ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជាប់ពន្ធនាគារ ជាង១ម៉ឺននាក់ ទទួលបានការចាក់វ៉ាក់សាំង ទាំងពីរដូសរួចរាល់ហើយ

383

 

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសថា អ្នកទោសនៅភ្នំពេញ និងក្រុងព្រះសីហនុ១ម៉ឺននាក់ ទទួលបានការចាក់ វ៉ាក់សាំងស៊ីណូវ៉ាក់ទាំងពីរដូសរួចរាល់គ្រប់ចំនួនហើយ។

ថ្មីៗនេះសម្តេចតេជោបានផ្តល់វ៉ាក់សាំងអាស្ត្រាហ្សានីការបន្ថែមទៀតដល់អ្នកទោសនៅខេត្តកណ្តាល កំពត កំពង់ ស្ពឺ បន្ទាយមានជ័យ និងស្វាយរៀង។

អគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាព នៃជំងឺឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ នៅកម្ពុជា ជូនបណ្តាញសារព័ត៌មាន និងសាធារណជន។

ក្រោយពីមានការផ្សាយសំឡេងជាខេមរភាសា កាលពីថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរាតត្បាតឆ្លង នៃជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ សូមជម្រាបជូនអំពីស្ថានការណ៍កូវីដ-១៩ ដែលបានឆ្លងចូលក្នុងពន្ធនាគារ ដូចខាងក្រោម៖

១- ជំងឺកូវីដ-១៩ ត្រូវបានដឹងថា មានចូលរាលដាលក្នុងពន្ធនាគារខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍ទី១ នៃខែឧសភា លើជនជាតិចិន ០១នាក់ ដែលយើងត្រូវបណ្ដេញចេញពេលអនុវត្តទោសចប់ ដោយត្រូវយកសំណាក ធ្វើតេស្ដរកជំងឺកូវីដ-១៩ មុននឹងបញ្ជូនចេញ ស្រាប់តែឃើញមានវិជ្ជមានកូវីដ-១៩។ ករណីនេះ សូមជម្រាបជូនថា ដោយយើងពុំដឹងថាមានការឆ្លងចូលក្នុងពន្ធនាគារទេ ព្រោះពេលដែលសមត្ថកិច្ច ចាប់បញ្ជូនជនជាប់សង្ស័យ មកដាក់ពន្ធនាគារ តាមដីកាឃុំរបស់អាជ្ញាធរតុលាការ ខាងពន្ធនាគារពុំបានធ្វើតេស្ដរក ជំងឺកូវីដ-១៩ទេ ដោយគ្រាន់តែពិនិត្យកម្ដៅ ពិនិត្យសុខភាព ហើយដាក់ឱ្យនៅបន្ទប់ចត្តាឡីស័កចំនួន ១៤ថ្ងៃ គ្រប់ចំនួនហើយពិនិត្យកម្ដៅ និងសុខភាព ឃើញស្ថានភាពធម្មតា បញ្ជូនទៅឃុំតាមអគារតែម្ដង ជាហេតុបណ្តាល ឱ្យមានការចម្លងលើជនជាប់ឃុំដទៃទៀត។

២- ក្រៅពីពន្ធនាគារខេត្តព្រះសីហនុ, មណ្ឌលអប់រំកែប្រែទី១, មណ្ឌលអប់រំកែប្រែទី២, ពន្ធនាគារ រាជធានីភ្នំពេញ, ពន្ធនាគារខេត្តកណ្តាល, ពន្ធនាគារខេត្តកំពង់ស្ពឺ និងពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏ត្រូវបានរកឃើញមានការឆ្លង ក្នុងចំណោមជនជាប់ឃុំ ក្នុងកម្រិតផ្សេងៗគ្នាផងដែរ ការឆ្លងនៅកន្លែងនីមួយៗមានប្រមាណ ពី១០ ទៅ២០% នៃចំនួនជនជាប់ឃុំសរុប ហើយយើងបានញែកចេញដាក់នៅដោយឡែក ហើយដំណើរការ ព្យាបាលតាម បច្ចេកទេសសុខាភិបាល បូកផ្សំនូវការយកចិត្តទុកដាក់ បំប៉នអាហាររូបត្ថម្ភបន្ថែម ដាំទឹកក្រូចឆ្មារ ទឹកស្លឹកគ្រៃ ទឹកខ្ញី ឱ្យហូបជាប្រចាំ គួបផ្សំការចេញហាត់ប្រាណទៀងទាត់ជាប្រចាំ ឃើញថាស្ថានភាពសុខភាព របស់ពួកគេបានល្អប្រសើរ ចំពោះអ្នកដែលមានជំងឺប្រចាំកាយដូចជា សួត របេង អេដស៍ ។ល។ ធ្ងន់ធ្ងរ យើងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខាងក្រៅតាមគោលការណ៍សុខាភិបាល។

៣- ស្ថិតក្នុងដំណាក់កាលនេះ ដោយការយកចិត្តទុកដាក់ផ្តល់ការគាំទ្រដ៏ថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់នូវវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រភេទSinovac ចាក់ដល់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ទី២ និងពន្ធនាគារខេត្តព្រះសីហនុ និងពន្ធនាគាររាជធានីភ្នំពេញ ប្រមាណជាង១ម៉ឺននាក់ គ្រប់ចំនួនទាំង២ដូស។

ថ្មីៗនេះ សម្តេចរគេជោ ក៏បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ CoviShield (Astra Zeneca) ដើម្បីចាក់ដល់ជនជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល, កំពង់ស្ពឺ, បន្ទាយមានជ័យ , កំពត និង ពន្ធនាគារខេត្តស្វាយរៀង ចំនួន៦,៧៦០ ដូសថែមទៀត នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ផ្ទាល់ ចំពោះជនជាប់ឃុំ មិនដូចការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបំផ្លើសថា រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ មិនយកចិត្តទុកដាក់នោះទេ។

៤- ទន្ទឹមនឹងការចាក់វ៉ាក់សាំងការពារដល់ជនជាប់ឃុំ គួបផ្សំការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់មន្ត្រីសុខាភិបាល ក្រសួងសុខាភិបាល បានផ្ដល់ជាសម្ភារយ៉ាងច្រើនដូចជាបរិក្ខារ ឱសថ ឧបករណ៍ តេស្តរហ័ស ហើយអាជ្ញាធរខេត្តព្រះសីហនុ, ខេត្តកណ្តាល បានជួយហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែម ដើម្បីសម្រួល ការចង្អៀតណែន និងកន្លែងព្យាបាលជំងឺទូលាយ។

គួបផ្សំនឹងវិធានការខាងលើ វិស័យយុត្តិធម៌ បានសម្របសម្រួលដោះលែងអ្នកដែលផុតទោសក្នុង ខែតែមួយជាកញ្ចប់ និងកំពុងពិចារណាដោះស្រាយ គោលនយោបាយបន្ធូរបន្ថយទោស និងលើកលែងទោស មានលក្ខខណ្ឌបន្ថែមទៀត ដើម្បីជួយឱ្យភាពចង្អៀតណែន បានធូរស្រាល។

៥- រយៈពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានចេញលិខិតជម្រាបជូន គណៈអភិបាលរាជធានី ខេត្ត ស្ដីពីការចាត់វិធានការ បង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប និង ពន្ធនាគាររាជធានី ខេត្ត ក្រោមការជ្រោមជ្រែង ពីអាជ្ញាធរសុខាភិបាល អគ្គនាយកដ្ឋានពន្ធនាគារបាន សម្របសម្រួល ការពិនិត្យសំណាកជនជាប់ឃុំទាំងអស់ ចំនួន ០៣លើក បន្ទាប់ពីបានរកឃើញថា មានការផ្ទុះរាលដាលនៃជំងឺ កូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដូចបានរៀបរាប់ខាងលើ តាមរយៈមធ្យោបាយ PCR(Polymerasa Chain Reaction) និងឧបករណ៍តេស្ករហ័ស(Rapid Test)។ ជាលទ្ធផល គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ-១៩ បានជាសះស្បើយមួយចំនួនធំ នៅគ្រប់គោលដៅទាំងអស់ (ខេត្តព្រះសីហនុពិនិត្យឃើញ អវិជ្ជមានប្រមាណ ៩២% នៃចំនួនអ្នកឆ្លងសរុប)។

៦- អគ្គនាយកដ្ឋានពន្ធនាគារ សូមជម្រាបសាធារណជន មេត្តាជ្រាបថា ក្រៅពីការខិតខំក្នុងយុទ្ធនាការ ដ៏ក្ដៅគគុកក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងពន្ធនាគារ ក្រោមកិច្ចសហការ ជាមួយអង្គភាពពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ជាពិសេសមន្ទីរសុខាភិបាល និងអាជ្ញាធររាជធានី ខេត្ត អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានខិតខំកៀរគរជាចលនាមនុស្សធម៌ ផ្ដល់ជាជំនួយចាំបាច់ ដូចជាសម្ភារអនាម័យ បរិក្ខារសុខាភិបាល ឱសថ និងគ្រឿងឧបភោគបរិភោគ ពីសំណាក់អង្គការជាតិ អន្តរជាតិ ភ្នាក់ងារអង្គការសហប្រជាជាតិ និងសប្បុរសជននានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង