វឌ្ឍនភាព នៃការអភិវឌ្ឍការងារ ដាំឈើ ដោយវិស័យឯកជន នៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១នេះ បានចេញរបាយការណ៍ពី ការចូលរួមដាំឈើដោយវិស័យឯកជន ជាកត្តាចាំបាច់ក្នុងការជំរុញការសម្រេចបានគោលដៅ យុទ្ធសាស្ត្រជាតិលើវិស័យព្រៃឈើ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅ លើការគ្រប់គ្រងព្រៃឈើប្រកប ដោយនិរន្តរភាពតាមរយៈកំណែទម្រង់វិស័យព្រៃឈើ ដើម្បីផ្តល់ជាប្រយោជន៍ពិតប្រាកដសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានខិតខំធ្វើកិច្ចការជាច្រើនតាមគ្រប់រូបភាពរួមមាន ការជំរុញការអភិវឌ្ឍន៍ចម្ការឈើដាំទាំងរដ្ឋ ឯកជន និងដៃគូសហការដាំឈើឯកជន-រដ្ឋ រួមទាំងកម្មវិធីលើកទឹកចិត្តនានា ដល់អ្នកវិនិយោគថែមទាំង បានផ្សព្វផ្សាយទូលំទូលាយដល់វិស័យឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ ឱ្យមានការចាប់អារម្មណ៍ខ្ពស់ទៅលើការវិនិយោគ លើការដាំឈើ ព្រមទាំងផ្តល់នូវការធានាសិទ្ធិ ទាំងការដាំឈើ ប្រមូលផលឈើ និងជួយរកទីផ្សារផលិតផលឈើ និងការធានាផ្តល់ប្រឹក្សាបច្ចេកទេសលើការងារដាំឈើផងដែរ ក្នុងបំណងធ្វើយ៉ាងណាឱ្យវិសាលភាព លើចលនាចូលរួមពីគ្រប់ស្រទាប់មហាជន ទទួលបានការគាំទ្រខ្ពស់ និងទទួលជោគជ័យលើដំណើរការអនុវត្ត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា តម្រូវការឈើសម្រាប់សង់ផ្ទះគ្រឿងសង្ហារឹម ឈើថាមពល នៅតែមានតម្រូវការខ្ពស់ហើយការផ្គត់ផ្គង់ នៅមិនទាន់គ្រប់គ្រាន់នៅទ្បើយ ពីការប្រើប្រាស់ឈើធម្មជាតិ។ នាពេលបច្ចុប្បន្ននេះ ធនធានឈើដែលបានមកពីចម្ការឈើដាំ នៅមានកម្រិតទាបដែលនាំឲ្យមានកង្វះខាតឈើដាំ សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មក្នុងរោងចក្រកែច្នៃផលឈើ ដូចជាការផលិតក្តារបន្ទះ ឬវ៉ឺនៀល ឈើចំណិត ឈើថាមពល និងផលិតផលពាក់កណ្តាលសម្រេចផ្សេងៗទៀត ធ្វើឱ្យកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមឈើ ពីក្រៅសម្រាប់ប្រើប្រាស់ក្នុងស្រុកផងដែរ ដែលជាហេតុចាំបាច់ត្រូវការឱ្យមានការវិនិយោគបន្ថែម លើការដាំដុះឈើ និងការកែច្នៃ ដើម្បីបង្កើតការងារនៅមូលដ្ឋាន ការកាត់បន្ថយការពឹងអាស្រ័យលើព្រៃឈើធម្មជាតិ និងផ្តល់នូវវិភាគទានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងអាចកាត់បន្ថយបាន នូវការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះផងដែរ ការដាំដើមឈើលើដីទំនេរ ឬដីព្រៃឈើរេចរឹលរបស់រដ្ឋ ដើម្បីបង្កើតជាព្រៃឈើក្នុងទំហំតូចៗ ច្រើនកន្លែង គឺជាសកម្មភាពចាំបាច់មួយ ដោយលើកទឹកចិត្តឱ្យមានការចូលរួម ពីផ្នែកឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ នោះគឺអាចកាត់បន្ថយសម្ពាធប្រើប្រាស់ផល អនុផលព្រៃឈើដែល មានប្រភពចេញពីព្រៃធម្មជាតិ ផ្តល់ឱកាស ការងារ បង្កើនជីវភាព ផ្តល់ប្រាក់ចំណូលដល់ សហគមន៍មូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្រិតមូលដ្ឋាន និងជាផ្នែកមួយជំរុញការ អភិវឌ្ឍន៍សហគ្រាសខ្នាតតូច-មធ្យម ក្នុងន័យសម្រេចបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។
ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការអភិវឌ្ឍ និងការបង្កើតចម្ការឈើដាំ នៅលើផ្ទៃដីទំនេររបស់រដ្ឋ ដីព្រៃរេចរឹល ដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច សម្រាប់បង្កើនផលិតភាព និងសេវាកម្មព្រៃឈើធានា ដល់ការផ្គត់ផ្គង់ផលឈើដាំឈើ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស ដោយសហការ ជាមួយក្រុមហ៊ុនឯកជនមួយចំនួន ធ្វើការដាំឈើផលិតកម្ម ក្នុងរូបភាពជាដៃគូសហការរដ្ឋ និងឯកជន (PPP) លើផ្ទៃដីសរុបទំហំ ៨៤ ៣៩៤ហិកតា ស្ថិតនៅខេត្តស្ទឹងត្រែង ក្រចេះ ឧត្តរមានជ័យ មណ្ឌលគិរី និងដាំឈើដៃគូជាលក្ខណៈគ្រួសារចំនួន០៣ទីតាំង លើផ្ទៃដីសរុបទំហំ ៩ ៨០០ហិកតា ស្ថិតនៅខេត្តបន្ទាយមានជ័យ។ ជាក់ស្តែង ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ខូអិលធីឌី ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានទទួលសិទ្ធិសហការដៃគូ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាំដុះឈើលើផ្ទៃដីសរុបទំហំ៣៤ ០០៧ហិកតានៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដោយគិតត្រឹមឆ្នាំ២០២១នេះ ក្រុមហ៊ុនបានធ្វើការដាំដុះដើមប្រេងខ្យល់ និងអាកាស្យាលើផ្ទៃដីទំហំ ១១ ២៨០ហិកតា តាមផែនការប្រចាំឆ្នាំដែលបានគ្រោងទុក គឺឆ្នាំ២០២២ ដាំលើផ្ទៃដីទំហំទំហំ ១២ ៧២០ហិកតា ឆ្នាំ២០២៣ដាំលើផ្ទៃដីទំហំ ១៦ ០០០ហិកតា ក្នុងឆ្នាំ២០២៤ ដាំលើផ្ទៃដីទំហំ ២០ ០០០ហិកតា និងឆ្នាំ២០២៤ ដាំលើផ្ទៃដីទំហំ ២០ ០០០ហិកតា។
សរុបមកក្រុមហ៊ុនមានផែនការពង្រីកវិសាលភាពផ្ទៃដីដាំឈើឱ្យបាន៨០ ០០០ហិកតាត្រឹមឆ្នាំ២០២៥ខាងមុខ ដែលអាចផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការងារនេះ រាប់ពាន់នាក់ ជាមួយគ្នានេះដែរក្រុមហ៊ុន ក៏បានបង្កើតនូវមជ្ឈមណ្ឌលពិសោធន៍ សម្រាប់ផលិតកូនឈើប្រេងខ្យល់ តាមជាលិកាមួយកន្លែងដែលមានសមត្ថភាព ផលិតកូនឈើបាន ប្រមាណ៩លានដើមក្នុងមួយឆ្នាំ។ ការលើកទឹកចិត្តដល់អ្នកវិនិយោគជាកត្តាសំខាន់ ក្នុងការជំរុញការងារដាំឈើនេះ ដោយមូលហេតុការដាំឈើ ត្រូវការពេលយូរអង្វែង ដើម្បីប្រមូលផលវិញ ហើយការវិនិយោគទុនដំបូងច្រើន និងមានហានិភ័យផងដែរ។
លើសពីនេះ សម្រាប់ការជំរុញទូទាំងប្រទេស ផែនការយុទ្ធសាស្រ្តអភិវឌ្ឍព្រៃផ្តល់ផល(១០ឆ្នាំ) បានកំពុងរៀបចំទ្បើង ដោយផ្តោតសំខាន់ទៅលើការដាំឈើ ដើម្បីផ្គត់ផ្គង់ដល់វិស័យសំណង់ ថាមពល និងការនាំចេញក្រៅប្រទេស៕