ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា : សេដ្ឋកិច្ចរបស់ កម្ពុជាកំពុងរើបឡើងវិញ ប៉ុន្តែនៅមិនប្រាកដប្រជា

185

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើងវិញ​​ជា​បណ្តើរៗ តាមការព្យាករណ៍ ​​នឹង​កើនចំនួន 4 % នៅឆ្នាំ 2021បន្ទាប់ពីការថយចុះចំនួន 3.1 % នៅឆ្នាំ 2020។ ការងើបឡើងវិញនេះគឺដោយសារតែការវិលត្រឡប់នៃ​តម្រូវការ​សកល។

វិស័យកសិកម្មនៅតែមាន​ភាព​រឹងមាំ​ មួយផ្នែក​ដោយសារតែស្ថានភាពវិជ្ជមាន​​នៃ​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងកម្ពុជា និងចិន។ វិស័យកម្មន្តសាល​​កាន់តែវិវត្តន៍ទៅឆ្លើយតបទៅនឹង​​ការ​ប្រែប្រួល​នៅក្រៅប្រទេ​ស។​ វិស័យទេសចរណ៍នៅតែ​ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ​។

ការនាំចេញទំនិញ កំពុង​មានងើបឡើងវិញ​​ជា​បណ្តើរៗ ដោយកើន​ចំនួន 12.2 % ក្នុងរយៈពេល 4​ ខែដំបូង​ក្នុងឆ្នាំ 2021 រីឯ​ចំណែក​នៃការ​នាំចេញ​សម្លៀកបំពាក់​ធៀបនឹង​ការនាំចេញ​ទំនិញសរុប (មិនគិត ​មាស) បានថយចុះមកត្រឹម 45.6 %។
លំហូរ​ចូលនៃការវិនិយោគផ្ទាល់ពីបរទេស ​​នៅតែមានភាពរឹងមាំ និងបាន​​​ជួយគាំទ្រដល់វិស័យក្រៅប្រទេស។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់​​គឺ ជាតម្រូវការ​ខ្ពស់មួយ​ ដោយបានផ្តល់អត្ថប្រយោជន៍ដល់​ប្រជាជន​ជាង 710,000 គ្រួសារ ឬស្មើនឹង​​ 19.5% នៃចំនួនគ្រួសារ​សរុប​ គិតត្រឹមខែ មករា ឆ្នាំ 2021។

ទស្សនៈវិស័យនៃកំណើន​នៅតែ​មាន​ភាពមិនច្បាស់លាស់​ខ្លាំង។ ការ​ស្តារឡើងវិញ​នេះអាស្រ័យទៅលើ​​កា​រវិវត្តនៃ​វីរុស​កូរ៉ូណា​ និងល្បឿននៃ​ ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ 19។

ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ 19​ ជាការសំខាន់ត្រូវអនុវត្តវិធានការខាងក្រោម ៖​

​ត្រូវ​ពន្លឿនការអនុវត្ត​កម្មវិធី​ចាក់វ៉ាក់សាំង​បង្ការ ទន្ទឹមនឹង​ការ​បន្ត​​ទប់ស្កាត់ឲ្យមានប្រសិទ្ធភាព លើកំណើនករណីឆ្លង និង​ការស្លាប់​។
​ជំរុញបន្ថែមទៀតលើ​ការវិនិយោគសាធារណៈដែល កាត់បន្ថយភាពក្រីក្រ និង​ជំរុញកំណើន ​សេដ្ឋកិច្ច រួមទាំង​ គម្រោង​ផ្តល់ប្រាក់កម្រៃ សម្រាប់ការងារ ដោយការងារនេះមានសារៈសំខាន់ខ្លាំងដល់​ការស្តារសេដ្ឋកិច្ចឡើងវិញ។

ជាការសំខាន់ត្រូវ​បង្កើន​វិសាលភាព នៃកម្មវិធី​អត្តសញ្ញាណកម្មគ្រួសារ​​ក្រីក្រ ​និង​បង្កើតមូលដ្ឋានទិន្នន័យ​ សម្រាប់​កម្មវិធីសង្គមទាំងអស់​ ទន្ទឹមនឹង​​ការ​ធ្វើ​ឱ្យ​​កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ កាន់តែមានប្រសិទ្ធផល មានភាពងាយស្រួល និងប្រើប្រាស់ប្រព័ន្ធ​ឌីជីថល។

​ជាការចាំបាច់ត្រូវ​ពិនិត្យ​តាមដាន​យ៉ាង ​ល្អិតល្អន់​លើ​ភាព​ងាយរងគ្រោះ ដែល​បណ្តាលមកពី​កំណើ​នរយៈពេលយូរ​នៃ ​វិស័យអចលនទ្រព្យ និងកំណើនឥណទានទៅវិស័យសំណង់។

បើតាមប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងរើបឡើងវិញ បន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា វានឹងទទួលបានកំណើនជិត ៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយ ក្នុងឆ្នាំ២០២០។ យ៉ាងណាក្តី ការរើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានា នៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅ ក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែ វិធានការបិទខ្ទប់ត្រូវបាន ដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាល នៃការឆ្លងវីរុសកូវីដ១៩។ ធនាគារពិភពលោកបាន និយាយដូច្នេះនៅ ក្នុងរបាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះទៅការរើបឡើងវិញ។

ខណៈដែលវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យកសិកម្មនៅរក្សាភាព ធន់បានគួរសមដោយសារ តែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិតក៏ បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅ តាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្មបោះដុំនិងលក់រាយ បានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាព សេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញ បន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃទេសចរណ៍ ក្នុងស្រុកនិងអន្តរជាតិ។ ការវិនិយោគផ្ទាល់ពីបរទេស នៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យ ក្រៅប្រទេសផងដែរ។

ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជា នៅតែប្រឈមនឹងភាព មិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុងទៅ លើសភាពរបស់វីរុស និងទៅលើល្បឿននៃការ ចាក់វ៉ាក់សាំងការពារ។ របាយការណ៍ក៏បានពិនិត្យមើល សេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថា កម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេស នៅតែមានញឹកញាប់ និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច តាមការព្យាករណ៍ នឹងមានកំណើនតែ ១ភាគរយ ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។

របាយការណ៍បច្ចុប្បន្នភាពនេះ ផ្តល់អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗ ដើម្បីលើកកម្ពស់ ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿន កម្មវិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការប្រឹងប្រែង ទប់ស្កាត់ការឆ្លងវីរុស និង ការស្លាប់ ឱ្យមានប្រសិទ្ធភាពបន្តទៀត។ ដោយសារតែកម្ពុជានៅមាន សមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋាភិបាលអាចបន្តការ គាំទ្រដល់កម្មវិធីសង្គ្រោះ, ស្តារឡើងវិញ និងកំណើន ដោយធ្វើការកែ លម្អបរិយាកាសធុរកិច្ចនិងវិនិយោគ, ផ្តល់កម្មវិធីគាំពារសង្គម និងជំរុញការវិនិយោគសាធារណៈ និងកំណើនសេដ្ឋកិច្ចដែល គិតគូរដល់អ្នកក្រីក្រ។ ដើម្បីរក្សាបានស្ថិរភាព នៃវិស័យហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែល អាជ្ញាធររដ្ឋាភិបាលត្រូវបន្តតាមដាន ឱ្យបានដិតដល់លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពីការ ពុះកញ្ជ្រោលយូរពេក របស់វិស័យអចលនទ្រព្យ និង ការផ្តល់ឥណទានកាន់តែច្រើនឡើង ចំពោះវិស័យសំណង។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រង ការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថាៈ “ដូចប្រទេសជាច្រើនទៀត នៅក្នុងតំបន់ដែរ កម្ពុជាបានរងការប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃតម្រូវការ លើសកលលោក ដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឱ្យ មនុស្សក្នុងប្រទេសបាន ជាង ៣លាននាក់ រួចហើយ ដែលជាអត្រា ខ្ពស់មួយនៅក្នុងតំបន់។”

លោកស្រីបានបន្ថែមទៀតថា៖ “ធនាគារពិភពលោក នៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះ បន្ថែមទៀតក្នុងការប្រយុទ្ធនឹងការ ឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។”
របាយការណ៍នេះមាន ជំពូកពិសេសមួយពិនិត្យមើល ទៅលើមេរៀនដែល គួររៀនសូត្របាន ពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែលកម្ពុជាមិនត្រឹមតែដាក់ ចេញយ៉ាងរហ័សប៉ុណ្ណោះទេ តែថែមទាំងពង្រីកនិងធ្វើឱ្យ កាន់តែស៊ីជម្រៅទៀតផង ជាពិសេសកម្មវិធីផ្ទេរសាច់ប្រាក់ ទៅឱ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវបាន បង្កើតឡើងនៅ ខែមិថុនា ឆ្នាំ២០២០ ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ មានគ្រួសារក្រីក្រជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥ភាគរយ នៃចំនួនផ្ទះគ្រួសារ សរុបទូទាំងប្រទេស ទទួលបាន សាច់ប្រាក់ផ្ទេរពីរដ្ឋាភិបាល។

របាយការណ៍នេះបានរំលេចផងដែរ នូវអនុសាសន៍គោល នយោបាយសំខាន់ៗមួយចំនួន សម្រាប់ទ្រទ្រង់ដល់ ការរើបឡើងវិញរបស់សេដ្ឋកិច្ច មានដូចជាការដាក់ចេញវិធានការ ជំនួយផ្នែកសង្គមនៅ ក្រោយដំណាក់កាល រាតត្បាតជំងឺដើម្បីឆ្លើយតប ទៅនឹងស្ថានការណ៍កន្ត្រាក់ណាមួយ តាមរយៈការពង្រីកវិសាលភាព គ្របដណ្តប់របស់កម្មវិធី IDPoor, ការរៀបចំបង្កើតមូលដ្ឋាន ទិន្នន័យមួយសម្រាប់ជនដែល គួរទទួលបានការគាំទ្រពីកម្មវិធីសង្គម, និងការធ្វើយ៉ាងណា ឱ្យមានតួអង្គច្រើន សម្រាប់ធ្វើការចែកចាយ ប្រាក់ឧបត្ថម្ភសង្គមដល់ជនក្រីក្រ។

របាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចកម្ពុជា ចេញផ្សាយ ពីរដងក្នុងមួយឆ្នាំ ដោយផ្តល់ព័ត៌មាន បច្ចុប្បន្នភាព ស្តីពីការវិវឌ្ឍរបស់ ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងដំណាក់កាលខ្លី និង មធ្យម៕

អត្ថបទដែលជាប់ទាក់ទង