ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើក្តីនឹករលឹក ដល់កុមារតូចៗ នៅអង្គការលើកស្ទួយប្រជាពលដ្ឋ និងអំពាវនាវរួមគ្នាអនុវត្ដវិធានការ ៣ការពារ ៣កុំ ចៀសឲ្យផុតជំងឺកូវីដ១៩

375

ភ្នំពេញ៖ ក្នុងឱកាស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាលើកទី៩ ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងសិស្សានុសិស្ស, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏ បានផ្ដាំផ្ញើចិត្ដនឹករលឹកជាសារសម្លេង តាមរយៈលោកស្រី ជូនដល់កុមារកុមារតូចដែលរស់នៅអង្គការខាងលើនេះផងដែរ។

តាមរយៈសារសំឡេងប្រមាណជា ៤០វិនាទី របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានថ្លែងថា «សូមជូនពរកូនៗទាំងអស់គ្នា ចៀសផុតពីជំងឺកូវីដ១៩ និងជូនពរកូនៗមានសិរីសួស្ដី សុភមង្គលនៅក្នុងឆាកជីវិត លើសពីនោះក៏ជូនពរដល់ស្ថាបនិកអង្គការផងដែរ ឱ្យមានសុខភាពល្អ ដើម្បីដឹកនាំកូនៗចៅៗតូចឆ្ពោះទៅរកអនាគតរៀងៗខ្លួន។ ម៉ាក់យាយ ផ្ដាំទៅចៅៗទាំងអស់ថា ត្រូវធ្វើយ៉ាងម៉េចការពារខ្លួន ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បីការពារ បីកុំ ត្រូវលាងដៃឱ្យស្អាត កុំដើរផ្ដេសផ្ដាសជាដើម»

ទន្ទឹមនឹងនោះ លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ មានក្តីរំភើបយ៉ាងក្រៃលែង ពេលបានស្តាប់សារសំឡេងផ្ទាល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈទូរស័ព្ទ ដែលបង្ហាញពីទឹកចិត្ដមាតាមនុស្សធម៌ មកដល់កូនចៅគ្រប់រូប ពិសេសទឹកចិត្តមេត្តា ករុណា យកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ដោយភ្ជាប់ជាមួយនឹងការលើកទឹកចិត្ត ជំរុញកូនៗកុមារឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត។

ក្នុងឱកាស ជួបសំណេះសំណាលនោះ លោកស្រី អគ្គលេខាធិការរងទី១ ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ថែមទៀត ពីការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសរបស់អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្ត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា, កុមារដែលរស់នៅក្នុងគ្រួសារក្រីក្រ និងរើសសំរាមជាដើម ឱ្យមានឱកាសទទួលបានការសិក្សាអប់រំ សិទ្ធិការពារ សិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម និងឈានទៅទទួលបានជោគជ័យក្នុងជីវិត ដោយមានការងារធ្វើសមរម្យ។

ក្នុងស្ថានភាពដ៏លំបាក ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាលើកទី៩ (គិតចាប់តាំងពីឆ្នាំ២០១៤) ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ សម្រាប់ជួយសម្រាលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងសិស្សចំនួន ៩៥នាក់ ដែលរស់នៅក្នុងអង្គការ ហើយដែលកំពុងបន្តបង្ហាត់បង្រៀន តាមរយៈប្រព័ន្ធអនឡាញដល់កុមារ និងសិស្សានុសិស្សចំនួន ១,០១០នាក់ ដែលជាបន្ទុករបស់អង្គការ ក្នុងឆ្នាំ២០២១នេះ។

សម្រាប់អំណោយ ដែលបានផ្តល់ជូនរួមមាន៖ អង្ករ៥តោន, មី៧០កេស, ត្រីខ១០កេស, ទឹកត្រី៦០ដប, ទឹកស៊ីអ៊ីវ៦០ដប, ទឹកក្រូច២០កេស, ទឹកសុទ្ធ៣០កេស, ផ្លែទំពាំងបាយជូរ៥កេស, ផ្លែប៉ោម៥កេស, ផ្លែក្រូចឃ្វិច ៥កេស ,នំបុ័ងដាក់សាច់៣០០ដើម, ម៉ាស់៥ពាន់បន្ទះ, អាល់កុល៦០លីត្រ និងថវិកា១០,០០០,០០០រៀល (ដប់លានរៀល)។ អំណោយខាងលើនេះ ជាព្រះរាជទានពី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាការឧបត្ថម្ភពីសប្បុរសជននានាតាមរយៈ កាកបាទក្រហមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង