ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាព កែច្នៃគ្រាប់ស្វាយចន្ទី របស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ

122

 

កំពង់ធំ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញមកពិនិត្យសកម្មភាព កែច្នៃគ្រាប់ស្វាយចន្ទី របស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ។

ក្នុងអំឡុងពេលពិនិត្យសកម្មភាពកែច្នៃ លោកស្រី អ៊ិន ឡៃហួត បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តី បានជ្រាបអំពីសវតារ បច្ចុប្បន្នភាព ទិសដៅអនាគតរបស់សិប្បកម្ម និងបញ្ហាប្រឈមនាពេលកន្លងមក។

ដោយមានការជួយជ្រោមជ្រែង ពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Top Planning Japan (TPJ) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីសាងសង់រោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង។ MOU នេះមានគោល បំណងលើកកម្ពស់គុណភាព គ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យា ផលិតកម្មកសិកម្ម ធានាគុណភាព និងសុវត្ថិភាពគ្រាប់ស្វាយចន្ទី បង្កើតឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍ និងលើក កម្ពស់សមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារនៅក្នុងតំបន់ និងទីផ្សារអន្តរជាតិ។

បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមាន សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោន/ខែ។ លទ្ធផលនៃការអនុវត្ត MOU និងដោយមានកិច្ចសហការល្អជាមួយ នាយកដ្ឋានកសិ-ឧស្សាហកម្ម ធ្វើឲ្យគ្រាប់ស្វាយចន្ទីកែច្នៃរួចបាន បង្ហាញខ្លួននៅលើទីផ្សារជប៉ុននាពេលថ្មីៗនេះ។ ជាក់ស្តែង នៅថ្ងៃទី០៧ ខែឧសភា សិប្បកម្មគ្រាប់ស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន ៧តោនទៅកាន់ប្រទេសជប៉ុនសម្រាប់លើកទី១ ហើយលើកទី២ គឺនៅថ្ងៃនេះតែម្តងមានចំនួន ៩តោន បានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅថ្ងៃទី១៧ ខាងមុខ ហើយសង្ឃឹមថាផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា។

លោកស្រីបានបញ្ជាក់ជូនថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ គ្រោងនាំចេញក្នុងបរិមាណ ៩តោន ជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើងតាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុក ដូចជាសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដ៏ធំធេង ដែលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរទទួលបាននាពេលនេះ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ JICA Mr. Imahashi Takayuki នាយកក្រុមហ៊ុន Top Planning Japan នាយកដ្ឋានកសិ-ឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធដែលបាន ជួយសហការការងារបច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុ ធ្វើឲ្យក្តីបំណងរបស់យើង គឺការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ទៅកាន់ទីផ្សារជប៉ុន និងជាពិសេសលោក បានផ្ញើលិខិតថ្លែងអំណរគុណមួយច្បាប់ ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដែល បានអនុញ្ញាតឲ្យ គ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជាចូលទៅកាន់ទីផ្សារជប៉ុន។
ថ្លែងចេញពី សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីជម្រាបទៅម្ចាស់ចម្ការ សហគមន៍ស្វាយចន្ទី សិប្បកម្មកែច្នៃផ្សេងៗទៀត ត្រូវស្វែងរកដៃគូដើម្បីទទួលបានបច្ចេកទេសដាំដុះ បច្ចេកទេសកែច្នៃ និងទីផ្សារនាំចេញ ដោយមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ជាឧទាហរណ៍ដើមឡើយនៅឆ្នាំ២០១៩ សិប្បកម្មមានផ្ទះឈើមួយល្វែង ទីធ្លាតូចចង្អៀត មានកម្មករជា ១០នាក់ បច្ចុប្បន្នមានបុគ្គលិក និងកម្មករសរុបចំនួន ១១០នាក់ (ស្រ្តី ៩៥) រោងសិប្បកម្មធំមួយ មានឧបករណ៍ ឬម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី និងឡចំហុយគ្រាប់។
លោកបានបន្តថា ផលិតផលមានទីផ្សារ នាំឲ្យផលិតកម្មកើនឡើង កំណើនប្រាក់ចំណូល បង្កើតឱកាសការងារ ហើយនេះគឺជាបំណងប្រាថ្នារបស់ រាជរដ្ឋាភិបាលក្នុងគោលនយោបាយ ជំរុញការនាំចេញកសិផល ក្នុងបរិបទនៃ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

តាមរបាយការណ៍របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម បានឲ្យដឹងថា ដោយមានការគាំទ្រពីអង្គការ JICA) ក្រុមហ៊ុន TPJ បានទទួលគម្រោងគាំទ្រ ដើម្បីសិក្សាលំអិតអំពីស្ថានភាពទូទៅនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ក្នុងគោលបំណងកសាងផែនការមេ សម្រាប់អភិវឌ្ឍន៍ និងលើកកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា រយៈពេល ១៤ខែ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខេត្តគោលដៅចំនួន៤ (ព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តកំពង់ចាម)។ ជាការសាកល្បងអនុវត្តគម្រោង ក្រុមហ៊ុន TPJ បានចុះកិច្ចព្រមព្រៀង ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក្នុងការទិញគ្រាប់ស្វាយចន្ទី ដើម្បីធ្វើការកែច្នៃសាកល្បងប្រមាណចំនួន ១៥០តោន។ ទទួលបានទុនវិនិយោគពាណិជ្ជកម្មពីក្រុមហ៊ុន បានចរចាទិញគ្រាប់ស្វាយចន្ទីតាមការចរចាតម្លៃលើប្រភេទ និងគុណភាពតាមទីផ្សារជាក់ស្តែងប្រមាណ ២០ ម៉ឺនដុល្លាក្នុងឆ្នាំ២០២០។ ឆ្នាំ២០២១ នេះសិប្បកម្មគ្រោងទិញគ្រាប់ស្វាយចន្ទីចំនូន ១ ០០០ តោនពីកសិករ ដែលក្នុងនោះ ក៏នឹងសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទីសរីរាង្គចំនួន ៣០តោនដែលទទួលទិញពីសហគមន៍ ផលិតគ្រាប់ស្វាយចន្ទីសរីរាង្គក្នុងខេត្តព្រះវិហារ។

ទិសដៅអនាគត TPJ សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្រោមកិច្ចសម្របសម្រួល ពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលី។ បង្កើនទំហំផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបាន ២០តោន/ខែ។ បង្កើនបរិមាណប្រមូល ទិញគ្រាប់ស្វាយចន្ទីស្រស់ចំនួន១០០០តោន ក្នុងឆ្នាំ ២០២១ និងកើនឡើងបន្តបន្ទាប់។ សហការជាមួយ សមាគមស្វាយចន្ទីកម្ពុជា កសាងឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីស្រស់ ដែលមានសមត្ថភាពស្តុកទុកគ្រាប់យ៉ាងតិច ៥ ០០០តោន ដើម្បីធានាបរិមាណផ្គត់ផ្គត់ និងតម្លៃកិច្ចសន្យា។ នៅឆ្នាំ២០២៣ ក្រុមហ៊ុន TPJ គ្រោងបង្កើតរោងចក្រកែច្នៃ ដែលមានសមត្ថភាពផលិតបានរហូតដល់ ២ ០០០-៣ ០០០តោន/ឆ្នាំ៕

 

អត្ថបទដែលជាប់ទាក់ទង