ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ ឆ្លើយតបចំពោះការចោទប្រកាន់មិនពិតរបស់ ស្ថានទូតអាមេរិក ពាក់ព័ន្ធនឹងទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម

455

 

ភ្នំពេញ ៖ ក្រសួងការពារជាតិ ឆ្លើយតប និងបំភ្លឺ ចំពោះការចោទប្រកាន់មិនពិតរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម។ ក្រសួងការពារជាតិ ចាត់ទុកប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ជាការព្យាយាមបង្កើតបញ្ញាថ្មី និងបំភ្លៃការពិត ដែលនាំឲ្យមានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មានការសោកស្តាយយ៉ាង ក្រៃលែង ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែល បានចោទប្រកាន់ថា មន្ត្រីយោធាកម្ពុជាពុំបានផ្ដល់ភាពពេញលេញ ដល់ដំណើរទស្សនកិច្ចរបស់ អនុព័ន្ធយោធាអាមេរិកទៅ កាន់មូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមធ្វើការបំភ្លឺដល់សាធារណមតិជាតិ និងអន្តរជាតិ ដូចតទៅ៖

ក្រសួងការពារជាតិបានយកចិត្តទុកដាក់ រៀបចំឲ្យមានដំណើរទស្សកិច្ចដូច បានពោលខាងលើ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសន្យាជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ និងស្របតាមសំណើរបស់ អនុព័ន្ធយោធាអាមេរិកនៅកម្ពុជា លោកវរសេនីយ៍ឯក Marcus Ferrara។

នៅក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ក្រុមការងារសម្របសម្រួល បានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមទៅតាមគោលការណ៍ដែលបាន កំណត់ និងការព្រមព្រៀងគ្នា។ សកម្មភាពសំខាន់ៗមួយចំនួន រួមមាន ជំនួបពិភាក្សាការងារ ដែលស្នើដោយភាគីអាមេរិក មានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មី ពីរខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែ និងនាវារបស់កងទ័ពជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ ទីបញ្ហាការជួរមុខរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ នៅកោះព្រាប។ ដំណើរទស្សនកិច្ចទាំងមូល ដែលចាប់ផ្តើមពីម៉ោង៩ កន្លះ បានអូសបន្លាយអស់រយៈពេលប្រមាណ៣ម៉ោង។

តែទោះជាដូច្នេះក្តី ក្រៅពីទីកន្លែងទាំងប៉ុន្មានខាងលើ ដែលបានស្នើ និងបានឯកភាពគ្ន ភាគីអាមេរិកបានបង្កើតស៊ីណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀត ដែល ពុំមានការស្នើសុំពីមុនមក។ ដោយមើលឃើញភាពមិនប្រក្រតី និងយល់ឃើញអំពីការមិនគោរព ចំពោះអធិបតេយ្យរបស់កម្ពុជា និងចេតនាធ្វើជាមិនយល់អំពីលក្ខណការណ៍របស់កងទ័ព ក្រុម ការងារបានបដិសេធចំពោះសំណើថ្មីនេះ។ លើសពីនេះទៅទៀត អនុព័ន្ធយោធាអាមេរិក ហាក់ បង្ហាញអំពីភាពមានៈ នៅក្នុងការជំនះចូលទៅកាន់ទីនោះ ប៉ុន្តែនៅតែមិនត្រូវបានអនុញ្ញាតិ។

ផ្អែកលើកត្តាទាំងអស់ខាងលើ ក្រសួងការពារជាតិ ចាត់ទុកប្រតិកម្មរបស់ ស្ថានទូតសហរដ្ឋអាមេរិក ជាការព្យាយាមបង្កើតបញ្ញាថ្មី និងបំភ្លៃការពិត ដែលនាំឲ្យមានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ ចាត់ទុកចំណាត់ ការរបស់ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច ថាមានភាពត្រឹមត្រូវ និងប្រកបដោយ វិជ្ជាជីវៈ។ ក្រសួងការពារជាតិស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការបង្កើតស៊ី ណារីយ៉ូថ្មីៗ ដែលនាំមកនូវភាពអវិជ្ជមាន និងសូមឲ្យគោរពដល់អធិបតេយ្យ និងលក្ខណការណ៍ កងទ័ព របស់ព្រះរាជាណាចក្រកម្ពុជា។ ចំពោះសំណើធ្វើទស្សនកិច្ចនាពេលអនាគត ក្រសួងការពារជាតិនឹងពិចារណាយ៉ាងហ្មត់ចត់ តាមករណីនីមួយៗ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិសូមបញ្ជាក់ថា សកម្មភាពទាំងឡាយនៅក្នុងបរិវេណមូលដ្ឋានកងទ័ព ដែល បានទទួលការអនុញ្ញាតិ គឺជាការធ្វើទស្សនកិច្ចពុំមែន ជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរ នោះឡើយ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (U.S. Embassy Phnom Penh, Cambodia) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានសរសេរសារលើផេកហ្វេសប៊ុកថា “នៅក្នុងការប្រជុំជាមួយ លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Sherman ដែលមកធ្វើទស្សនកិច្ច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានយល់ព្រម ឲ្យអនុព័ន្ធយោធារបស់ ស្ថានទូតអាមេរិកធ្វើការចុះទៅមើលទៀងទាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ លោកនាយករដ្ឋមន្រ្តីបានធ្វើការសម្រេចចិត្តដូច្នេះ ជាការឆ្លើយតបនឹងកង្វល់យ៉ាងជ្រាលជ្រៅ​របស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman ដែលលោកស្រីបានលើកឡើង​ ស្តីពីវត្តមានយោធា និងការសាងសង់នៅទីតាំងរាម របស់សាធារណរដ្ឋប្រជាមានិតចិន។
ដូច្នេះ អនុព័ន្ធយោធារបស់ ស្ថានទូតអាមេរិក គឺលោកវរសេនីយឯក Marcus M. Ferrara ដោយឆ្លងតាមការសម្របសម្រួល ជាមួយអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម នៅថ្ងៃសុក្រ ទី ១១ ខែមិថុនា។
នៅក្នុងពេលទស្សនកិច្ចដ៏ខ្លី​នោះ មន្រ្តីយោធាកម្ពុជាមិនបាន អនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋាន កងទ័ពជើងទឹក​នោះទេ។ នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជា កំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការ ដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត។ ទស្សនកិច្ចជាធម្មតា និងញឹកញាប់​​ របស់អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក និងអនុព័ន្ធយោធា​បរទេសដទៃទៀត​ នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកតម្លាភាព និងការទុកចិត្តគ្នា ទៅវិញទៅមកបានច្រើន”៕

អត្ថបទដែលជាប់ទាក់ទង