តុលាការសម្រេចឃុំខ្លួនអតីតបុគ្គលិកជាន់ខ្ពស់ ផ្នែកលក់របស់ក្រុមហ៊ុនទិញលក់រថយន្តពីបទរំលោភលើទំនុកចិត្ត ដោយបន្លំប្រាក់ក្រុមហ៊ុនជិត២លានដុល្លាអាមេរិក
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានឃុំខ្លួនបុគ្គលឈ្មោះ ជា សុក្រឆាត អតីតបុគ្គលិកជាន់ខ្ពស់ផ្នែកលក់ របស់ក្រុមហ៊ុនទិញលក់រថយន្ត ពីបទរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ដែលបុគ្គលនេះ បានឃុបឃិតប្រព្រឹត្តបទល្មើសជាមួយបក្ខពួក បន្លំយកប្រាក់របស់ក្រុមហ៊ុនអស់ប្រមាណជិត (ពីរលានដុល្លារអាមេរិក)។
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាលេខ៖ ៤៦៦៨ ក.១.ដ.ឃ.ដ ចុះថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១ បង្គាប់ឲ្យឃុំខ្លួនឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ យកទៅដាក់ពន្ធនាគារព្រៃសរ (ម១) បន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តាមបណ្តឹងរបស់ក្រុមហ៊ុនទិញលក់រថយន្តបានបញ្ជាក់ថា ឈ្មោះ ជា សុក្រឆាត ធ្លាប់មានតួនាទីជាបុគ្គលិកជាន់ខ្ពស់ផ្នែកលក់ បានឃុបឃិតគ្នាជាមួយអតីតបុគ្គលិកផ្សេងទៀត ក្លែងបន្លំកិច្ចសន្យាទិញលក់រថយន្ត និង ក្លែងបន្លំរៀបចំឯកសារទិញលក់រថយន្តរាប់រយគ្រឿងចូលក្នុងក្រុមហ៊ុន ដោយប្រើរូបភាពបំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និងរៀបចំឯកសារបន្លំ លាក់បាំងពីស្ថានភាពរបស់រថយន្តចាស់ដែលប្រើប្រាស់រួច ដាក់ជារថយន្តថ្មីក្រដាស់ពន្ឋ ក្នុងគោលបំណងដើម្បីកេងចំណេញផលប្រយោជន៍ ពីក្រុមហ៊ុនយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
បុគ្គលនេះយកប្រាក់ពីអតិថិជនដែលបានបង់មកឲ្យក្រុមហ៊ុនរាប់ម៉ឺនដុល្លារ ទុកជាប្រាក់របស់ខ្លួន មិនព្រមប្រគល់ឲ្យក្រុមហ៊ុន ឃុបឃិតគ្នាជាមួយបក្ខពួក បន្លំអត្តសញ្ញាណធ្វើជាអតិថិជនមកទិញរថយន្តរាប់រយគ្រឿង ពីក្រុមហ៊ុន យករថយន្តទៅជួលបន្តឲ្យតតិយជនរកប្រាក់ចំណេញ។ ហើយក្រុមរបស់ខ្លួន (ជា សុក្រឆាត) បង់ប្រាក់ទិញរំលស់ចូលមកក្រុមហ៊ុនវិញនូវចំនួនទឹកប្រាក់តិចតួច លួចកាត់ឈ្មោះរថយន្តរបស់ក្រុមហ៊ុន ចុះបញ្ជីជាកម្មសិទ្ធិផ្ទាល់ខ្លួន យកប្រាក់កឹបកេងពីក្រុមហ៊ុននេះ ទៅទិញផ្ទះ ទិញដី បើកក្រុមហ៊ុនថ្មី រកស៊ីដោយខ្លួនឯង។ មិនតែប៉ុណ្ណោះបានធ្វើឲ្យបាត់ឯកសារច្បាប់ដើមរថយន្ត និង មិនបានដាក់ឯកសារច្បាប់ដើមចូលមកក្រុមហ៊ុន ជាច្រើនគ្រឿង ដោយយកលេសថា កំពុងដំណើការចុះបញ្ជីកាត់ឈ្មោះផ្ទេរសិទ្ធិ ធ្វើឲ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់អស់ជិត ២,០០០,០០០$ (ពីរលាន ដុល្លាអាមេរិក)។
តំណាងក្រុមហ៊ុនបានបន្តថា កន្លងមកមានអតិថិជនមួយចំនួន បានមករាយការណ៍ផ្ទាល់ដល់ក្រុមហ៊ុន និងបានធ្វើជាការសហការណ៍បំភ្លឺ ពីការសកម្មភាពប្រព្រឹត្តអំពើលួចបន្លំ របស់ឈ្មោះ ជា សុក្រឆាត ក៏ដូចជាការកឹបកេងប្រាក់របស់ក្រុមហ៊ុនដែលអតិថិជនបានបង់ប្រាក់គ្រប់ចំនួនជូនក្រុមហ៊ុនរួចហើយ តាមរយៈបុគ្គលឈ្មោះ ជា សុក្រឆាត ប៉ុន្តែបុគ្គលម្នាក់នេះមិនបានបង់ចូលមកក្រុមហ៊ុនទេ។
ដូច្នេះហើយ ក្រុមហ៊ុនសូមអំពាវនាវដល់អតិថិជនទាំងអស់ ដែលធ្លាប់បានចុះកិច្ចសន្យាទិញរថយន្តបង់រំលស់ជាមួយបុគ្គលឈ្មោះ ជា សុក្រឆាត ដោយប្រើប្រាស់នាមករណ៍ និង ត្រាក្រុមហ៊ុន ឬ បានកំពុងបង់ប្រាក់ទិញរំលស់រថយន្តប្រចាំខែ តាមរយៈបុគ្គលនេះ សូមចូលមកដោះស្រាយជាមួយក្រុមហ៊ុនផ្ទាល់ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងការខាតបង់ប្រាក់ និងផលប្រយោជន៍ស្របច្បាប់របស់អតិថិជន។
តំណាងក្រុមហ៊ុនសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះចំណាត់ការផ្លូវច្បាប់របស់តុលាការ ដែលបានសម្រេចចោទប្រកាន់ និងឃុំខ្លួនបុគ្គលនេះ ដោយតម្លាភាព និងត្រឹមត្រូវមិនលំអៀង ដើម្បីឲ្យក្រុមហ៊ុនវិនិយោគមួយនេះ ក៏ដូចក្រុនហ៊ុនដទៃផ្សេងទៀត ទទួលបានយុត្តិធម៌តាមផ្លូវច្បាប់យ៉ាងពិតប្រាកដ៕