ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Unicef ៖ ការបើកសាលារៀនឡើងវិញ មិនអាចពន្យារពេលបន្តទៀតទេ

53

 

ភ្នំពេញ៖ អង្គការ Unicef នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចេញរបាយការណ៍មួយថា ការ “ការរៀននៅក្នុងសាលា មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញ ពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំងមូល ដែលពិបាកនឹងលើកហេតុផលណាមួយ សម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។”

លោកតាកេហ្ស៊ី កាសៃ នាយកអង្គការសុខភាពពិភព លោកប្រចាំតំបន់អាស៊ីភាគខាងលិច និង អ្នកស្រី ការីន ហ៊ុលហ្សហ្វ នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានសរសេរវិចារណកថារួម អំពីតម្លៃនៃការបិទសាលារៀនទៅលើកុមារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រើប្រាស់ភស្តុតាងដើម្បីបង្ហាញពីមូលហេតុ និងវិធីដែលយើងអាចបើក សាលារៀនឡើងវិញដោយសុវត្ថិភាព។

ក្នុងពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលមកដល់ឆ្នំាទីពីរ ការបើកដំណើរការសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុង សាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពី ការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំង មូល ដែលពិបាកនឹងលើកហេតុផលណាមួយ សម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។

ចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ ភស្តុតាងបានបង្ហាញថាជំងឺនេះ ពុំបានបង្កហានិភ័យខ្ពស់ដល់កុមារនោះឡើយ ហើយសាលារៀនមិនមែន ជាកត្តានាំឲ្យមានការចម្លងក្នុងសហគមន៍ជុំវិញផងដែរ។ យើងក៏បានប្រមូលផ្តុំនូវចំណេះដឹងជាច្រើន អំពីរបៀបកា ត់បន្ថយហានិយភ័យចំពោះកុមារ គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ។ តាមរយៈការប្រើប្រាស់ចំណេះដឹងនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើការងារជាបន្ទាន់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព ដើម្បីការពារអនាគតកូនៗរបស់យើង។

ការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើន មិនត្រឹមតែមកលើការ ទទួលបានជំនាញរបស់កុមារ និងសក្តានុពលរបស់ពួកគេ ក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។ ខណៈពេលដែលការបង្រៀន តាមប្រព័ន្ធអនឡាញអាចជួយឲ្យកុមារមួយ ចំនួននៅតែបន្តការរៀនសូត្របាន សេវាទាំងនេះមិនអាចជំនួស ឲ្យការរៀនផ្ទាល់បានឡើយ។ លើសពីនេះ លទ្ធភាពរៀនតាមប្រព័ន្ធអនឡាញនៅពុំទាន់មានសម្រាប់គ្រប់គ្នា ដោយកុមារជួបការលំបាក រួមទាំងកុមារមានពិការភាព កុមាររងផលប៉ះពាល់ពីការធ្វើចំណាកស្រុក និងក្រុមកុមារភាគតិចដែលពុំសូវទទួលបានការគាំទ្រ ត្រូវទទួលរងការខាតបង់ការសិក្សា ព្រោះពួកគេពុំមានលទ្ធភាព ទទួលបានការអប់រំតាមប្រព័ន្ធឌីជីថល។

ភស្តុតាង បង្ហាញពីការកើនឡើងនូវការថប់បារម្ភក្នុងចិត្ត ការធ្លាក់ទឹកចិត្ត និងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក្នុងចំណោមកុមារដែល ដល់វ័យចូលរៀន ចាប់តាំងពីពេលជំងឺរាតត្បាតជាសកលនេះ កើតឡើង។ កុមារដែលមិនបានទៅរៀនក្នុងថ្នាក់ផ្ទាល់ ក៏ជួបប្រទះនឹងភាពឯកាកាន់តែច្រើន ជាងមុន ពិបាកផ្ចង់អារម្មណ៍ និងមានអារម្មណ៍ថប់ បារម្ភពាក់ព័ន្ធនឹងការរៀនសូត្រក្នុងកម្រិតខ្ពស់ផងដែរ។ បញ្ហាទំាងនេះនឹងរឹតតែធ្ងន់ធ្ងរទៅៗ នៅពេល សាលារៀនត្រូវបន្តបិទទ្វារកាន់តែយូរ។

ការបិទទ្វារសាលារៀនក៏នាំឲ្យមានការ ថយចុះនូវសកម្មភាពការសិក្សា បង្កើតទម្លាប់ញ៉ាំអាហារមិនល្អ និងបង្កការរំខានដល់ដំណេក។ សម្រាប់កុមារមួយចំនួន ការចំណាយ ពេលនៅផ្ទះនាំឲ្យហានិភ័យប្រឈមនឹងអំពើហិង្សាមានការកើនឡើង ហើយការចំណាយពេលកាន់តែយូរជាមួយ នឹងអេក្រង់នាំឲ្យហានិភ័យទទួល រងការរំលោភបំពានតាមប្រព័ន្ធអនឡាញកាន់តែកើនឡើង។ ជាមួយនឹងការបិទទ្វារសាលារៀន ច្រកផ្លូវសំខាន់ៗដើម្បីកំណត់ និងរាយការណ៍ពីករណី រំលោភបំពាន និងបញ្ហាសុខភាពផ្លូវចិត្ត ក៏ត្រូវបិទជិតផងដែរ។

ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីជិតពាក់កណ្តាល សាលារៀនបានបិទទ្វារជាង ២០០ ថ្ងៃហើយ ក្នុងអំឡុងពេលនៃ ការរាតត្បាតជាសកលនៃជំងឺនេះ។ តំបន់នេះគួរត្រៀមខ្លួនទប់ទល់នឹងការ ថយចុះនូវជំនាញអំណាន និងគណិតវិទ្យារបស់កុមារ ទាំងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ក៏ដូចជាគម្លាតលទ្ធផលសិក្សា កាន់តែធំរវាងកុមារជួបការលំបាក និងកុមារមានលទ្ធភាព។

ធនាគារអភិវឌ្ឍន៍អាស៊ីបានព្រមានថា ការខាតបង់ការរៀនសូត្រ ដែលបង្កឡើងដោយសារការបិទទ្វារ សាលាអូសបន្លាយពេលយូរ នឹងនាំឲ្យផលិតភាព ព្រមទាំងលទ្ធភាពរកចំណូលពេញ មួយជីវិតរបស់សិស្សដែលរងផលប៉ះពាល់នៅក្នុងតំបន់នេះ ក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់នា ពេលអនាគត។ ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា តម្លៃបច្ចុប្បន្ននៃការខាតបង់នេះគឺស្មើនឹង ១,២៥ ទ្រីលានដុល្លារ ឬ ៥,៤% នៃផសស ឆ្នាំ ២០២០ របស់តំបន់នេះ។ គោលដៅអភិវឌ្ឍន៍ចីរភាពឆ្នាំ២០៣០ សម្រាប់ការអប់រំ កំពុងតែជួបការលំបាករួចទៅហើយ មុនពេលដែលមានជំងឺរាតត្បាតជាសកលនេះ។ ឥឡូវនេះ យូនីសេហ្វ និងយូណេស្កូ ប៉ាន់ប្រមាណថាថវិកាអប់រំនៅក្នុងតំបន់នេះ ចាំបាច់ត្រូវកើនឡើងយ៉ាងហោចណាស់ ៧% ទើបអាចភ្ជាប់គម្លាតនេះ ដើម្បីសម្រេចតាមចំណុចដៅទាំងនេះ។

បើទោះជាការបិទទ្វារសាលារៀននាំឲ្យមានការខាតបង់យ៉ាងច្បាស់ក៏ដោយ ប្រទេសជាច្រើននៅតែអល់អែក ក្នុងការបើកសាលារៀនឡើងវិញ ដោយភ័យខ្លាចមានការកើនឡើង នូវករណីឆ្លងជំងឺនេះ។ ប៉ុន្តែនៅពេលនេះ យើងគួរផ្តោតការយកចិត្តទុក ដាក់លើការប្រើប្រាស់ចំណេះដឹងដែលយើងដឹងអំពីជំងឺកូវីដ-១៩ និងកុមារ ដើម្បីខិតខំរិះរកវិធីបើកដំណើរ ការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។

នៅទូទាំងសកលលោក ករណីឆ្លងលើកុមារមាននៃជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ថា មានចំនួន ភាគរយតិចតួចបំផុត។ កុមារដែលស្ថិតនៅក្នុងវ័យរៀន នៅបឋមសិក្សា និងកុមារតូចៗជាងនេះស្ថិតនៅក្នុងចំណោមក្រុមកុមារ ដែលទំនងជាអាចឆ្លងជំងឺនេះ ក្នុងកម្រិតតិចតួចបំផុត។ ហើយសូម្បីតែនៅពេលដែលពួកគេឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ពួកគេច្រើនតែមានរោគសញ្ញាស្រាល ជាងមនុស្សពេញវ័យ(ដូច្នេះហើយទើបកុមារទាំងនេះ ពុំបានរួមចំណែកធំដុំដល់ភាគរយ នៃករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬករណីបាត់បង់ជីវិត ដែលត្រូវបានរាយការណ៍)។ ការសិក្សាលើកុមារមកពី សាធារណៈរដ្ឋកូរ៉េ បានបង្ហាញថា កុមារដែលឆ្លងជំងឺនេះ មាន លទ្ធភាពតិចតួចក្នុងការចម្លងមេរោគនេះ ទៅកាន់មនុស្សដទៃ។

ជារួម សាលាបឋមសិក្សា សាលាមត្តេយ្យសិក្សា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូច មិនមែនជាទីកន្លែងដែល មានហានិភ័យខ្ពស់នាំឲ្យមាន ការឆ្លងជំងឺនេះឡើយ ជាពិសេសប្រសិនបើ មានការអនុវត្តតាមវិធានការសុវត្ថិភាពឲ្យបានសមស្រប។ កម្រិតនៃការឆ្លងជំងឺនៅទីកន្លែងទាំងនេះ ត្រូវបានរកឃើញថាឆ្លុះបញ្ចាំង នឹងកម្រិតចម្លងនៅក្នុងសហគមន៍ជុំវិញផងដែរ។

ករណីលើកលែងដែលអាចមានគឺ សាលាមធ្យមសិក្សា (វិទ្យាល័យ) ដែលកន្លងមកករណីផ្ទុះជំងឺមាន ច្រើនជាងនៅសាលាបឋមសិក្សា។ ដោយសារតែក្មេងជំទង់ ហាក់បីដូចជាអាចចម្លងមេរោគនេះ ដូចគ្នានឹងមនុស្សពេញវ័យដែរ ការបិទផ្នែកខ្លះនៃ សាលាមធ្យមសិក្សាគួរនៅ តែជាជម្រើស ប៉ុន្តែគួរតែ ជាវិធានការចុងក្រោយ និងបិទតែរយៈពេលមួយ មានកំណត់នៅពេលករណីឆ្លងនៅក្នុង សហគមន៍កំពុងកើនឡើង។ នៅពេលដែលសាលារៀនត្រូវបាន បង្ខំឲ្យបិទទ្វារជាបណ្តោះអាសន្ន វិធានការបិទនេះ ត្រូវអនុវត្តស្របគ្នា និងវិធានការសុខភាពសាធារណៈ និងវិធានការសង្គមដទៃទៀត ដែលអនុវត្តនៅកម្រិតសហគមន៍។

ប៉ុន្តែជារួម ភស្តុតាងបង្ហាញយ៉ាងលើសលុប ពីភាពចាំបាច់ដែលសាលារៀន ជាពិសេស សាលាមត្តេយ្យសិក្សា និងបឋមសិក្សា ត្រូវបើកដំណើរការឡើងវិញ។ ភាពចាំបាច់បែបនេះក៏មាន ចំពោះមជ្ឈមណ្ឌលអភិវឌ្ឍន៍ កុមារតូចផងដែរ។ និយាយបែបនេះ មិនមែនមានន័យថា គ្មានហានិភ័យទាល់តែសោះនោះទេ។ ប៉ុន្តែហានិភ័យទាំងនេះ គឺជាអ្វីដែលគេអាចគ្រប់គ្រងបាន នៅពេលដែលមានការដាក់ ឲ្យអនុវត្តនូវយុទ្ធសាស្ត្រកាត់ បន្ថយហានិភ័យច្បាស់លាស់។ សេចក្តីណែនាំស្តីពីកាបើកសាលារៀន ក្នុងអំឡុងពេលដែលមានការរាតត្បាត ជាសកល របស់អង្គការសុខភាពពិភពលោក មានបញ្ចូលវិធានការជាច្រើន ដើម្បីកាត់បន្ថយការប្រឈម នឹងការចម្លងជំងឺកូវីដ-១៩។ វិធានការទាំងនេះ រួមមាន ការអនុវត្តអនាម័យផ្ទាល់ខ្លួន ការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ការរក្សាគម្លាតសុវត្ថិភាព ការប្រាស្រ័យទាក់ទងដោយ បានច្បាស់លាស់និងមានសង្គត្តិភាព ជាមួយនឹងមាតាបិតា និងកុមារ ដើម្បីធានាឲ្យមានការគោរព តាមវិធានការទាំងនេះ ទំាងនៅក្នុងថ្នាក់រៀន ទាំងនៅក្នុងអំឡុងពេលធ្វើសកម្មភាពក្រៅម៉ោងសិក្សា ក៏មានសារៈសំខាន់ដូចគ្នាផងដែរ។

អ្នកតាក់តែងគោលនយោបាយត្រូវពិចារណា ពីបរិបទនៅតាមមូលដ្ឋាននីមួយៗ នៅពេលបើកដំណើរការការរៀនសូត្រ នៅក្នុងសាលាឡើងវិញ ដូចជាកត្តានៃកម្រិតការ ឆ្លងក្នុងសហគមន៍ និងសមត្ថភាព ឆ្លើយតបចំពោះការកើនឡើង នៅករណីឆ្លងជាដើម។ នៅតាមទីកន្លែងមួយចំនួន សេវាសុខភាព និងសេវាអប់រំ ត្រូវការធនធានបន្ថែម ដើម្បីអនុវត្តវិធានការ សុវត្ថិភាពដែលចំាបាច់ទាំងនេះ។

ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ កិច្ចខិតខំប្រឹងប្រែងជារួមរបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ រួមទាំងបង្ការការកកើត និងឆ្លងសាយភាយ នៃពពួកមេរោគបំប្លែងខ្លួនថ្មីផងដែរ។

ដំណឹងល្អ គឺការបើកសាលារៀនឡើងវិញ មិនអាស្រ័យលើការមាន វ៉ាក់សាំងនោះឡើយ។ ពេលនេះ យើងចាំបាច់ត្រូវធ្វើការងារ ដើម្បីឈានទៅចាប់យក “គន្លងថ្មី” ប្រកបដោយចីរភាព ។ ខណៈពេលដែលហានិភ័យទាប ពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួល គ្រប់គ្រង ផលវិបាកដែលកើតឡើង ដោយសារតែពួកគេ នៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលារៀន ត្រូវបើកឡើងវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង