ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភា អនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី

57

 

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៤០រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖

របៀបវារៈទី១៖ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤ ។
ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈ-កម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភាបានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋយើង។
សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋានតាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ការរៀបចំវេទិកា កិច្ចពិគ្រោះយោបល់ ការឈ្វេងយល់អំពីវឌ្ឍនភាពជាវិជ្ជមានក្រោយការរៀបចំវេទិកា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ គណៈកម្មការទាំង១០ និងក្រុមនានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភាបានចុះជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រឹទ្ធសភាសូមកោតសរសើរចំពោះរាជរដ្ឋា-ភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋអំណាចជាតិគ្រប់ជាន់ថ្នាក់ និងប្រជាជនយើងទាំងមូល ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្របខ័ណ្ឌទូទាំងប្រទេស ដោយសស្រាក់សស្រាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ធ្វើឱ្យប្រជាជាតិយើងមានកម្លាំងសាមគ្គីភាពផ្ទៃក្នុងជាតិ រឹងមាំ និងស័ក្តិសិទ្ធិ ដើម្បីរួមគ្នាប្រឆាំងជម្នះលើការលំបាកចំពោះមុខ។
ព្រឹទ្ធសភាសូមសម្តែងការដឹងគុណចំពោះប្រទេសជាមិត្តជិតឆ្ងាយ និងអង្គការ អន្តរជាតិនានាដែលបាននឹងកំពុងបន្តជួយកម្ពុជា ដើម្បីទប់ស្កាត់ និងជម្នះលើជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩។ ព្រឹទ្ធសភាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន ដៃគូនានា និងគ្រប់ស្ថាប័ន ជាតិ ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ។

របៀបវារៈទី២៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៨០សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
សេចក្តីព្រាងច្បាប់នេះពិតជាមានសារសំខាន់។ ផលប៉ះពាល់មានតិចតួចក្នុងកម្រិតអាចគ្រប់គ្រងបាន។ ផលប្រយោជន៍ទទួលបានពីគម្រោងមានទំហំធំធេង ដែលអាចរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃអគ្គិសនី។ កក្តានេះនឹងជំរុញបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងធានាមានអគ្គិសនីគ្របដណ្តប់គ្រប់ភូមិនាពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងនេះនឹងក្លាយទៅជាផ្នែកមួយនៃប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនីរបស់កម្ពុជា ដែលនឹងតភ្ជាប់បណ្តាញជាតិជាមួយនឹងប្រភពអគ្គិសនីនាំចូលពីប្រទេសថៃ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងឋាមពល អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៧៩សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ផលប្រយោជន៍ក្នុងការជួយទ្រទ្រង់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿន សមធម៌សង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃអគ្គិសនី និងការផ្គត់ផ្គង់អគ្គិសនីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិ។
នាពេលអនាគត ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះនឹងក្លាយទៅជាផ្នែកមួយនៃប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនីរបស់ប្រទេសកម្ពុជា ដែលនឹងតភ្ជាប់បណ្តាញជាតិ ជាមួយនឹងប្រភពអគ្គិសនីនាំចូលពីប្រទេសឡាវ ដែលរួមមានការនាំចូលពីប្រភពវារីអគ្គិសនី អានុភាព៧០០មេហ្គាវ៉ាត់ និងការនាំចូលពីប្រភពរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព២៤០០មេហ្គាវ៉ាត់ ដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីរួចហើយ។ ខ្សែបញ្ជូននេះនឹងធានាសន្តិសុខ និងស្ថិរភាពថាមពលរបស់ប្រព័ន្ធបណ្តាញជាតិ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងឋាមពល អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៧៩សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះ-រាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម មានសារសំខាន់ដើម្បីធានាការផ្គត់ផ្គង់ អគ្គិសនីឱ្យមានប្រសិទ្ធភាព និរន្តរភាព និងស្ថិរភាព ជាពិសេសដំណើរការឡើងវិញលើការផ្តល់លិខិត ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាកិច្ចព្រមព្រៀងថ្មីបន្តពីកិច្ចព្រមព្រៀងចាស់ដែលអស់សុពលភាព។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងឋាមពល អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៧៩សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើនេះ មានទំហំទុនវិនិយោគសរុបចំនួន ៣៨៩ ៤១៤ ០០៤ ដុល្លារអាមេរិក (បីរយប៉ែតសិបប្រាំបួនលាន បួនរយដប់បួនពាន់ បួនដុល្លារអាមេរិក) ស្ថិតនៅចំណុចប្រសព្វនៃដៃស្ទឹងចំនួន២ គឺស្ទឹងតាតៃ និងស្ទឹងកែប ក្នុងភូមិសាស្ត្រឃុំឫស្សីជ្រុំ និងឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
គម្រោងនេះវិនិយោគក្រោមរូបភាព ការសាងសង់ អាជីវកម្ម ផ្ទេរ (BOT) ដែលមានរយៈពេលសម្បទាន ៣៩ឆ្នាំ សាងសង់០៤ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម ៣៥ឆ្នាំ ដែលអាចផលិតថាមពលអគ្គិសនីប្រចាំឆ្នាំប្រមាណ ៥២៧ លានគីឡូវ៉ាត់ម៉ោង។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងឋាមពល អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៤០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង