ការស្តារប្រឡាយ បឹងទំពន់ គិតត្រឹមថ្ងៃ១៤មិថុនានេះ សម្រេចបាន៦០ភាគរយហើយ ដើម្បីរំដោះទឹកក្នុងខណ្ឌចំនួន៥
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល បើទោះបីរាជធានីភ្នំពេញ បាននិងកំពុងប្រឈមមុខ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ដោយមិនមានការអាក់ខានឡើយ។
ជាក់ស្ដែងនៅថ្ងៃទី១៤ មិថុនានេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានកំពុងអនុវត្តន៍បន្ត ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដេីម្បី បង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ មិថុនានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ជាអ្នកអនុវត្តន៍ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។
លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ៣៧១ ។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពន់ សម្រេចបាន៦០ភាគរយហើយ ដែលមានប្រវែង២២០០ម៉ែត្រ ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
លោកដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុន ប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕