ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ TVET ធ្វើឱ្យជំនាញកាន់តែប្រសើរនិង ប្រាក់ចំណូលខ្ពស់

116

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៤ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ ក្រោម ប្រធានបទ «TVET ធ្វើឱ្យជំនាញកាន់តែប្រសើរនិង ប្រាក់ចំណូលខ្ពស់ » ។

ក្នុងនាមរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសដ៏ មហោឡារិកនៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ“TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។ ក្នុងស្មារតីបន្ត អនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវ ការរៀបចំទិវាជាតិក្នុងឆ្នាំនេះ ត្រូវបាន បន្តធ្វើក្នុងទម្រង់ជាយុទ្ធនាការតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដូចដែលបានរៀបចំនៅឆ្នាំ២០២០ កន្លងមកដែរ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងទូលំទូលាយ ទូទាំងប្រទេសអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងការអភិវឌ្ឍជំនាញ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព សំដៅលើក កម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិត ជីវភាពកាន់តែប្រសើរឡើង។

កន្លងមក និងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខ័ណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការ វិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋ ក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង។
ជាក់ស្ដែងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នេះ បានផ្តល់អាទិភាពខ្ពស់ជាងគេបំផុតលើការអភិវឌ្ឍ ធនធានមនុស្សតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សំដៅកសាងបាននូវ កម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងធានាឱ្យបាននូវ “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ។ ដើម្បីសម្រេចបានគោលដៅទាំងនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តខិតខំ ជំរុញការអនុវត្តគោលនយោបាយ ជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ព្រមទាំងបានខិតខំ ធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្តោតអាទិភាពខ្ពស់លើការលើកកម្ពស់ គុណភាពគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ដោយពង្រីកការវិនិយោគ លើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងរួមមាន អគារសិក្សា រោងជាង បន្ទប់ ពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ មូលដ្ឋានសម្ភារនិងបរិក្ខារ និងផ្នែកទន់ រួមមាន ប្រព័ន្ធធានាគុណភាពនិងអភិបាលកិច្ច គុណភាព សមត្ថភាពគ្រូ កញ្ចប់ស្តង់ដាបណ្តុះបណ្តាលនិងប្រព័ន្ធ វាយតម្លៃផ្អែកលើសមត្ថភាព ការទំនាក់ទំនងជាមួយឧស្សាហកម្ម និងការចុះកម្មសិក្សាអនុវត្តផ្ទាល់នៅ កន្លែងធ្វើការ ដែលបច្ចុប្បន្ននេះមានគ្រឹះស្ថានចំនួន ២៥ ត្រូវបានទទួលស្គាល់គុណភាព ពីអង្គការស្តង់ដា អន្តរជាតិ (ISO)។

ចាប់តាំងពីឆ្នាំ២០២០ មក គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសទាំងសាធារណៈ ឯកជន និងអង្គការ សមាគម ត្រូវបានផ្អាកដំណើរការសិក្សា និងសកម្មភាពនានា ជាបន្តបន្ទាប់ ទៅតាមដំណាក់កាលនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩។ កត្តានេះ បានធ្វើឱ្យមានការផ្លាស់ប្ដូររបៀប នៃការបង្រៀន និងរៀននៅក្នុង ថ្នាក់រៀន មកធ្វើការរៀបចំការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញជំនួសវិញ។ នៅគ្រប់គ្រឹះស្ថាន សិក្សានានា បាននិងកំពុងខិតខំ អនុវត្តកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញជូនដល់សិក្ខាកាម សិស្ស និស្សិត ដើម្បីធានាបាននូវនិរន្តរភាព នៃការទទួលបានការអប់រំ និងបណ្ដុះបណ្ដាល ប្រកបដោយ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការផលិតវីដេអូនិងឯកសារ នានាសម្រាប់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ និងការប្រើប្រាស់បណ្តាញសង្គមនានា សម្រាប់ការទំនាក់ទំនង។ ថ្មីៗនេះ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងដាក់ឱ្យដំណើរការ ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ ព្រមទាំងបំពាក់មូលដ្ឋាន ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាការអភិវឌ្ឍនិងកែលម្អកម្មវិធីសិក្សានិងបំប៉នសមត្ថភាពគ្របច្ចេកទេសនូវ វិធីសាស្ត្របង្រៀនបែបគន្លងថ្មី សម្រាប់គាំទ្រដល់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញរបស់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

កម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំ ឱ្យមានភាពបត់បែនស្របតាមស្ថានភាព ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត។ ដើម្បីផ្ដល់លទ្ធភាពទទួលបាន ការបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្តល់ អាហារូបករណ៍កាន់តែច្រើនឡើងសម្រាប់ យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ ជាលទ្ធផលរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករ និយោជិតជាង ២០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ហើយបានចាប់យកឱកាសការងារល្អៗ និងបង្កើតមុខរបរដោយខ្លួនឯង និងបានបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ បានយ៉ាងច្រើន។

លើសពីនេះ កម្មករនិយោជិតដែលកំពុងត្រូវបានព្យួរការងារ ឬបាត់បង់ការងារដោយសារវិបត្តិ ជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ ឱ្យមានវគ្គបណ្តុះបណ្តាលពិសេសមួយ ដែលមានភាពបត់បែន និងផ្តោតលើគុណភាពក្រោយពេលបញ្ចប់ការ សិក្សាលើកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ព្រមទាំងបានផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលសិក្សា ដោយសិក្ខាកាមម្នាក់ទទួលបាន ២០ម៉ឺនរៀល ក្នុង ១ខែ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវជំនាញ មួយច្បាស់លាស់ សម្រាប់ចាប់យកការងារថ្មី នៅក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្ពស់ នាពេលបច្ចុប្បន្ន និងទៅអនាគត ហើយអាចប្រកបមុខរបរដោយខ្លួនឯងបាន និងបានធ្វើការបណ្តុះបណ្តាលជំនាញទន់ជូន ដល់កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ចំនួន ៦៨ ០០០នាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្រ្តី សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងការខិតខំអនុវត្តដោយជោគជ័យ នូវគោលនយោបាយ អាទិភាពនិងការកែទម្រង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាល បានដាក់ចេញសម្រាប់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ក៏សូមយកឱកាសនេះ អំពាវនាវដល់គ្រប់តួអង្គ ពាក់ព័ន្ធសូមបន្តចូលរួម៖

១- បន្តការគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្នុងការអភិវឌ្ឍធនធានមនុស្ស ពោរពេញដោយសមត្ថភាពជំនាញ ដោយក្នុង ដំណាក់កាលនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញ និងបត់បែនតាមស្ថានភាពជាក់ស្តែង។

២- បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី ឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដូចដែលប្រធានបទន ទិវាជាតិនេះបានលើកឡើង “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។

៣- គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ ដឹងនូវសារៈសំខាន់នៃវិស័យនេះជូនសាធារណជន។

៤- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និង ប្រាក់ចំណូលខ្ពស់” នេះ ឱ្យបានផុលផុស ឱឡារិកអធិកអធមទូទាំងប្រទេស តាមប្រព័ន្ធផ្សព្វផ្សាយនានា៕

អត្ថបទដែលជាប់ទាក់ទង