សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល(UPF)
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young ho តំណាងលោកជំទាវបណ្ឌិត Hak Ja Han Moon ។
កិច្ចប្រជុំពិភាក្សានេះ គឺផ្ដោតសំខាន់ព័ន្ធទៅលើការងារបន្ត រួមមាន៖
ទី១) ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលនៅខែវិច្ឆិកាខាងមុខនៅប្រទេសកូរ៉េខាងត្បូង ដែលប្រធានបទសំខាន់ទាក់ទងទៅនឹងសន្តិភាពនៅក្នុងតំបន់អាស៊ី
ទី២) ពាក់ព័ន្ធនឹងការ គោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ធ្វើជាសហប្រធានកិត្តិយសនៃការរៀបចំកិច្ចប្រជុំដ៏ធំនោះ
ទី៣) ពាក់ព័ន្ធទៅនឹងពានរង្វាន់សន្តិភាពស៊ុនហាក់។
នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖
ចំណុចទី១) សម្តេចតេជោ គាំទ្រទៅលើផែនការ នៃការរៀបចំសកម្មភាពនៃកិច្ចប្រជុំ ព្រមទាំងផ្ដល់យោបល់មួយចំនួន និងគំនិតផ្ដួចផ្ដើមនៃកិច្ចប្រជុំនេះផងដែរ ។ ហើយសម្ដេចតេជោក៏បានយល់ព្រមទទួល ធ្វើជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះ ដោយសម្ដេចមានប្រសាសន៍ថា ប្រធានបទទាក់ទងទៅនឹងសន្តិភាពនេះ វាជារឿងសំខាន់បំផុតប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោកផងដែរ
ចំណុចទី២) សម្តេចតេជោ ក៏បានយល់ព្រមទទួលយកផងដែរ ទាក់ទងទៅនឹងសម្ដេច ជាបេក្ខភាពសម្រាប់ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ដោយសម្ដេចសង្ឃឹមថា កន្លងមកសម្ដេចបានចូលរួមសកម្មភាពជាច្រើន ក្នុងន័យកសាង និងរក្សាសន្តិភាព រួមជាមួយនឹងសកម្មភពជាមួយអង្គការ UPF ផងដែរ ។
ជាមួយគ្នានោះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភាគីកម្ពុជាសម្ដេចតេជោ បានចាត់ឲ្យលោកជំទាវ ឃួន សុដារី និងឯកឧត្តម សួស យ៉ារ៉ា ចូលរួមរៀបចំនៃកិច្ចប្រជុំនេះផងដែរ។
សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា អ្វីដែលសំខាន់ទៀតនោះ យើងគួរសហការគ្នា ក្នុងការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទន្លេមេគង្គ ដែលផ្តោតទៅលើការរក្សាបាននូវសន្តិសុខស្បៀងដែលកន្លងមក យើងក៏ធ្លាប់មានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ជាមួយនឹងក្របខណ្ឌមេគង្គកូរ៉េនេះផងដែរ៕