ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញថ្លៃសិក្សាជូននិស្សិតយោធាកម្ពុជា ៦នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍ដោយហេតុផលនយោបាយ

385

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបន្តបង់ថ្លៃសិក្សារហូតដល់ទីបញ្ចប់ សម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលត្រូវសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍ ដោយសារតែហេតុផលនយោបាយ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្តាច់អាហារូករណ៍ចំពោះនិស្សិតខ្មែរ៦នាក់ គឺជាសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំចំណាត់ការបន្ទាន់ និងចាំបាច់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិកតែម្តង។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងដូច្នេះថា៖ «ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និង នៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់ សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ»

សូមបញ្ជាក់ថានិស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សាតាមរយៈអាហារូករណ៍ នៅសាលាបណ្ឌិតសភាយោធាចំនួន៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់។និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។

ការសម្រេចផ្អាកអាហារូករណ៍នេះ បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលធ្វើការសម្រេចចិត្តដោយអសីលធម៌ ក្រោមហេតុផលនយោបាយ ខណៈដែលប្រទេសទាំងពីរមានភាពចម្រូងចម្រះក្នុងទំនាក់ទំនងកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង