សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែង នៅក្នុងកិច្ចប្រជុំកំពូល រវាងថ្នាក់ដឹកនាំ នៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ “ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” តាមប្រព័ន្ធវីដេអូ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាបឋម, ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះគណបក្សកុម្មុយនីស្តចិន និង ប្រជាជនចិន នៅក្នុងឱកាសដ៏មហោឡារិកនៃខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណបក្ស កុម្មុយនីស្តចិន និងការសម្រេចបានដោយជោគជ័យនូវ គោលដៅ ១០០ ឆ្នាំ លើកទី១ ក្នុងការកសាង សង្គម-សេដ្ឋកិច្ច ប្រកបដោយវិបុលភាពលើគ្រប់វិស័យសម្រាប់ប្រជាជន និងប្រទេសចិន ។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែល បានផ្តួចផ្តើម និងរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្ស នយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» ។ កិច្ចប្រជុំកំពូលនេះ ពិតជាមានសារៈសំខាន់ជាអនក ក្នុងការបង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនានា នៅលើពិភពលោក ក្នុងអំឡុងពេលដែលយើងទាំងអស់គ្នាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ។
ជាការពិតណាស់, សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញជូនពិភពលោកនូវភាពជោគជ័យ ជាទីមោទនៈរបស់ប្រជាជនចិន ក្នុងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជំរុញ កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គម-សេដ្ឋកិច្ច ជាពិសេសលើវិស័យបច្ចេកវិទ្យាទំនើប និងការប ក្លាយចិនទៅជាមហាអំណាចនៃពិភពលោក ។ ការរក្សាបាននូវស្ថិរភាពនយោបាយ និងការចាត់ទុក សុភមង្គល វិបុលភាព និងសុខមាលភាពរបស់ប្រជាជនជាស្នូល នៅក្នុងការសម្រេចចិត្តនយោបាយធំៗ របស់គណបក្សកុម្មុយនីស្តចិន គឺជាគំរូដ៏ល្អមួយ ដែលគណបក្សនយោបាយដទៃទៀតនៅលើពិភព លោក គប្បីរៀនសូត្រ ។ ក្នុងន័យនេះ, ក្នុងនាមខ្ញុំជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសចាប់ពីចំណុចសូន្យ, ខ្ញុំពិតជាអាចយល់បានយ៉ាងច្បាស់អំពីការតស៊ូ, ការលះបង់ និងការខិតខំពុះពារដ៏លំបាករបស់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន ។
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និង ទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោក រួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ ក្នុងស្មារតីនេះ, ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈមួយចំនួន អំពីតួនាទីរបស់គណបក្ស នយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖
ទីមួយ៖ ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន និងការគ្រោងខ្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និង ឯករាជ្យជាតិ នីមួយៗ ។ ក្នុងន័យនេះ, គណបក្សនយោបាយទាំងអស់, ទោះជាមាននិន្នាការណាក៏ដោយ, ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការ ដណ្ដើមអំណាចឱ្យខាងតែបាន តាមគ្រប់មធ្យោបាយ ដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យ ជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ ។ ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាល់នេះ, គណបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន, ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូច ជាក្នុងប្រទេសនីមួយៗ ។
ទីពីរ៖ ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យ ។ គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែងដើម្បីគោលដៅនេះ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ «វ៉ាក់សាំងពហុភាគី និយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់ ។ ក្នុងន័យនេះ, ខ្ញុំសូមសម្ដែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយគាំទ្រយ៉ាងក្លៀវក្លាដល់កម្ពុជា តាមរយៈការផ្ដល់ជំនួយ, ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ, និងជាពិសេស ជំនួយជា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួល និងការផ្ដល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំង ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយឥតលក្ខខណ្ឌ ដូចពាក្យ ស្លោកថា “មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន” ។
ទីបី៖ នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើប ឡើងវិញនៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន ។ ប្រការនេះ នឹងទាមទារឱ្យ មានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះ-ឈ្នះមួយដ៏សំខាន់ ក្នុងការលើកកម្ពស់សង្គម-សេដ្ឋកិច្ច និង វិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិ យោគ ។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចនាយករដ្ឋមន្រ្តី សូមសម្ដែងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងមុតមាំចំពោះ “គំនិតផ្តួច ផ្ដើមខ្សែក្រវាត់ និងផ្លូវ” ដែលនឹងនាំមកនូវវិបុលភាព និងសុភមង្គល ជូនដល់ប្រជាជននៅក្នុងបណ្តា ប្រទេស និងតំបន់ ស្ថិតក្រោមវិសាលភាពនៃគំនិតផ្តួចផ្តើមនេះ នៅក្នុងបរិបទនៃការងើបឡើងវិញន សង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ។
ជាទីបញ្ចប់, សម្តេចតេជោ សូមអបអរសាទរជាថ្មីម្តងទៀតជូនដល់គណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនៃខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ