ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ បានយកមកប្រគល់ជូនអាជ្ញាធរ រក្សាទុកនៅសារមន្ទីរស្វាយចេក

56

ខេត្តបន្ទាយមានជ័យ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយព័ត៌មានថា កសិករ២នាក់ យកត្រាក់ទ័រទៅភ្ជួរដីចម្ការ នៅក្បែរប្រាសាទតាស្រី ភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  នៅចំណុចអូរត្រៀល នៅខាងលិច ឈាងខាងជើងភូមិតាអុងលិចចម្ងាយ៣គីឡូម៉ែត្រ  កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ  បានឃើញវត្តុសិល្បៈបុរាណ ធ្វើពីលោហៈធាតុ ចំនួន១៧ដុំ/រូប ហើយក៏បានប្រគល់ជូនអាជ្ញាធរ និងបានប្រគល់បន្តដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ហើយត្រូវបានពិនិត្យនិងចុះបញ្ជី រួចរក្សាទុកនៅសារមន្ទីរសហគមន៍ នាស្រុកស្វាយចេក។

កសិករ​ចំនួន២នាក់ ឈ្មោះមិ តឿ ភេទប្រុស អាយតុ៣៥ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះហល់ សុភៀន អាយុ៣៩ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក។

លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក និងលោកដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិ​ធី​ប្រគល់ ទទួលវត្ថុសិល្បៈបុរាណនោះហើយ ពីកសិករ២នាក់នោះ ។ លោកនិយាយថា នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ កសិករខាងលើ បានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ហើយពីដំបូងក៏ប្រទះឃើញក្រឡ (កុលាភាជន៍) មួយចំនួន ។ បន្ទាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ ហើយក៏ភ្ញាក់ផ្អើលលឡើង ដល់កសិករនិងអ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀន បន់ស្រន់គោរពសក្ការៈ ។

ដោយឮខ្ចរខ្ចាយបែបនេះ ទើបកសិករដែលភ្ជូរដី រកឃើញវត្ថុសិល្បៈខាងលើ ក៏សម្រេចស្ម័គ្រចិត្តប្រគល់​វត្ថុជូនអាជ្ញាធរ គឺដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃឈ្មួញ (អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈ​បុរាណ) ។

លោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ រួមជាមួយអនុប្រ​ធាន មន្ត្រីជំនាញបុរាណវិទ្យា និងលោកតាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារី និងជាប្រធានសារៈមន្ទីរស្វាយចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយថា អាចមានចំណាស់ក្នុងសតវត្សរ៍ទី១០ ទៅ១១ ។

វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន ១៧ដុំ/រូបធ្វើពីលោហធាតុ  ក្នុងនោះមាន ១- ពុម្ពចាក់ព្រះ ចំនួន២ ។ ២-កណ្តឹង(ត្រួយ) ចំនួន២ ។ ៣-កង ចំនួន៩ ។ ៤- ទេឥវរូបស្រី  ចំនួន១ ។ ៥-ទេវរូបប្រុស ចំនួន១ ។ ៦-ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧- ដុំសំណ ចំនួន១០ដុំ(តូចៗ) ។

ជាមួយគ្នានោះដែរ មន្ត្រីអាជ្ញាធរ បានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញ និងប្រគល់វត្ថុសិល្បៈបុរាណ មកអាជ្ញាធរដែនដី និងជំនាញវប្បធម៌ ដើម្បីរក្សាទុកមិនឲ្យបាត់បង់ ។ នេះជាស្មារតីស្នេហាមរតកវប្បធម៌ បេតិកភ័ណ្ឌ សិល្បៈនិងអត្តសញ្ញាណជាតិខ្មែរ។

សូមបញ្ជាក់ថា ការទទួលលើកនេះទៀត នាំឲ្យសារមន្ទីរស្វាយចេក នឹងបានទទួលការដាក់តាំងបន្ថែមរូប ទើបប្រគល់ចំនួន១៧ដុំ /រូបទៀត លើវត្ថុសិល្បៈបុរាណ ដែលទទួលពីពលរដ្ឋ    ពីសមត្ថកិច្ចកងកម្លាំង ពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួន៥២៦ដុំ /រូប /បន្ទះ ហើយនោះ ៕

អត្ថបទដែលជាប់ទាក់ទង