ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ស្នេីឲ្យភាគីបារាំង ពិនិត្យលទ្ធភាពវិនិយោគ​ ឬផ្តល់កម្ចី​ឥណទាន​លេីវិស័យទឹកស្អាត​បន្ថែម​ទៀត

114

 

ភ្នំពេញ ៖ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្រ្តី​ រ​​ដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បាន​ទទួល​ជួប​លោកជំទាវ​ Eva Nguyen Binh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ ដេីម្បី​សម្តែងការគួរសម​ ពិភាក្សាការងារ​ និងជម្រាបលា​ ក្នុងឱកាស​ដែល​លោកជំទាវ​ត្រូវបញ្ចប់អណត្តិបេសកកម្មការទូត រយ:ពេល៤​ឆ្នាំ​នៅកម្ពុជា​ នៅរសៀលថ្ងៃទី​ ១០​ ខែ​មិថុនា​ ឆ្នាំ​២០២១​ នៅទីស្តីការក្រសួង​។

នៅក្នុង​ជំនួប​នោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​កោតសរសើរ​ចំពោះ​បេសកកម្ម​កាទូតរបស់លោកជំទាវ​ ឯកអគ្គរដ្ឋទូត​បារាំង​នៅកម្ពុជា​ ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការល្អប្រសេីររវាងកម្ពុជា-បារាំង​ ។ ក្នុង​នោះជាមួយក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ប្រទេសបារាំង​ តាមរយ:​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ (AFD)​ បានដេីរតួយ៉ាងសំខាន់​លេីវិស័យទឹកស្អាត​ ក្នុងគម្រោងធំៗជាច្រេីន​ ។ ជាក់ស្តែង​ដូចជា​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​បាក់ខែង​ទី២​ ដែល​ទេីបសម្ពោធបេីកការដ្ឋានថ្មីៗនេះ​ ក្នុងទឹកប្រាក់រាប់រយលានដុល្លារ​ ដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់បន្ថែមថា៖​បេសកកម្ម​របស់​រាជរដ្ឋាភិបាល​ ក៏ដូចជា​ទស្សន:វិស័យរបស់ក្រសួងត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតដោយកំណត់ថា​ នៅឆ្នាំ​២០២៥​ ទីប្រជុំជន​ត្រូវមាន​ទឹកស្អាត​ប្រេីប្រាស់ និងឆ្នាំ២០៣០​ ប្រជាជន​នឹងទទួល​បាន​ទឹកស្អាត​ប្រេីប្រាស់​គ្រប់គ្នា​។
ចំណុចនេះ​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ បានស្នេីឲ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ​ ឬផ្តល់កម្ចី​ឥណទាន​លេីវិស័យទឹកស្អាត​បន្ថែម​ និងបន្តបន្ទាប់ទៀត​ ។ ក្នុងនោះចំពោះមុខ​ គឺស្នេីឲ្យភាគីបារាំង​ចាប់អារម្មណ៍​យកចិត្តទុកដាក់​ចំពោះ​គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣​ ដេីម្បីគិតគូដោះស្រាយឲ្យបានទាន់ពេលវេលា​នៃតម្រូវការ​ប្រេីប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​ ដែលមានផ្ទៃក្រលាដីកាន់តែរីកធំឡេីង​ ។

លោកជំទាវ​ Eva Nguyen Binh​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ ដែល​ទេីបចប់​អណត្តិ​ បានសម្តែង​នូវទឹកចិត្តរីករាយចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា​ ដែល​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ តាមរយៈ​កិច្ចសហការ​ដ៏ល្អ​ប្រសេីរ​នៃគ្រប់ភាគី​ និងស្ថាប័នពាក់ព័ន្ធ​កម្ពុជា​ រួមទាំងជាមួយក្រសួងឧស្សាហម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ផងដែរ​ ជាពិសេស​លេីវិស័យទឹកស្អាត​ ។

លោកជំទាវ​ឯកអគ្គរដ្ឋទូត​ បានបញ្ជាក់ថា វិស័យទឹកស្អាត​ជាវិស័យ​ដ៏មានសារ:សំខាន់សម្រាប់​មនុស្សគ្រប់រូប​ ។ ដូច្នេះ​ប្រទេសបារាំង​ មានការយកចិត្តទុកដាក់លេីវិស័យនេះ​ ហេីយច្បាស់ណាស់ការអភិវឌ្ឍន៍គម្រោងទឹកស្អាត​របស់បារាំងនៅកម្ពុជា​ នឹងនៅតែស្ថិតក្នុងកត្តាអាទិភាពមួយ​ ។

នៅក្នុងឱកាសនោះផងដែរ​ ដៃគូសន្ទនា​ក៏បានលេីកឡេីង ពីផលប៉ះពាល់ជាសាកលផែ្នកសេដ្ឋកិច្ចចំពោះក៏ដូចជា​ហិរញ្ញវត្ថុ​ ពីការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩​ ។ ក្នុងនោះលោកជំទាវឯកអគ្គ​រដ្ឋ​ទូត​បារាំង​ បានវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ លេីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ និងយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងផុលផុស​ ។ ជាមួយគ្នានេះ​ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បានផ្តល់សារ:​សំខាន់​ ទៅលេីវិស័យ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែលជាបេសកកម្មថ្មីរបស់ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ក្រោមការដឹកនាំរបស់​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង