដ្ឋានជិត ១០,០០០គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាប ជិតផុតពូជបំផុត៥ប្រភេទមាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំ-កស ជាដើម។

ជាមួយគ្នានេះដែរ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូន ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូន សាកល្បងនៅក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន បង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧.៣លានហិកតា ដែលក្នុងនោះមាន ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើន យ៉ាង តំបន់រ៉ាមសារ តំបន់ការពារ បេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ ដោយសហការជាមួយ សហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ៕

អត្ថបទដែលជាប់ទាក់ទង