ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវដល់ស្ថាប័ន មានសមត្ថកិច្ចចាត់វិធានការ បុគ្គល ខាន់ សុវណ្ណ សម្តីបែបអគតិ និងចរិតដ៏គួរឱ្យស្អប់ខ្ពើម ជេរប្រទេចពលរដ្ឋខ្មែរថា មិនចេះចិញ្ចឹមត្រី

66

 

ភ្នំពេញ ៖ បុគ្គលខាន់ សុវណ្ណ បាននិយាយថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែនៅក្នុងទន្លេ ។ ពាក់ព័ន្ធករណីនេះ សមាគមវារីវប្បករនៅកម្ពុជា បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះភាសា និងសម្តីបែបប្រមាថមាក់ងាយដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មានការទទួលខុសត្រូវ មិនមានព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ និងមានចរឹកគួរឱ្យខ្ពើមរអើមបំផុត។

ការប្រកាសថ្កោលទោសរបស់សមាគមវារីវប្បករនៅកម្ពុជានេះ បានធ្វើឡើងក្រោយពីបុគ្គលឈ្មោះ ខាន់ សុវណ្ណ បាននិយាយថា «បើយើងដេញយួនឡើងគោក ខ្មែរយើងមុខជាច្បាស់អស់ត្រីស៊ីហើយ បើរាល់ថ្ងៃយួនអ្នកចិញ្ចឹម»។
ជាការឆ្លើយតប សមាគមវារីវប្បករនៅកម្ពុជា នាថ្ងៃទី១៤ មិថុនា បានចេញសេចក្តីថ្លែងការណ៍ថា “រយៈពេលពីរបីថ្ងៃកន្លងមកនេះ សាធារណៈជនខ្មែរជាច្រើន ក៏ដូចជាបងប្អូនវារីវប្បករខ្មែរ បានប្រតិកម្ម មិនសប្បាយចិត្តយ៉ាងខ្លាំង ទៅនឹងបុគ្គលឈ្មោះ ខាន់ សុវណ្ណ ដែលជាអ្នកលេងបណ្ដាញសង្គមមួយរូប ខ្វះមនសិការ ដែលបាននិយាយដោយអគតិថា “ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី” និង “ខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេទាំងនោះ ។ ការស្រែកនិយាយដោយកំហឹង អសុរស និងបញ្ចេញចរឹក ច្រឡោងខាមបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបាននឹងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម។ តាមពិតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរចេះ ចិញ្ចឹមត្រីយូរយារណាស់មកហើយ”។

សមាគមវារីវប្បករនៅកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភាសា និងសម្តីបែប ប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ ជាសម្ដីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មាន ការទទួលខុសត្រូវ មិនមានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងមានចរិតគួរឱ្យខ្ពើមរអើមបំផុត។

សមាគមវារីវប្បករនៅកម្ពុជា សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាចាត់វិធានការ ជាមួយសម្តីបែបអគតិ និងចរិតដ៏គួរឱ្យស្អប់ខ្ពើមនេះ ហើយបុគ្គលរូបនេះ ត្រូវតែចេញមុខមកបំភ្លឺ និងសុំទោសជាសាធារណៈ ដោយមិនលើកលែងឡើយ។

សមាគមវារីវប្បករនៅកម្ពុជា សូមជម្រាបជូនថា បច្ចុប្បន្នមានបងប្អូនវារីវប្បករដែលជាជនជាតិ ខ្មែររាប់ពាន់នាក់នៅទូទាំងប្រទេស កំពុងប្រកបមុខរបរក្នុងវិស័យវារីវប្បកកម្ម ប្រកបដោយបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពខ្ពស់ ផលិតបានផលជលផលច្រើនប្រភេទ ប្រកបដោយគុណភាពល្អ ហើយផលិតបានគ្រប់ គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀតផង៕

អត្ថបទដែលជាប់ទាក់ទង